31 C
Phnom Penh

លោក សម រង្ស៊ី អះអាង​ថា​នឹង​វិល​ចូល​កម្ពុជា​វិញ បន្ទាប់ពី​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស​តតាំង​ជាមួយ​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី គ្រោង​នឹង​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស ឬ​រដ្ឋាភិបាល​និរទេស​ជាមួយ​មន្ត្រី​បក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រៅ​ប្រទេស​ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បី​តតាំង​ជាមួយ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ហើយ​ក៏​ជា​ថ្ងៃ​លោក​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ផង​ដែរ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បង្ហោះ​វីដេអូ​កិច្ចសម្ភាសន៍​ពិសេស​មួយ​ជាមួយ​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៥ កក្កដា ថា ថ្ងៃ​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស ក៏​ជា​ថ្ងៃ​ដែល​លោក​វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​ដែរ។

លោក​បញ្ជាក់​ថា ក្តី​សង្ឃឹម​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​ចង់​បាន​ប្រជាធិបតេយ្យ​ពិតប្រាកដ នឹង​ងើប​ឡើងវិញ​ដើម្បី​តតាំង​ជាមួយ​រដ្ឋាភិបាល​ខុស​ច្បាប់​ដែល​ដឹកនាំ​ដោយ​ត្រកូល​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ។

លោក សម រង្ស៊ី លើកឡើង​ថា បើ​ប្រៀបធៀប​រវាង​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​ក្រៅ​ប្រទេស​ដែល​លោក​គ្រោង​នឹង​បង្កើត​ឡើង គឺ​ខុស​ច្បាប់​ដូច​គ្នា ព្រោះ​រដ្ឋាភិបាល​ក្រៅ​ប្រទេស​មិន​អាច​បំពេញ​លក្ខខណ្ឌ​ផ្លូវច្បាប់​នៅ​ប្រទេស​កម្ពុជា​បាន​ទេ ដោយសារតែ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន​តាម​កម្ចាត់ និង​បំផ្លាញ ដូចជា ការ​រារាំង​មិន​ឱ្យ​គណបក្ស​ប្រឆាំង​ចូលរួម​ការ​បោះឆ្នោត ជាដើម។

លោក​បន្ថែម​ថា ដោយសារតែ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា រំលោភ​ច្បាប់​មិន​ឱ្យ​បក្ស​ប្រឆាំង​ចូលរួម​ការ​បោះឆ្នោត និង​ចូលរួម​បោះឆ្នោត​តែ​ឯកឯង​បែប​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​រដ្ឋាភិបាល​មួយ​នេះ​ខុស​ច្បាប់ និង​គ្មាន​ការ​ទទួលស្គាល់​ពី​អន្តរជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា បើ​ប្រៀបធៀប​ភាព​ជា​តំណាង​ឱ្យ​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​វិញ រដ្ឋាភិបាល​ក្រៅ​ប្រទេស​ដែល​លោក​នឹង​បង្កើត​ឡើង នឹង​ក្លាយ​ជា​រដ្ឋាភិបាល​ដែល​តំណាង​ឱ្យ​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​ពិតប្រាកដ ខណៈ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​រដ្ឋាភិបាល​ដែល​បំផ្លាញ និង​ប្លន់​ឆន្ទៈ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ប៉ុណ្ណោះ។

លោក សម រង្ស៊ី បញ្ជាក់​ថា គម្រោង​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស​នេះ គឺ​ដោយសារតែ​លោក​មើល​ឃើញ​ថា ស្ថាប័ន​កំពូល​នៅ​កម្ពុជា ដូចជា ស្ថាប័ន​រដ្ឋសភា ស្ថាប័ន​រដ្ឋាភិបាល និង​ស្ថាប័ន​តុលាការ បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក ហ៊ុន សែន អស់​ហើយ ដូច្នេះ​ស្ថាប័ន​ទាំងនេះ​មិន​មែន​ជា​ស្ថាប័ន​ដែល​បម្រើ​ផល​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ទៀត​ទេ។

កាលពី​ចុង​ខែ​មិថុនា ឆ្នាំ​២០២៤ បុរស​ខ្លាំង​ប្រើ​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន លើកឡើង​ថា មន្ត្រី​បក្ស​ប្រឆាំង​ដែល​រស់នៅ​ក្រៅ​ប្រទេស កំពុង​ផ្ដួចផ្ដើម​បង្កើត​រដ្ឋាភិបាល​និរទេស​មួយ​នៅ​ឯ​បរទេស ដែល​ជា​រដ្ឋាភិបាល​ខុស​ច្បាប់ ដើម្បី​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​នៅ​កម្ពុជា ក្នុង​បំណង​បំផ្លាញ​សន្តិភាព និង​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហ៊ាន​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដើម្បី​កម្ចាត់​ឱ្យ​អស់​នូវ​អង្គការ​ចាត់តាំង​បក្ស​ណា​ក៏ដោយ​ដែល​នៅ​ក្នុង​ប្រទេស មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ជ្រុល​និយម ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ ដើម្បី​ទប់ស្កាត់​នូវ​ចរន្ត​ដែល​អាច​នាំ​គ្រោះថ្នាក់​ដល់​ប្រទេស​ជាតិ។

លោក ហ៊ុន សែន បញ្ជា​ឱ្យ​រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​កូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​ដទៃ​ទៀត ដើម្បី​កម្ទេច​បក្ស​នយោបាយ​ដែល​ធ្វើ​ជា​ដៃ​ជើង ឬ​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​និរទេស​របស់​មន្ត្រី​បក្ស​ប្រឆាំង​ដែល​កំពុង​រៀបចំ​បង្កើត​នៅ​ក្រៅ​ប្រទេស​នេះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ការ​ប្រកាស​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស​របស់​លោក សម រង្ស៊ី អាច​នឹង​ផ្តល់​ឱកាស​ឱ្យ​លោក ហ៊ុន សែន ធ្វើ​ទុក្ខបុកម្នេញ​សកម្មជន​បក្ស​ប្រឆាំង​នៅ​ក្នុង​ស្រុក​ដែល​មិន​ព្រម​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​កាន់តែ​ខ្លាំង​បន្ថែម​ទៀត ក្រោម​លេស​ថា ពួកគេ​បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ខុស​ច្បាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស