29 C
Phnom Penh

តុលាការ​រុស្ស៊ី​ចេញ​ដីកា​ចាប់​ខ្លួន​ស្ត្រី​មេម៉ាយ​ជា​ភរិយា​របស់​មេ​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ធ្វើ​ឃាត​ក្នុង​ពន្ធនាគារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកស្រី Yulia Navalnaya ជា​ស្ត្រី​មេម៉ាយ​នៃ​ភរិយា​លោក Alexei Navalny មេ​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ធ្វើ​ឃាត​ក្នុង​ពន្ធនាគារ។ អ្នកស្រី​កំពុង​រស់នៅ​លើ​ទឹកដី​បណ្ដា​ប្រទេស​អឺរ៉ុប ជា​អ្នក​ភៀស​ខ្លួន​នយោបាយ។ អ្នកស្រី​សច្ចា​ថា​នឹង​បន្ត​ការងារ​នយោបាយ​ពី​ស្វាមី​របស់​ខ្លួន។

តែ​ចុងក្រោយ​នេះ អ្នកស្រី​វាយ​ចំអក​ប្រមាថ​តុលាការ ហើយ​និយាយ​ថា លោក ពូទីន ត្រូវតែ​ប្រឈមមុខ​នឹង​ការ​កាត់ទោស។

កាលពី​ថ្ងៃ​អង្គារ ទី​៩ ខែ​កក្កដា តុលាការ​មួយ​នៃ​ប្រទេស​រុស្ស៊ី ចេញ​ដីកា​បញ្ជា​ឱ្យ​ចាប់​ខ្លួន​អ្នកស្រី Yulia Navalnaya ជា​ភរិយា​របស់​លោក Navalny ដែល​ធ្វើឡើង​ក្នុង​ការ​ជំនុំជម្រះ​ក្ដី​ដោយ​អវត្តមាន​អ្នកស្រី។

ការ​ចេញ​ដីកា​ចាប់​ខ្លួន​ស្ត្រី​មេម៉ាយ​របស់​មេ​បក្ស​ប្រឆាំង​ល្បីល្បាញ​នៅ​រុស្ស៊ី ត្រូវ​គេ​ចាត់ទុក​ថា​ជា​ការ​បោស​សម្អាត​ទៅ​លើ​ក្រុម​ប្រឆាំង។ នេះ​បើ​យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន NBC News ចុះផ្សាយ​នៅ​ថ្ងៃទី​១២ ខែ​កក្កដា។

ស្ត្រី​មេម៉ាយ Navalnaya ដែល​រស់នៅ​ក្រៅ​ប្រទេស ប្រឈមមុខ​នឹង​ការ​ចាប់​ខ្លួន បើ​អ្នកស្រី​ត្រឡប់​មក​ប្រទេស​រុស្ស៊ី វិញ។ តុលាការ​ជាន់​ទាប​មួយ​នៃ​ទីក្រុង​មូស្គូ បាន​សម្រេច​ឱ្យ​ចាប់​ខ្លួន​ស្ត្រី​មេម៉ាយ​ជា​ភរិយា​របស់​មេ​បក្ស​ប្រឆាំង Alexei Navalny ក្រោម​បទ​ចោទ​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ជ្រុល​និយម​ប្រឆាំង​រដ្ឋាភិបាល​លោក​ប្រធានាធិបតី វ៉្លាឌីមៀ ពូទីន។

លោក Navalny គឺជា​សត្រូវ​នយោបាយ​ដ៏​មាន​ថាមពល​តែ​មួយ​គត់​ដែល​លោក ពូទីន បុរស​ខ្លាំង​ផុត​លេខ​នៃ​ពិភពលោក ចាប់​ដាក់​ពន្ធនាគារ​ច្រើន​ដង។ លោក Navalny បាន​ស្លាប់​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២៤ នៅ​ក្នុង​ពន្ធនាគារ​មួយ​នៅ​តំបន់​ដាច់ស្រយាល​ពី​ក្រុង​មូស្គូ។ គាត់​ត្រូវ​បាន​តុលាការ​លោក ពូទីន កាត់ទោស​ឱ្យ​មាន​ទោស ១៩​ឆ្នាំ ពី​បទ​ចោទ​ថា​ជា​មេខ្លោង​នៃ​ក្រុម​ជ្រុល​និយម។ តែ​ក្រុម​បស្ចិម​ប្រទេស បាន​ថ្កោលទោស​ដោយ​ចាត់ទុក​ថា​ជា​រឿង​នយោបាយ ហើយ​ថា​ការ​ស្លាប់​លោក Navalny ថា​ជា​ឃាតកម្ម​នយោបាយ​ប្រព្រឹត្ត​ដោយ​ការ​បញ្ជា​ពី​លោក ពូទីន។ តែ​អាជ្ញាធរ​ពន្ធនាគារ​អះអាង​ថា លោក Navalny ស្លាប់​ដោយសារ​ជំងឺ តែ​ពុំ​បាន​លម្អិត​អ្វី​ឡើយ។

លោក Navalny ត្រូវ​បាន​ចាប់​ខ្លួន និង​កាត់ទោស​ភ្លាមៗ​បន្ទាប់ពី​គាត់​បាន​វិល​ចូល​ក្រុង​មូស្គូ វិញ កាលពី​ខែ​មករា ឆ្នាំ​២០២១ ដោយ​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​អាល្លឺម៉ង់។ លោក​បាន​ទៅ​កាន់​មន្ទីរពេទ្យ​មួយ​នៅ​ប្រទេស​អាល្លឺម៉ង់ ដើម្បី​សង្គ្រោះ​បន្ទាន់ ដោយសារ​លោក​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដែល​សង្ស័យ​ថា​ភ្នាក់ងារ​សម្ងាត់​របស់​លោក ពូទីន ដាក់​ថ្នាំ​បំពុល​ប៉ង​សម្លាប់​លោក​កាលពី​ឆ្នាំ​២០២០។

ករណី​ស្លាប់​លោក Navalny អ្នកស្រី Navalnaya បាន​ចោទ​ត្រង់ៗ​ថា​ជា​អំពើ​របស់​លោក ពូទីន ដែល​អ្នកស្រី​សច្ចា​ថា​ត្រូវ​ធ្វើ​សកម្មភាព​នយោបាយ​ស្នង​ស្វាមី​របស់​ខ្លួន។ អាជ្ញាធរ​រុស្ស៊ី បាន​ច្រានចោល​ដែល​ថា​ករណី​លោក Navalny ពាក់ព័ន្ធ​នឹង​ផែនការ​ដាក់​ថ្នាំ​បំពុល។ នៅ​លើ​បណ្ដាញ​សង្គម X អ្នកស្រី​បាន​ចំអក​ឱ្យ​តុលាការ​ថា​ជា​អាយ៉ង​របស់​លោក ពូទីន។

ជាមួយ​គ្នា​នេះ អធិការបតី​អាល្លឺម៉ង់ Olaf Scholz បាន​កត់សម្គាល់​ថា អ្នកស្រី Navalnaya កំពុង​តស៊ូ​ដើម្បី​មរតក​របស់​ស្វាមី ហើយ​បាន​ប្រកាស​ថ្កោលទោស​វិធានការ​របស់​តុលាការ​ដែល​ចេញ​ដីកា​ចាប់​ខ្លួន​ស្ត្រី​មេម៉ាយ​នៃ​ភរិយា​របស់​អតីត​មេ​បក្ស​ប្រឆាំង​ដ៏​ក្លាហាន​រូប​នេះ។

ក្នុង​សំណុំរឿង​របស់​លោក Navalny មាន​សហការី​របស់​លោក មាន​ទាំង​អ្នក​កាសែត​ជាច្រើន​នាក់​ក៏​ត្រូវ​ចាប់​ខ្លួន និង​កាត់ទោស​ផង​ដែរ។

វិមាន​ក្រឹមឡាំង នៃ​របប​លោក ពូទីន បាន​បើក​យុទ្ធនាការ​វាយ​បង្ក្រាប​ក្រុម​ប្រឆាំង បង្ក្រាប​អ្នកកាសែត​ឯករាជ្យ ថែមទាំង​ពលរដ្ឋ​សាមញ្ញ មុន​ពេល​លោក ពូទីន បញ្ជា​ឱ្យ​លើក​ទ័ព​លុកលុយ​ប្រទេស​អ៊ុយក្រែន នៅ​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០២២។

តែ​ចំពោះ​លោក Navalny ដែល​ស្លាប់​ក្នុង​ពន្ធនាគារ គឺ​មួយ​ខែ​ប៉ុណ្ណោះ​ដែល​ប្រទេស​រុស្ស៊ី រៀបចំ​បោះឆ្នោត​ប្រធានាធិបតី ដែល​លោក Navalny នៅតែ​មាន​ឥទ្ធិពល​ជះ​លើ​បរិយាកាស​បោះឆ្នោត។

កាលពី​បោះឆ្នោត​នៅ​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៤ នេះ សឹងតែ​គ្មាន​គូប្រកួត​នឹង​លោក ពូទីន ទេ ព្រោះ​បេក្ខជន​ភាគច្រើន​ដែល​មាន​ថាមពល​នយោបាយ​ខ្លាំង ត្រូវ​រង​ការ​ចោទ ហើយ​ចេញ​ដីកា​ចាប់​ខ្លួន និង​ខ្លះ​ទៀត​ត្រូវ​បាន​ស្ថាប័ន​បោះឆ្នោត​របស់​ប្រទេស​រុស្ស៊ី ចេញ​សេចក្ដី​សម្រេច​បិទ​សិទ្ធិ​ឈរឈ្មោះ​ទៀត​ផង ក្រោម​លេស​ថា​មាន​លក្ខណៈ​សម្បត្តិ​មិន​គ្រប់គ្រាន់។ ចំណែក​អ្នក​ខ្លះ​ទៀត​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​បទឧក្រិដ្ឋ​ប្រឆាំង​រដ្ឋាភិបាល​លោក ពូទីន។

គ្មាន​គូប្រកួត​ដែល​មាន​ថាមពល​ខ្លាំង លោក ពូទីន បាន​ឈ្នះ​ភ្លូកទឹកភ្លូកដី​ជាមួយ​នឹង​អ្នក​ចេញ​ទៅ​បោះឆ្នោត​មាន​អត្រា​ទាប ខណៈ​ក្រុម​អ្នកគាំទ្រ​មេ​បក្ស​ប្រឆាំង​ដែល​ទទួល​មរណភាព Navalny បាន​ធ្វើ​ពហិការ​មិន​បោះឆ្នោត ទោះ​ជា​ពួកគេ​ទៅ​ដល់​ការិយាល័យ​បោះឆ្នោត​ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស