ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden) និង​លោក វូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelensky) ប្រធានាធិបតី​អ៊ុយក្រែន ជួប​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​មេដឹកនាំ​ប្រទេស G7 នៅ​ទីក្រុង Hiroshima ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០២៣។

ព័ត៌មានអន្តរជាតិ

លោក បៃដិន ជឿ​ថា​អ៊ុយក្រែន​អាច​បញ្ឈប់​លោក ពូទីន ខណៈ​ណាតូ​ផ្ដល់​ខែល​ការពារ​ដែនអាកាស

By ឌឹ ខេមបូឌា ដេលី

July 12, 2024

ជំនួប​កំពូល​នៃ​មេដឹកនាំ NATO ចាប់ផ្ដើម​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំង ៣២ ប្ដេជ្ញា​បន្ត​ជួយ​ប្រទេស​អ៊ុយក្រែន។ កិច្ចប្រជុំ​កំពូល​ឆ្នាំ​នេះ សហរដ្ឋ​អាមេរិក​ជា​អ្នក​ទទួល​បន្ទុក​រៀបចំ ហើយ​ឆ្នាំ​នេះ​គឺជា​ខួប ៧៥​ឆ្នាំ​នៃ​ការ​បង្កើត​អង្គការ​សម្ព័ន្ធភាព​យោធា​អាត្លង់ទិច​ខាងជើង។ ជំនួប​កំពូល​មាន​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១ កក្កដា។

ជំនួប​កំពូល NATO ឆ្នាំ​នេះ​មាន​របៀបវារៈ​ជាច្រើន​ដែល​ត្រូវ​លើកឡើង តែ​ករណី​សង្គ្រាម​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន ជា​កម្មវត្ថុ​អាទិភាព​នៅ​ចំពោះ​មុខ​វត្តមាន​របស់​មេដឹកនាំ NATO។

ថ្លែង​នៅ​ចំពោះ​មុខ​មេដឹកនាំ NATO លោក ចូ បៃដិន បាន​សន្យា​ការពារ​អ៊ុយក្រែន យ៉ាង​ពេញ​ទំហឹង​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters លោក បៃដិន បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ដូចនេះ មិន​ត្រឹមតែ​ទៅ​កាន់​មេដឹកនាំ NATO នោះ​ទេ លោក​ក៏​ថ្លែង​ទៅ​កាន់​អ្នក​នយោបាយ និង​ពលរដ្ឋ​អាមេរិកាំង ព្រមទាំង​ទៅ​កាន់​សម្ព័ន្ធភាព​ក្រៅ NATO ផង​ដែរ។

លោក ចូ បៃដិន កំពុង​ប្រឈមមុខ​នឹង​សម្ពាធ​អ្នក​នយោបាយ​ក្នុង​បក្ស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ដែល​ស្នើ​ឱ្យ​លោក បៃដិន ដក​ខ្លួន​ចេញពី​ការ​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី​៥ ខែ​វិច្ឆិកា ខាងមុខ។

ការ​ដាក់​សម្ពាធ​របស់​អ្នក​នយោបាយ​ខាង​បក្ស​ប្រជាធិបតេយ្យ បន្ទាប់ពី​លោក បៃដិន ធ្វើ​មិន​បាន​ល្អ​នៅ​ឯ​វេទិកា​ជជែក​ដេញដោល​ជាមួយ​លោក ដូណាល់ ត្រាំ បេក្ខជន​មកពី​បក្ស​សាធារណរដ្ឋ កាលពី​ថ្ងៃទី​២៧ ខែ​មិថុនា ដែល​នាំ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​ថា លោក​អាច​នឹង​ចាញ់​ឆ្នោត​លោក ត្រាំ។

ទោះ​ជា​បែប​នេះ​ក្ដី លោក បៃដិន បាន​ច្រានចោល​ការ​ព្រួយបារម្ភ​មក​លើ​សុខភាព និង​វ័យ​របស់​លោក​ដែល​មាន​វ័យ ៨២​ឆ្នាំ។

លោក​បាន​ប្រកែក​យ៉ាង​ម៉ឺងម៉ាត់​ថា លោក​នឹង​មិន​ចុះចេញ​ដោយសារតែ​មាន​ការ​ព្រួយបារម្ភ​អំពី​អាយុ​របស់​លោក និង​អំពី​សមត្ថភាព​របស់​លោក ដើម្បី​ធ្វើ​យុទ្ធនាការ​នោះ​ទេ។ លោក​បន្ថែម​ថា ពលរដ្ឋ​អាមេរិកាំង ១៤​លាន​នាក់​បោះឆ្នោត​ឲ្យ​លោក​ជា​បេក្ខជន​ខាង​បក្ស​ប្រជាធិបតេយ្យ ឈរឈ្មោះ​ប្រធានាធិបតី​មួយ​អាណត្តិ​ទៀត ពោល​គឺ​ពុំ​មែន​អ្នក​ផ្សេង​ទេ។

លោក​បាន​ថ្លែង​ប្រាប់​គណបក្ស​របស់​លោក ឱ្យ​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ឡើងវិញ​ចំពោះ​ការ​គំរាមកំហែង​ដែល​បង្ក​ឡើង​ដោយ​លោក ដូណាល់ ត្រាំ។ លោក បៃដិន បាន​ប្ដេជ្ញា​បន្ត​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី ដោយ​អះអាង​ថា​មាន​តែ​រូបលោក​ទេ​ដែល​អាច​យក​ឈ្នះ​លោក ត្រាំ ដែល​ជាប់​ចោទ​ទាំង​បទឧក្រិដ្ឋ ទាំង​បទ​រដ្ឋប្បវេណី​ជាង ១០០​ករណី។

ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស​មហាអំណាច លោក បៃដិន បាន​បញ្ចេញ​សារ​ធ្ងន់ៗ​ទៅ​កាន់​លោក វ៉្លាឌីមៀ ពូទីន។ លោក​តាំងចិត្ត​ជួយ​ប្រទេស​អ៊ុយក្រែន ក្នុង​ការ​ប្រយុទ្ធ​តតាំង​ប្រឆាំង​រុស្ស៊ី។ លោក​ជឿ​ថា អ៊ុយក្រែន​អាច​បញ្ឈប់​លោក ពូទីន បាន។

ថ្លែង​ទៅ​កាន់​មេដឹកនាំ NATO លោក បៃដិន បាន​បញ្ជាក់​ថា លោក ពូទីន មិន​ចង់​បាន​អ្វី​ផ្សេង​ទេ ក្រៅតែ​ពី​ចង់​យក​អ៊ុយក្រែន មក​ដាក់​ក្រោម​ចំណុះ​របស់​ខ្លួន និង​ចង់​លុប​អ៊ុយក្រែន ចេញពី​ផែនទី​ពិភពលោក។

នៅ​ក្នុង​ជំនួប NATO លើក​នេះ សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន បាន​ប្រកាស​ថា​នឹង​ផ្ដល់​ប្រព័ន្ធ​ខែល ឬ​រនាំង​ការពារ​ដែនអាកាស​ទៅ​ឱ្យ​អ៊ុយក្រែន ថែម​ទៀត ក្នុង​នោះ​រួម​មាន​ទាំង​ប្រព័ន្ធ​មីស៊ីល Patriot ផង​ដែរ។

ការ​ប្រកាស​ពី​ការ​ផ្ដល់​ប្រព័ន្ធ​ការពារ​ដែនអាកាស​ឱ្យ​អ៊ុយក្រែន ធ្វើឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​រវាង​សហរដ្ឋ​អាមេរិក អាល្លឺម៉ង់ រូម៉ានី និង​ហុឡង់ដ៍ ក្នុង​កិច្ចប្រជុំ​កំពូល NATO ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។ សេចក្ដី​ថ្លែងការណ៍​ឱ្យ​ដឹង​ទៀត​ថា នៅ​ប៉ុន្មាន​ខែ​ខាងមុខ បណ្ដា​ប្រទេស​ជា​សម្ព័ន្ធមិត្ត​ក៏​មាន​បំណង​ផ្ដល់​ប្រព័ន្ធ​ការពារ​ដែនអាកាស​រាប់​សិប​គ្រឿង​បន្ថែម​ឱ្យ​អ៊ុយក្រែន ដែល​ធ្វើ​ឱ្យ​អ៊ុយក្រែន មាន​សមត្ថភាព​កាន់តែ​រឹងមាំ​ក្នុង​ការ​ការពារ​ដែនអាកាស​របស់​ខ្លួន។

ការ​ប្រកាស​ពី​ការ​ផ្ដល់​ប្រព័ន្ធ​ខែល​ការពារ​ប្រឆាំង​នឹង​មីស៊ីល​របស់​រុស្ស៊ី ធ្វើឡើង​បន្ទាប់ពី​អ៊ុយក្រែន បាន​អះអាង​ថា ជនស៊ីវិល​យ៉ាង​ហោច ៤៣​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​បាញ់​ស្រោច​ដោយ​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី លើ​ទីក្រុង​គៀវ និង​បណ្ដា​ក្រុង​ជាច្រើន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ហើយ​ក្នុង​នោះ មីស៊ីល​រុស្ស៊ី វាយប្រហារ​ចំ​មន្ទីរពេទ្យ​កុមារ។

តែ​ជាមួយ​គ្នា​នេះ ប្រធានាធិបតី Volodymyr Zelenskiy បាន​ទទូច​ដល់​បណ្តា​មេដឹកនាំ​នយោបាយ​សហរដ្ឋ​អាមេរិក ដែល​លោក​ថា​កុំ​រង់ចាំ​ដល់​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​នា​ខែ​វិច្ឆិកា ទើប​បង្ខំ​ធ្វើការ​សម្រេច​ចិត្ត​លើ​ការ​ជួយ​ដល់​ប្រទេស​របស់​លោក​ក្នុង​ការ​ប្រឆាំង​នឹង​សង្គ្រាម​ពី​រុស្ស៊ី។

លោក Zelenskiy បាន​ថ្លែង​ដូចនេះ​នៅ​ឯ​វិទ្យាស្ថាន Ronald Reagan មុន​កិច្ចប្រជុំ​កំពូល​នៃ​អង្គការ NATO។ លោក Zelenskiy បាន​ថ្លែង​ថា៖ នៅ​ទូទាំង​ពិភពលោក គេ​កំពុង​រង់ចាំ​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅ​ខែ​វិច្ឆិកា ហើយ​សូម្បីតែ​លោក ពូទីន ក៏​រង់ចាំ​ឱ្យ​ដល់​ខែ​វិច្ឆិកា ដូច​គ្នា​ដែរ។

លោក Zelenskiy ទទូច​ថា មិន​ត្រូវ​រង់ចាំ​ទេ គឺ​ត្រូវ​រួម​គ្នា​បង្កើន​ការ​ខិតខំ​ខ្លាំង​ថែម​ទៀត​ជួយ​អ៊ុយក្រែន ធ្វើ​យ៉ាងណា​ឱ្យ​អ៊ុយក្រែន មាន​ប្រៀប​ខ្លាំង​ជាង​រុស្ស៊ី ហើយ​អាច​រុញ​ទ័ព​រុស្ស៊ី ចេញពី​ទឹកដី​អ៊ុយក្រែន។ លោក Zelenskiy បញ្ជាក់​ថា ប្រជាជន​អ៊ុយក្រែន កំពុងតែ​តស៊ូ​ដើម្បី​ទទួល​បាន​ការ​សម្រេច​ចិត្ត​ជាក់លាក់​មួយ​ពី​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប។

លោក​ទទូច​សុំ​សហរដ្ឋ​អាមេរិក លើក​បម្រាម​ទាំងអស់​ដែល​ហាមឃាត់​ទ័ព​អ៊ុយក្រែន ប្រើប្រាស់​អាវុធ​សហរដ្ឋ​អាមេរិក វាយប្រហារ​ទៅ​លើ​ទឹកដី​រុស្ស៊ី រាប់​ទាំង​អតីត​ដែនដី​នៃ​ជ្រោយ​គ្រីមៀរ ផង ដោយ​មិន​ចាំបាច់​កំណត់​ថា​អាច​វាយប្រហារ​បាន​ត្រឹម​ព្រំដែន​រុស្ស៊ី ជាប់​នឹង​ព្រំដែន​អ៊ុយក្រែន នោះ​ទេ៕

© 2024, . All rights reserved.