អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា អះអាងថា កម្ពុជាកំពុងប្រឈមនឹងការបាត់បង់សេរីភាពសារព័ត៌មានធ្ងន់ធ្ងរ នៅពេលដែលរដ្ឋាភិបាលបក្សកាន់អំណាចប្រើយុទ្ធនាការតាមបំបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់សារព័ត៌មានឯករាជ្យនៅក្រៅស្រុក ខណៈសារព័ត៌មានឯករាជ្យនៅក្នុងស្រុក ត្រូវបានបោសសម្អាតគ្មានសល់។
អតីតមន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១១ កក្កដា នេះថា សារព័ត៌មានឯករាជ្យចំនួន ៣ ដូចជា The Cambodia Daily, វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) បានរងនូវការវាយប្រហារពីក្រុមរបស់រដ្ឋាភិបាលកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដោយការចូលទៅជេរបញ្ចោរក្នុងប្រអប់បញ្ចេញមតិរាល់ពេលការផ្សាយម្តងៗ។
លោក ស៊ឹង សែនករុណា បង្ហាញថា ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៤ នេះ សារព័ត៌មាន The Cambodia Daily ត្រូវបានក្រុមវាយប្រហាររបស់រដ្ឋាភិបាលកម្ពុជាចូលទៅជេរបញ្ចោរជិត ៩លាន Comment, ចំណែកវិទ្យុអាស៊ីសេរី មានចំនួនជាង ៣លាន Comment ខណៈវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ក៏រងនូវការជេរប្រមាថជិត ៥សែន Comment ដែរ ហើយពួកគេសរសេរដូចៗគ្នា គឺដូចជាពាក្យថា ឈប់បានឈប់ទៅ, ផ្សាយឡប់ៗ, ផ្សាយបែកៗ និងពាក្យថា ផ្សាយលម្អៀង ជាដើម។
អតីតមន្ត្រីជាន់ខ្ពស់សង្គមស៊ីវិលរូបនេះបញ្ជាក់ថា ទង្វើរបស់រដ្ឋាភិបាលកម្ពុជាបែបនេះបានបង្ហាញយ៉ាងច្បាស់ពីការគំរាមកំហែងឆ្លងដែនដល់សិទ្ធិសេរីភាពបញ្ចេញមតិ ព្រោះសំណេរទាំងនោះមិនមែនជាការបញ្ចេញមតិនូវទស្សនៈផ្ទាល់ខ្លួនទេ ប៉ុន្តែជាយុទ្ធនាការដែលមានអង្គការចាត់តាំងពីក្រោយខ្នងប៉ុណ្ណោះ ដូច្នេះគឺមានហានិភ័យយ៉ាងធំធេងសម្រាប់សេរីភាពសារព័ត៌មាននៅកម្ពុជាទៅថ្ងៃមុខ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសារសំឡេងមួយត្រូវបានបែកធ្លាយជុំវិញការដាក់បទបញ្ជាឱ្យមន្ត្រីកងកម្លាំងប្រដាប់អាវុធ ប្រើគណនីហ្វេសប៊ុកក្លែងក្លាយវាយប្រហារលើសារព័ត៌មានឯករាជ្យនៅក្រៅស្រុកដែលរិះគន់រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃនេះ។
អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី លើកឡើងនៅក្នុងកម្មវិធីជជែកដេញដោលនេះដែរថា រដ្ឋាភិបាលកម្ពុជាមានផែនការគ្រប់បែបយ៉ាងដើម្បីបំបិទសំឡេងរិះគន់ពីក្រៅប្រទេស ក្នុងនោះ ដំណាក់កាលដំបូង ពួកគេបានបិទសេវាអ៊ីនធឺណិតក្នុងស្រុកមិនឱ្យដំណើរការសម្រាប់គេហទំព័ររបស់សារព័ត៌មានទាំងនេះ។
លោកអះអាងថា យុទ្ធនាការរបស់រដ្ឋាភិបាលបែបនេះ អាចនឹងខាតច្រើនជាងចំណេញ ព្រោះខ្លួនបានប្រើយុទ្ធនាការបិទមិនឱ្យមហាជនស្តាប់សារព័ត៌មានទាំងនេះម្តងរួចទៅហើយ ប៉ុន្តែបែរជាបើកឱ្យមន្ត្រីកងទ័ពទាំងនោះចូលទៅ Comment ជេរបញ្ចោរទៅវិញ។
បណ្ឌិត សេង សារី បញ្ជាក់ថា ការធ្វើបែបនេះក៏ជាឱកាសរបស់មន្ត្រីកងទ័ពទាំងនោះអាចស្តាប់សារព័ត៌មានទាំងនេះឡើងវិញដែរ ដែលអាចធ្វើឱ្យពួកគេអាចទទួលបានព័ត៌មានពិតពីស្ថានភាពរបស់ប្រទេសកម្ពុជាសព្វថ្ងៃនេះ ដូច្នេះអ្នកដែលចូលទៅសរសេរជេរបញ្ចោរទាំងនោះ ក៏មានអ្នកមិនចង់ធ្វើតាមបញ្ជាដែរ ទើបពួកគេទម្លាយសារសំឡេងទាំងនេះ។
ជុំវិញបញ្ហានេះ មន្ត្រីក្នុងជួរកងទ័ពមួយចំនួនទម្លាយប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួនថា នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យមន្ត្រីក្នុងជួរកងទ័ពបង្កើតក្រុមប្រតិកម្មវាយបកតាមកងពលរៀងៗខ្លួន ដើម្បីវាយប្រហារទៅលើស្ថាប័នសារព័ត៌មានឯករាជ្យដែលរិះគន់រដ្ឋាភិបាល ដូចជា សារព័ត៌មាន The Cambodia Daily និងវិទ្យុអាស៊ីសេរី ជាដើម៕