25 C
Phnom Penh

ប្រទេស​សម្ព័ន្ធភាព​នឹង​រុស្ស៊ី អំពាវនាវ​មហាអំណាច​នៅ​លើ​ពិភពលោក​ជួយ​រុស្ស៊ី និង​អ៊ុយក្រែន ចរចា​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​មេដឹកនាំ​ប្រទេស​ដែល​មាន​សម្ព័ន្ធភាព​នឹង​លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​មាន​ការ​ចរចា​ឡើងវិញ​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន។

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បាន​ប្រាប់​នាយករដ្ឋមន្ត្រី​ហុងគ្រី លោក Viktor Orban កាលពី​ថ្ងៃ​ចន្ទ ទី​៨ កក្កដា ថា បណ្ដា​ប្រទេស​មហាអំណាច​ទាំងអស់​គួរតែ​ជួយ​រុស្ស៊ី និង​អ៊ុយក្រែន ចាប់ផ្ដើម​កិច្ច​ចរចា​ដោយ​ផ្ទាល់​ឡើងវិញ។

លោក ស៊ី បាន​ថ្លែង​ដូចនេះ​នៅ​ចំពោះ​មុខ​លោក Orban ដែល​មក​ជួប​លោក​នៅ​ទីក្រុង​ប៉េកាំង។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន CCTV នៅ​ថ្ងៃ​អង្គារ ទី​៩ កក្កដា។

ចិន ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដទៃ​ទៀត​ដែល​បាន​បដិសេធ​ការ​ថ្កោលទោស​សង្គ្រាម​របស់​រុស្ស៊ី នៅ​អ៊ុយក្រែន។

តែ​កាលពី​ឆ្នាំ​២០២៣ ក្រុង​ប៉េកាំង បាន​បញ្ចេញ​ផែនការ​សន្តិភាព​មួយ​សម្រាប់​បញ្ចប់​សង្គ្រាម​នេះ​ដែល​មាន ១២​ចំណុច។ ទោះជា​បែប​នេះ​ក្ដី ក្រុម​ប្រទេស​លោក​ខាងលិច រួម​ទាំង​អ៊ុយក្រែន ខ្លួន​គេ​ផង​ដែរ បាន​និយាយ​ថា ផែនការ​សន្តិភាព​របស់​ចិន គឺជា​ឱកាស​ឱ្យ​រុស្ស៊ី ដណ្ដើម​កាន់កាប់​ទឹកដី​អ៊ុយក្រែន បន្ថែម​ទៀត ព្រោះ​មិន​បាន​លើកឡើង​អំពី​ការ​ដក​ទ័ព​រុស្ស៊ី ចេញពី​អ៊ុយក្រែន។

សម្រាប់​លោក ស៊ី សហគមន៍​អន្តរជាតិ​គួរតែ​បង្កើត​លក្ខខណ្ឌ និង​ផ្ដល់​ជំនួយ​សម្រាប់​ភាគី​ទាំង​ពីរ​អាច​ឱ្យ​ពួកគេ​ចាប់ផ្ដើម​កិច្ចចរចា​ដោយ​ផ្ទាល់​ឡើងវិញ។

លោក ស៊ី ជីនពីង បាន​បញ្ជាក់​ថា៖ មាន​តែ​មហាអំណាច​ទាំងអស់​បញ្ចេញ​ការ​ខិតខំ​ប្រឹងប្រែង​ជួយ​ឱ្យ​មាន​ការ​ចរចា​ឡើងវិញ​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ទើប​អាច​ឱ្យ​មាន​បទ​ឈប់​បាញ់​មួយ​នៅ​ក្នុង​ជម្លោះ​នេះ​អាច​ចាប់ផ្ដើម។

លោក ស៊ី ក៏​បាន​បន្ថែម​ថា​ជា​ប្រយោជន៍​នៃ​គ្រប់​ភាគី​ទាំងអស់​ដើម្បី​បិទ​បញ្ចប់​ជម្លោះ និង​ស្វែងរក​ដំណោះស្រាយ​នយោបាយ​មួយ​ឱ្យ​ឆាប់។

នៅ​ក្រោយ​កិច្ចប្រជុំ​ជាមួយ​លោក ស៊ី ជីនពីង លោក Viktor Orban បាន​សរសេរ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម X ថា ចិន​គឺជា​មហាអំណាច​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​ជួយ​បង្កើត​លក្ខខណ្ឌ​សម្រាប់​សន្តិភាព​នៅ​ក្នុង​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ហើយ​នេះ​ជា​ហេតុផល​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េកាំង។

លោក Orban ដែល​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ហុងគ្រី ជា​សមាជិក​នៃ​អង្គការ​យោធា NATO សម្រេច​ទៅ​ទីក្រុង​ប៉េកាំង ខណៈ​មេដឹកនាំ NATO កំពុង​ប្រជុំ​គ្នា​នៅ​ក្រុង​វ៉ាស៊ីនតោន ដែល​មាន​រយៈពេល ៣​ថ្ងៃ ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១ កក្កដា។ លោក Orban បាន​ទៅ​ទីក្រុង​គៀវ ហើយ​បាន​ជួប​នឹង​លោក​ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី។ ក្រោយ​មួយ​ថ្ងៃ លោក​ក៏​បាន​ទៅ​ទីក្រុង​មូស្គូ ហើយ​ក៏​បាន​ជួប​នឹង​លោក ពូទីន ផង​ដែរ។

លោក​បាន​ហៅ​ការ​ធ្វើ​ដំណើរ​របស់​លោក​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន ទៅ​ប្រទេស​រុស្ស៊ី និង​ប្រទេស​ចិន គឺជា​បេសកកម្ម​សន្តិភាព។ តែ​លោក Orban ជា​មេដឹកនាំ​អឺរ៉ុប​ម្នាក់​គត់​តែងតែ​ជំទាស់​មិន​ឱ្យ​ក្រុម NATO និង​សហភាព​អឺរ៉ុប បញ្ជូន​ជំនួយ​យោធា​ទៅ​ឱ្យ​អ៊ុយក្រែន។ លោក Orban ត្រូវ​បាន​ពួក​បស្ចិម​ប្រទេស​ហៅ​ថា​ជា​មេដឹកនាំ​អឺរ៉ុប​ម្នាក់​ដែល​អាយ៉ង​របស់​ក្រុង​មូស្គូ។

ជាមួយ​គ្នា​នេះ​ដែរ នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ដែល​មាន​សម្ព័ន្ធភាព​នឹង​លោក ពូទីន ក៏​បាន​ទៅ​កាន់​ទីក្រុង​មូស្គូ ផង​ដែរ។ លោក​បាន​ទៅ​ដល់​ក្រុង​មូស្គូ កាលពី​ថ្ងៃទី​៨ កក្កដា។ នៅ​ទីក្រុង​មូស្គូ លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន បាន​ទទួល​ស្វាគមន៍​លោក ម៉ូឌី យ៉ាង​កក់ក្ដៅ និង​បាន​ជូន​លោក ម៉ូឌី ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ជុំវិញ​ភូមិគ្រឹះ​របស់​លោក​ស្ថិត​នៅ​ជាយ​ទីក្រុង​មូស្គូ នៅ​មុន​ជំនួប​ផ្លូវការ​នៅ​ឯ​វិមាន​ក្រឹមឡាំង។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន TASS នៃ​ប្រទេស​រុស្ស៊ី លោក ពូទីន បាន​ទទួល​ស្វាគមន៍​លោក ម៉ូឌី ប្រៀប​ដូចជា​មិត្ត​សម្លាញ់ ហើយ​និយាយ​ថា លោក​ពិត​ជា​សប្បាយ​រីករាយ​ណាស់​ដែល​បាន​ជួប​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា។

ឥណ្ឌា ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រុស្ស៊ី ក៏​បាន​បដិសេធ​ការ​ថ្កោលទោស​សង្គ្រាម​របស់​លោក ពូទីន នៅ​អ៊ុយក្រែន តែ​ក្រុង​ញូវដែលី បាន​អំពាវនាវ​ឱ្យ​បិទ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន តាមរយៈ​ការ​ចរចា។

ជុំវិញ​វត្តមាន​របស់​លោក ម៉ូឌី ទៅ​ជួប​លោក ពូទីន ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ម៉ូឌី ទៅ​កាន់​រុស្ស៊ី អាច​កាន់តែ​បង្កើន​ការ​ព្រួយបារម្ភ ព្រោះ​ជា​ការ​លើក​ទឹកចិត្ត​ក្រុង​មូស្គូ បន្ត​បង្កើន​សង្គ្រាម​នៅ​អ៊ុយក្រែន។

ចំពោះ​លោក Viktor Orban ដែល​ហៅ​ខ្លួនឯង​ថា​ជា​បេសកជន​សន្តិភាព​ក្នុង​ឋានៈ​ជា​ប្រធាន​ប្ដូរ​វេន​នៃ​ក្រុមប្រឹក្សា​អឺរ៉ុប មិន​ត្រូវ​បាន​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី គាំទ្រ​នោះ​ទេ។ លោក ហ្សេឡេនស្គី និយាយ​ថា នាយករដ្ឋមន្ត្រី​ហុងគ្រី មិន​អាច​សម្រុះសម្រួល​ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​រយៈពេល​ជិត ២៩​ខែ​បាន​ឡើយ។

លោក ហ្សេឡេនស្គី បញ្ជាក់​ថា មាន​តែ​មហាអំណាច​ដូចជា​ចិន សហរដ្ឋ​អាមេរិក ឬ​មួយ​ក៏​សហភាព​អឺរ៉ុប ដែល​អាច​ដើរ​តួនាទី​បែប​នេះ​បាន។

លោក ហ្សេឡេនស្គី ពន្យល់​ថា មាន​តែ​ប្រទេស​មហាអំណាច​ដែល​មាន​សេដ្ឋកិច្ច និង​កងកម្លាំង​ប្រដាប់​អាវុធ​រឹងមាំ​ខ្លាំង​ជាង​រុស្ស៊ី ទេ ទើប​អាច​ដើរ​តួនាទី​ជា​អ្នក​ជួយ​សម្រុះសម្រួល​ជម្លោះ​បាន។

តាម​ប្រធានាធិបតី​អ៊ុយក្រែន រូប​នេះ សហរដ្ឋ​អាមេរិក និង​ចិន ព្រមទាំង​សហភាព​អឺរ៉ុប អាច​បំពេញ​បេសកកម្ម​សម្រុះសម្រួល​ឱ្យ​មាន​ការ​ចរចា​ឡើងវិញ។

លោក ហ្សេឡេនស្គី បញ្ជាក់​ថា ជំនួប​របស់​លោក Orban ជាមួយ​លោក ពូទីន មិន​មាន​ពាក់ព័ន្ធ​ជាមួយ​ទីក្រុង​គៀវ ទេ។

កាលពី​ថ្ងៃទី​១៦ មិថុនា ប្រទេស​ជិត ១០០ ដែល​បាន​ចូលរួម​សន្និសីទ​អន្តរជាតិ​សន្តិភាព​សម្រាប់​ប្រទេស​អ៊ុយក្រែន ធ្វើ​ឡើង​នៅ​ប្រទេស​ស្វីស ក្នុង​នោះ ៨៤​ប្រទេស​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម។ សេចក្ដី​ថ្លែងការណ៍​រួម​នោះ​បាន​ទាមទារ​ឱ្យ​រុស្ស៊ី គោរព​អធិបតេយ្យភាព បូរណភាព​ទឹកដី​នៃ​ប្រទេស​អ៊ុយក្រែន។

ប្រទេស​ស្វីស ប្រកាស​ថា​នឹង​មាន​សន្និសីទ​លើក​ទី​២ នៅ​ចុង​ឆ្នាំ​២០២៤ ហើយ​ក៏​ស្នើ​ភាគី​រុស្ស៊ី មក​ចូលរួម​ផង​ដែរ។

ប្រធានាធិបតី​អ៊ុយក្រែន សង្ឃឹម​ថា​សន្និសីទ​អន្តរជាតិ​លើក​ទី​២ នេះ នឹង​នាំ​ទៅ​រក​ការ​ចរចា​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ហើយ​មាន​ភាគី​ទី​៣ ដែល​មាន​សក្ដានុពល​លើ​រុស្ស៊ី ជា​អ្នក​សម្រុះសម្រួល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស