29 C
Phnom Penh

អ្នក​សង្កេតការណ៍​អំពាវនាវ​ឱ្យ​ស៊ើបអង្កេត​លោក ហ៊ុន តូ បន្ទាប់ពី​រក​ឃើញ​ជាប់​ពាក់ព័ន្ធ​ការ​បោកប្រាស់​តាម​អនឡាញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​សង្កេតការណ៍​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ការ​ស៊ើបអង្កេត​លើ​លោក ហ៊ុន តូ បន្ទាប់​ពី​ក្រុមហ៊ុន​វិភាគ​កាក់​ឌីជីថល Elliptic ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស បាន​រក​ឃើញ​ថា​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​បោកប្រាស់​តាម​បណ្ដាញ​អ៊ីនធឺណិត​ដ៏​ធំ​មួយ​ជា​លក្ខណៈ​អន្តរជាតិ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ កក្កដា នេះ​ថា ស្ថាប័ន​អន្តរជាតិ​តែង​មាន​របាយការណ៍​រឹងមាំ​មុន​នឹង​ពួកគេ​ចុះផ្សាយ ដូច្នេះ​នៅ​ពេល​ដែល​មាន​ការ​រក​ឃើញ​ថា​បុគ្គល​ណា​ម្នាក់​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ខុស​ច្បាប់​ជា​លក្ខណៈ​អន្តរជាតិ រដ្ឋាភិបាល​គួរ​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ហ្មត់ចត់ ដើម្បី​រក្សា​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា។

លោក សេក សុជាតិ លើកឡើង​ថា ការ​ស៊ើបអង្កេត​របស់​រដ្ឋាភិបាល គឺជា​វិធានការ​ដ៏​ល្អ​មួយ​ក្នុង​ការ​ឆ្លើយតប​ទៅ​កាន់​របាយការណ៍​របស់​ក្រុមហ៊ុន​វិភាគ​កាក់​ឌីជីថល Elliptic ដើម្បី​លាង​ជម្រះ​នូវ​ការ​មន្ទិល​សង្ស័យ​នានា​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ជាពិសេស​ត្រូវ​រក​ឲ្យ​ឃើញ​នូវ​អ្វី​ដែល​ពួកគេ​កំពុង​ខ្លាចរអា​ចំពោះ​ប្រទេស​ដែល​មាន​អំពើ​ខុស​ច្បាប់​បែប​នេះ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​រក​ឃើញ​ថា​របាយការណ៍​នោះ​មាន​ភាព​ខ្វះខាត ឬ​ចន្លោះ​ប្រហោង ឬ​ជា​របាយការណ៍​ដែល​បាន​វាយតម្លៃ​ក្នុង​កម្រិត​ណា​មួយ នោះ​រដ្ឋាភិបាល​គួរតែ​ចេញ​មុខ​បញ្ជាក់​ត្រឡប់​ទៅវិញ​ឱ្យ​បាន​ច្បាស់លាស់ ជាជាង​ការ​ដោះសា​ដែល​នាំ​ឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​របស់​រដ្ឋាភិបាល និង​កេរ្តិ៍ឈ្មោះ​របស់​ថ្នាក់​ដឹកនាំ។

ក្រុមហ៊ុន​វិភាគ​កាក់​ឌីជីថល Elliptic ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស បាន​រក​ឃើញ​ថា បងជីដូនមួយ​របស់​លោក ហ៊ុន ម៉ាណែត គឺ​លោក ហ៊ុន តូ គឺជា​ម្ចាស់​អាជីវកម្ម​ក្រុមហ៊ុន​បោកប្រាស់​តាម​បណ្ដាញ​អ៊ីនធឺណិត​ខ្មៅ​ដ៏​ធំ​មួយ​ឈ្មោះ​ក្រុមហ៊ុន ហួយ អាដេ គ្រុប (Huioun AD Group) ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុម​បោកប្រាស់​អន្តរជាតិ​ឈ្មោះ ហួយ ហ្គែរិនធី (Huioun Guarantee)។

ប្រភព​ដដែល​បង្ហាញ​ថា ក្រុមហ៊ុន​បោកប្រាស់​មួយ​នេះ​បាន​ធ្វើ​ប្រតិបត្តិការ​ឆបោក​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​ធ្វើការ​រកស៊ី​ក្នុង​ទីផ្សារ​អនឡាញ​ខ្មៅ​ងងឹត​ដែល​អាច​រក​ចំណូល​បាន​យ៉ាងហោច​ណាស់ ១១​ពាន់​លាន​ដុល្លារ​អាមេរិក​ចាប់តាំងពី​ឆ្នាំ​២០២១ មក។

ក្រុមហ៊ុន​របស់​លោក ហ៊ុន តូ បាន​ធ្វើការ​បោកប្រាស់​តាម​អនឡាញ ដូចជា ការ​បោក​បញ្ឆោត​ក្នុង​ទំនាក់ទំនង​ស្នេហា​ផ្លូវភេទ, ការ​បោកប្រាស់​ក្នុង​គម្រោង​វិនិយោគ, ការ​លាង​លុយ​កខ្វក់​ដែល​បោកប្រាស់​បាន​ពី​ជនរងគ្រោះ និង​ការ​ចាប់​ជំរិត ជាដើម។

ក្រុមហ៊ុន​អន្តរជាតិ​ដដែល​នេះ​បញ្ជាក់​ថា ក្រុមហ៊ុន​បោកប្រាស់​អនឡាញ​មួយ​នេះ​បាន​ពង្រីក​ការ​បោកប្រាស់​របស់​ខ្លួន​យ៉ាង​ឆាប់​រហ័ស​តាមរយៈ​ប្រតិបត្តិករ​បោកប្រាស់​ជាច្រើន​នៅ​អាស៊ី​អាគ្នេយ៍ ហើយ​លុយ​ដែល​ក្រុមហ៊ុន​នេះ​បោកប្រាស់​បាន បាន​ផ្ទេរ​ទៅ​កាន់​ប្រទេស​ជាច្រើន ដោយ​បំប្លែង​ទៅ​ជា​ទ្រព្យសម្បត្តិ​ផ្សេងៗ ដូចជា បំប្លែង​ទៅ​ជា​លុយ​សុទ្ធ ឬ​ផ្ទេរ​ទៅ​កម្មវិធី​ទូទាត់​ជា​លុយ​របស់​ចិន​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ លោក ហ៊ុន តូ ក៏​ត្រូវ​គេ​រក​ឃើញ​ដែរ​ថា គាត់​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​ដែល​ជាប់​ទាក់ទិន​នឹង​បណ្ដាញ​ឧក្រិដ្ឋជន​ជនជាតិ​ចិន ព្រមទាំង​ប្រតិបត្តិការ​បើក​ក្រុមហ៊ុន​ឆបោក និង​ជួញដូរ​មនុស្ស​ដោយ​ឆ្លងកាត់​ប្រទេស​អូស្ត្រាលី កាលពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២៤ នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស