29 C
Phnom Penh

ខ្មែរក្រោម​ស្នើ​ព្រះរាជា និង​នាយករដ្ឋមន្ត្រី​ខ្មែរ​បង្ហាញ​មេដឹកនាំ​យៀកណាម​អំពី​ស្ថានភាព​ខ្មែរក្រោម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគម​ខ្មែរ​កម្ពុជា​ក្រោម ស្នើ​ឱ្យ​ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី និង​ប្រធាន​រដ្ឋសភា​ខ្មែរ ផ្តល់​សេចក្តី​រាយការណ៍​ស្តីអំពី​ស្ថានភាព​ពលរដ្ឋ​ខ្មែរក្រោម​ជូន​ប្រធាន​រដ្ឋ​វៀតណាម លោក តូ ឡឹម ដែល​គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃទី​១២ និង​ថ្ងៃទី​១៣ ខែ​កក្កដា នា​ពេល​ខាងមុខ​នេះ។

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ បាន​ដាក់​លិខិត​ដាច់ដោយឡែក​ពី​គ្នា​ទៅ​កាន់​ព្រះមហាក្សត្រ​ខ្មែរ នាយករដ្ឋមន្ត្រី និង​ប្រធាន​រដ្ឋសភា​ខ្មែរ កាលពី​ថ្ងៃទី​៨ ខែ​កក្កដា ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១០ កក្កដា នេះ ដោយ​រៀបរាប់​ថា ការ​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរក្រោម​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​អយុត្តិធម៌ ការ​រើសអើង​ពូជសាសន៍​យ៉ាង​ធ្ងន់ធ្ងរ​ពី​អាជ្ញាធរ​វៀតណាម សព្វថ្ងៃ​នេះ។

ប្រភព​ដដែល​លើកឡើង​ថា ចាប់តាំងពី​ទឹកដី​កម្ពុជា​ក្រោម​ត្រូវ​បាន​បារាំង ប្រគល់​ទៅ​ឲ្យ​ប្រទេស​វៀតណាម​គ្រប់គ្រង​មក ពលរដ្ឋ​ខ្មែរក្រោម​ត្រូវ​រស់​ក្រោម​ការ​ត្រួតត្រា​របស់​វៀតណាម​យ៉ាង​វេទនា​ជាទីបំផុត។

សមាគម​នេះ​បន្ត​ថា អាជ្ញាធរ​វៀតណាម បាន​រំលោភ​សិទ្ធិមនុស្ស​ដោយ​ការ​ជេរ​ប្រមាថ ការ​មាក់ងាយ បន្ទាបបន្ថោក​លើ​ពលរដ្ឋ​ខ្មែរក្រោម​ឱ្យ​មាន​ការ​ឈឺចាប់​ឥត​ស្រាកស្រាន្ត ក្នុង​នោះ​ក៏​មាន​ការ​ចាប់​ខ្លួន​ព្រះសង្ឃ​ខ្មែរក្រោម​ផ្សឹក និង​ដាក់​ពន្ធនាគារ រួម​ជាមួយ​នឹង​ពលរដ្ឋ​ខ្មែរក្រោម​សរុប​ចំនួន ១៣​អង្គ និង​នាក់​ផង​ដែរ។

សមាគម​ខ្មែរ​កម្ពុជា​ក្រោម បញ្ជាក់​ថា ទង្វើ​របស់​អាជ្ញាធរ​វៀតណាម គឺជា​ការ​ប្រមាថ​មើលងាយ​ជា​សាធារណៈ​មក​លើ​អត្តសញ្ញាណ​ពូជសាសន៍​ខ្មែរ​ម្ចាស់​ទឹកដី​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ជា​ទង្វើ​ដែល​ផ្ទុយ​នឹង​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​ទាំងស្រុង។ លើស​ពី​នេះ ព្រះសង្ឃ​ជនជាតិ​វៀតណាម ក៏​បាន​ប្រមាថ​មើលងាយ​ជនជាតិ​ខ្មែរ​ជា​សាធារណៈ​ផង​ដែរ​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​៩ ខែ​កក្កដា ឆ្នាំ​២០២៤ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា ប្រធាន​រដ្ឋ​វៀតណាម លោក តូ ឡឹម នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១២ និង​ថ្ងៃទី​១៣ ខែ​កក្កដា ខាងមុខ​នេះ។

ក្រសួង​ការបរទេស​នៃ​ប្រទេស​កម្ពុជា បញ្ជាក់​ថា ប្រធាន​រដ្ឋ​វៀតណាម នឹង​ជួប​ជាមួយ​មហាក្សត្រ​ខ្មែរ នាយករដ្ឋមន្ត្រី និង​ប្រធាន​រដ្ឋសភា​ផង​ដែរ ដើម្បី​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​ដោយ​ផ្អែក​លើ​ស្មារតី​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ផល​ប្រយោជន៍​នៃ​ប្រទេស​ទាំង​ពីរ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ កក្កដា នេះ​ថា លោក​គាំទ្រ​ខ្លឹមសារ​ក្នុង​លិខិត​របស់​សមាគម​ខ្មែរក្រោម​ដែល​មាន​បំណង​លើកស្ទួយ​សិទ្ធិ​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរក្រោម ដើម្បី​កុំ​ឱ្យ​មាន​ការ​គាបសង្កត់​ពី​អាជ្ញាធរ​វៀតណាម ទាំងស្រុង។

លោក ម៉ែន ណាត លើកឡើង​ថា ពលរដ្ឋ​ខ្មែរក្រោម​ជា​ពលរដ្ឋ​ដើម ឬ​ជា​ពលរដ្ឋ​ម្ចាស់​ស្រុក ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ដាស់តឿន​រដ្ឋាភិបាល​វៀតណាម ឱ្យ​យកចិត្ត​ទុកដាក់​លើ​សិទ្ធិ​រស់នៅ​របស់​ពួកគេ។

លោក​បន្ត​ថា ការ​ស្នើ​របស់​រដ្ឋាភិបាល​កម្ពុជា​ក៏​មិន​ខុស​ដែរ ព្រោះ​រដ្ឋាភិបាល​វៀតណាម ក៏​តែងតែ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា យកចិត្ត​ទុកដាក់​លើ​ពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដែរ ខណៈ​ពលរដ្ឋ​វៀតណាម​ទាំងនោះ​រស់នៅ​ដោយ​ខុស​ច្បាប់​ថែម​ទៀត។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា បើ​រដ្ឋាភិបាល​កម្ពុជា​មិន​អើពើ​នឹង​សំណើ​នេះ​ទេ ទាំង​ពលរដ្ឋ​ខ្មែរក្រោម និង​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ទឹកដី​កម្ពុជា នៅតែ​បន្ត​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​បន្ត​ទៀត​ជាមិនខាន។

យ៉ាងណា​ក៏ដោយ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន តែង​អះអាង​ជារឿយៗ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​អាច​លូក​ដៃ​ចំពោះ​ការ​គ្រប់គ្រង​របស់​វៀតណាម លើ​ទឹកដី​កម្ពុជា​ក្រោម​នោះ​ទេ ព្រោះ​ជា​រឿង​ខុស​ច្បាប់ និង​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ប្រទេស​ដទៃ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស