មន្ត្រីជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធកម្ពុជា អះអាងថា នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យមន្ត្រីក្នុងជួរកងទ័ពបង្កើតក្រុមប្រតិកម្មវាយបកតាមកងពលរៀងៗខ្លួន ដើម្បីវាយប្រហារទៅលើស្ថាប័នសារព័ត៌មានឯករាជ្យដែលរិះគន់រដ្ឋាភិបាល។
មន្ត្រីក្នុងជួរកងទ័ពមួយចំនួនទម្លាយប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួននៅថ្ងៃទី១១ កក្កដា នេះថា កងពលនីមួយៗបានទទួលបទបញ្ជាពីលោក ហ៊ុន ម៉ាណែត ឱ្យបង្រៀនសមាជិកក្រុមវាយបក ឱ្យចេះប្រើប្រាស់បណ្ដាញសង្គម ដូចជា ហ្វេសប៊ុក ឬតិកតុក ជាដើម ដើម្បីតាមដានអ្នករិះគន់រដ្ឋាភិបាល និងធ្វើការវាយប្រហារត្រឡប់ទៅវិញ។
ប្រភពដដែលលើកឡើងថា មេៗខាងលើណែនាំសមាជិកក្រុមទាំងអស់ដែលមានតួនាទីតាមដានការផ្សាយផ្ទាល់របស់សារព័ត៌មាន The Cambodia Daily និងវិទ្យុអាស៊ីសេរី ជាដើម ថា ពួកគេមិនចាំបាច់ធ្វើអ្វីច្រើនទេ គ្រាន់តែសរសេរក្នុងប្រអប់បញ្ចេញមតិ ឬ Comment ដោយប្រើពាក្យជេរប្រមាថ គឺជាការស្រេចទៅហើយ ដូចជាពាក្យថា អាឡប់, វិទ្យុឆ្កួត, ផ្សាយឡប់ៗ ឬសារព័ត៌មានបម្រើបរទេស ជាដើម។
មន្ត្រីកងទ័ពទាំងនេះបញ្ជាក់ថា ក្រុមប្រតិកម្មវាយបកនេះមានតួនាទីតាមដាន និងធ្វើការវាយប្រហារពីរវេនក្នុងមួយថ្ងៃ គឺនៅពេលព្រឹក និងពេលល្ងាច ហើយពួកគេម្នាក់ៗត្រូវមានគណនីហ្វេសប៊ុកក្លែងក្លាយពី ៥ ទៅ ១០គណនី ដើម្បីចូលទៅជេរប្រមាថក្នុងប្រអប់បញ្ចេញមតិរាល់ការផ្សាយរបស់សារព័ត៌មាន The Cambodia Daily និងសារព័ត៌មានឯករាជ្យដទៃទៀតដែលហ៊ានផ្សាយការពិតអំពីប្រទេសកម្ពុជា។
ការអះអាងនេះ ធ្វើឡើងគឺដូចគ្នាទៅនឹងអ្វីដែលតែងតែកើតមានទៅលើសារព័ត៌មាន The Cambodia Daily សព្វថ្ងៃនេះ ព្រោះថារាល់ការផ្សាយផ្ទាល់ម្តងៗ តែងតែមានគណនីក្លែងក្លាយចូលមកជេរប្រមាថក្នុងប្រអប់បញ្ចេញមតិជាប្រចាំ ដូចជាពាក្យថា អាឡប់, វិទ្យុឆ្កួត, ផ្សាយឡប់ៗ ឬសារព័ត៌មានបម្រើបរទេស ជាដើម។
ជុំវិញបញ្ហានេះ មានសារសំឡេងបែកធ្លាយកាលពីពេលថ្មីៗនេះដែលបានណែនាំទៅកាន់ក្រុមប្រតិកម្មវាយបក ដោយនិយាយថា ជូនចំពោះមេបញ្ជាការ នាយទាហានទាំងអស់នៅក្នុងក្រុមប្រតិកម្មវាយបក សូមយកចិត្តទុកដាក់បន្តវាយប្រហារថែមទៀត។
ប្រភពសំឡេងដដែលលើកឡើងថា នៅមុនការបោះឆ្នោត និងក្រោយការបោះឆ្នោត សមាជិកក្រុមប្រតិកម្មវាយបកត្រូវប្រឆាំងជាមួយការរិះគន់របស់សារព័ត៌មាន ដោយត្រូវបង្ហាញនូវការគាំទ្ររដ្ឋាភិបាល។
ប្រភពដដែលបន្តថា សូមមេបញ្ជាការ និងនាយទាហានទាំងអស់មេត្តាយកចិត្តទុកដាក់ទៅលើបណ្ដាញសង្គមហ្វេសប៊ុកបន្តទៀត មិនថាពេលព្រឹក ឬពេលយប់ទេ សូមអនុវត្តតាមផែនការពីថ្នាក់លើឱ្យបានខ្ជាប់ខ្ជួន។
សារសំឡេងដដែលនេះ បញ្ជាក់ថា គ្មានអ្វីពិបាកនោះទេដែលគ្រាន់តែចូលទៅសរសេរក្នុង Comment ថា ព័ត៌មានឆ្កួតៗ និងព័ត៌មានបំពុលសង្គម ជាដើម ដូច្នេះសូមមេបញ្ជាការ នាយទាហានទាំងអស់នៅក្នុងក្រុមប្រតិកម្ម និងវាយប្រហារ អនុវត្តបទបញ្ជានេះឱ្យមានប្រសិទ្ធភាព។
របាយការណ៍ស្ដីពីការគំរាមឆ្លងដែនរបស់អង្គការ Freedom House ប្រចាំឆ្នាំ២០២៣ រកឃើញថា ប្រទេសចំនួន ២៥ បានដាក់គោលដៅវាយប្រហារទៅលើអ្នករិះគន់នៅក្រៅប្រទេស។ ក្នុងប្រទេសទាំង ២៥ នេះ ប្រទេសចំនួន ៣ ជាប់ជាប្រទេសអាក្រក់ជាងគេដែលដាក់កម្លាំងសម្ងាត់តាមវាយប្រហារអ្នករិះគន់នៅក្រៅប្រទេស រួមមាន កម្ពុជា រុស្ស៊ី និងប្រទេសចិន ចំណែកប្រទេសកម្ពុជាជាប្រទេសលំដាប់ទី២ បន្ទាប់ពីប្រទេសរុស្ស៊ី៕