29 C
Phnom Penh

លោក ស សុខា ស្នើ​រាជធានី​ខេត្ត​នីមួយៗ​បង្កើត​មណ្ឌល​ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ស្នើ​ឲ្យ​រដ្ឋបាល​រាជធានី-ខេត្ត បង្កើត​មណ្ឌល​ព្យាបាល បន្សាប និង​ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​នៅ​តាម​ខេត្ត​នីមួយៗ ដើម្បី​ស្រោចស្រង់ និង​សង្គ្រោះ​ជនរងគ្រោះ​ឲ្យ​ពួកគេ​មាន​របរ​ចិញ្ចឹម​ជីវិត ក្រោយពី​ការ​ធ្វើ​សមាហរណកម្ម​ចូល​ទៅ​ក្នុង​សហគមន៍​វិញ។

ថ្លែង​នៅ​អំឡុង​ពេល​ដែល​លោក​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​អភិបាល​ថ្មី​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២៤ លោក ស សុខា បាន​លើកឡើង​ថា ការ​បង្កើត​មណ្ឌល​ព្យាបាល បន្សាប និង​ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន គឺជា​ការ​ផ្ដល់​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​ស្រោចស្រង់ និង​សង្គ្រោះ​ជនរងគ្រោះ ពីព្រោះ​យន្តការ​នេះ​មាន​ភាគរយ​ខ្ពស់​បំផុត​ក្នុង​ការ​ប្រែ​ក្លាយ​ជនរងគ្រោះ​ឱ្យ​ផ្ដាច់​បាន​ដោយ​ជោគជ័យ​ពី​គ្រឿងញៀន។

លោក ស សុខា អះអាង​ថា ជនរងគ្រោះ​ត្រូវតែ​ទទួល​បាន​ការ​អប់រំ និង​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ ដើម្បី​ប្រើប្រាស់ និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ក្រោយពី​ការ​ធ្វើ​សមាហរណកម្ម​ចូល​ទៅ​ក្នុង​សហគមន៍​វិញ។

លោក​បន្ត​ថា ការ​វិនិយោគ​បង្កើត​មណ្ឌល​បន្សាប​គ្រឿងញៀន​នេះ នឹង​ពិបាក​លេច​ចេញ​ជា​រូបរាង​ណាស់ ប្រសិន​ណា​បើ​អ្នក​វិនិយោគ​រំពឹង​ខ្ពស់​តែ​លើ​ប្រាក់ចំណេញ និង​ថែមទាំង​មិន​មាន​ការ​សម្បទាន​គាំទ្រ​ពី​រដ្ឋ។ ប៉ុន្តែ​តាមរយៈ​រូបមន្ត​ជួយ​គ្នា​ទៅវិញ​ទៅមក​រវាង​រដ្ឋបាល​ខេត្ត អ្នក​វិនិយោគ និង​ក្រុម​គ្រួសារ​ជនរងគ្រោះ មណ្ឌល​បន្សាប​គ្រឿងញៀន​ត្រូវ​បាន​បង្កើត​ឡើង និង​ដំណើរការ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

អតីត​អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​មណ្ឌល​បន្សាប​គ្រឿងញៀន​ជា​រឿង​ល្អ​មួយ​ដើម្បី​ជួយ​ជនរងគ្រោះ ប៉ុន្តែ​លោក​ថា​ទោះ​ជា​យ៉ាងណា ការ​បង្កើត​នេះ​ធ្វើ​យ៉ាងណា​កុំ​ធ្វើការ​គាប​សង្កត់​ទៅ​លើ​គ្រួសារ​ជនរងគ្រោះ គឺ​ត្រូវ​ធ្វើ​ទៅ​តាម​លទ្ធភាព​របស់​អាណាព្យាបាល​ជនរងគ្រោះ។

ប្រភព​ដដែល​អះអាង​ថា នៅ​ក្នុង​មណ្ឌល​ត្រូវ​មាន​បង្រៀន​ជំនាញ​ដល់​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន ដូចជា ជំនាញ​ជួសជុល​ម៉ូតូ កាត់សក់ កាត់ដេរ ផ្សារ​ដែក ធ្វើ​ចង្ក្រាន បង្រៀន​ភាសា​បរទេស និង​ការ​ប្រើប្រាស់​កុំព្យូទ័រ ជាដើម ដើម្បី​ឲ្យ​ពួកគេ​អាច​យក​ជំនាញ​នោះ​ទៅ​ប្រើ​នៅ​ពេល​ដែល​ពួកគេ​ត្រឡប់​ចូល​ទៅ​ក្នុង​សហគមន៍​វិញ។

តាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​មណ្ឌល​ព្យាបាល បន្សាប និង​ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​សរុប​ចំនួន ១៥​មណ្ឌល ក្នុង​នោះ ៧​មណ្ឌល​គ្រប់គ្រង​ដោយ​រដ្ឋ។ ដោយឡែក​ចំពោះ​អ្នក​ញៀន​គ្រឿងញៀន​ដែល​ត្រូវ​ទទួល​សេវា​ពី​មជ្ឈមណ្ឌល​ទាំងនោះ គឺ​មាន​ការ​ប្រែប្រួល​នៅ​ក្នុង​រង្វង់ ៥​ពាន់​នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស