29 C
Phnom Penh

មូលហេតុ​ខ្លះៗ​នាំ​ឱ្យ​ទេសចរ​ធ្លាក់​ចុះ​ចំនួន ក្រោយពី​ស្ថាបនា​អាកាសយានដ្ឋាន​អន្តរជាតិ​ទំនើបៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគ​នយោបាយ​អះអាង​ថា វិស័យ​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​ធ្លាក់​ចុះ​ដោយសារតែ​គេ​ចាត់ទុក​ជា​ប្រទេស​មាន​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ ហើយ​ទៅ​ថ្ងៃ​មុខ កម្ពុជា​អាច​នឹង​ដូច​ប្រទេស​កូរ៉េខាងជើង ដែល​ភ្ញៀវ​ទេសចរ​ចូល​ទៅ​កម្ពុជា គ្រាន់តែ​ដើម្បី​ស្រាវជ្រាវ​ពី​ទុក្ខវេទនា​របស់​ពលរដ្ឋ​ខ្មែរ​ជំនួស​ឱ្យ​ការ​ធ្វើ​ដំណើរ​កម្សាន្ត។

ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ លោក គឹម សុខ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៩ កក្កដា ថា អំពើ​ឧក្រិដ្ឋ​នៅ​ប្រទេស​កម្ពុជា​ដែល​បង្ក​ឡើង​ដោយ​រដ្ឋាភិបាល សុទ្ធតែ​ជា​កត្តា​ធ្វើ​ឱ្យ​បរទេស​មាន​ការ​ភ័យខ្លាច​រហូត​លែង​ហ៊ាន​ទៅ​លេង​ប្រទេស​កម្ពុជា​តែម្តង។

លោក​បន្ត​ថា ឧក្រិដ្ឋកម្ម​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ដូចជា ការ​ចាប់​សកម្មជន​បរិស្ថាន ឧក្រិដ្ឋកម្ម​នយោបាយ ដូចជា ការ​ចាប់​ខ្លួន​លោក កឹម សុខា និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ឧក្រិដ្ឋកម្ម​សេដ្ឋកិច្ច ដូចជា ការ​មិន​ធានា​បាន​នូវ​សុវត្ថិភាព​ចំណី​អាហារ និង​ឧក្រិដ្ឋកម្ម​លើ​ភ្ញៀវ​ទេសចរ​ដោយ​ការ​ប្រព្រឹត្ត​អំពើពុករលួយ​នៅ​ពេល​ដែល​ពួកគេ​ចូល​ទៅ​លេង ឬ​ចូល​ទៅ​ដើម្បី​ស្ទាបស្ទង់​ស្ថានភាព​ក្នុង​ការ​ធ្វើ​វិយោគ ជាដើម។

លោក គឹម សុខ អះអាង​ថា ការ​បាត់បង់​ភ្ញៀវ​ទេសចរ​មិន​ហ៊ាន​ទៅ​លេង​កម្ពុជា​បែប​នេះ ក៏​ជា​ការ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ដែរ​ថា ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​គ្មាន​សន្តិភាព​ទេ ខណៈ​សន្តិភាព​ដែល​លោក ហ៊ុន សែន ប្រកាស​គឺជា​សន្តិភាព​របស់​ជន​ផ្ដាច់ការ​ប៉ុណ្ណោះ ប៉ុន្តែ​មិនមែន​ជា​សន្តិភាព​ជាតិ​ខ្មែរ​ឡើយ។

អ្នកវិភាគ​នយោបាយ​រូប​នេះ​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​ដែល​ទៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ មិនមែន​មាន​បំណង​ទៅ​លេង​ដោយ​ទិញ​កញ្ចប់​ទេសចរណ៍​ដើម្បី​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ គឺ​ពួកគេ​គ្រាន់តែ​ឆៀង​ចូល​ទៅ​ដើម្បី​មើល​ប្រាសាទ​អង្គរវត្ត​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ដោយសារ​ពួកគេ​បារម្ភ​ពី​អសន្តិសុខ​ក្នុង​ការ​រស់នៅ។

លោក គឹម សុខ គូស​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​ខ្លះ​ទៅ​មើល​ប្រាសាទ​អង្គរវត្ត​ពេល​ព្រឹក ប៉ុន្តែ​ពេល​ល្ងាច​ពួកគេ​ទៅ​ស្នាក់នៅ​ប្រទេស​ថៃ ឬ​ប្រទេស​វៀតណាម វិញ ព្រោះ​ពួកគេ​ខ្លាច​សន្តិភាព​របស់​លោក ហ៊ុន សែន។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក រិន រដ្ឋ លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ថា ភ្ញៀវ​ទេសចរ​តែងតែ​ចង់​ឃើញ​អ្វី​ប្លែកៗ​ពី​ប្រទេស​កម្ពុជា ជាពិសេស​គេ​មើល​ប្រាសាទ​បុរាណ និង​តំបន់​កម្សាន្ត​ជា​លក្ខណៈ​ធម្មជាតិ​ផ្សេងៗ ប៉ុន្តែ​ដោយ​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ពេក ជា​ហេតុ​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ទាំងនោះ​ខ្លាច​មិន​ហ៊ាន​ទៅ​លេង​វិញ។

សព្វថ្ងៃ​នេះ គេ​សម្គាល់​ឃើញ​ថា វិស័យ​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា កំពុង​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ ខណៈ​ប្រទេស​ក្បែរ​ខាង​ខ្លួន ដូចជា វៀតណាម ថៃ និង​ឡាវ កំពុង​ទទួល​ភ្ញៀវ​ទេសចរ​យ៉ាង​គគ្រឹកគគ្រេង។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គី សេរីវឌ្ឍន៍ បាន​លើកឡើង​កាលពី​ថ្ងៃទី​៩ កក្កដា ថា មន្ត្រី​រដ្ឋាភិបាល​គួរ​ផ្លាស់​ឥរិយាបថ​ពី​ការ​ប្រតិកម្ម​តបត​នៅ​ពេល​មាន​ការ​រិះគន់ ទៅ​ជា​ការ​កែតម្រូវ​វិញ ដើម្បី​រក​វិធី​ដោះស្រាយ​បញ្ហា។ លោក​ថា មន្ត្រី​ខ្លះ​ព្យាយាម​បង្អួត​ពី​សកម្មភាព​របស់​ខ្លួន​ឱ្យ​ថ្នាក់​លើ​បាន​ឃើញ ជាជាង​ការ​ប្រឹងប្រែង​ដើម្បី​ប្រសិទ្ធភាព​ការងារ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស