អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី លើកឡើងថា ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៩៩ គឺជាថ្ងៃដែលនាដការីរបាំព្រះរាជទ្រព្យ អ្នកស្រី ពិសិដ្ឋ ពីលីកា បានលាចាកភពផែនដី បន្ទាប់ពីប្រធានពេទ្យលោក ហេង តៃគ្រី ទទួលបញ្ជាពីភរិយារបស់លោក ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី ថាត្រូវតែសម្លាប់។
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៥ កក្កដា នេះថា ក្រោយពេលអ្នកស្រី ពិសិដ្ឋ ពីលីកា រងរបួសដោយការបាញ់ប្រហារនៅថ្ងៃទី៦ កក្កដា អ្នកស្រីត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត (Calmette Hospital) ភ្លាមៗ ប៉ុន្តែក្រោយទៅដល់មន្ទីរពេទ្យ អ្នកស្រី ប៊ុន រ៉ានី បានបញ្ជាឲ្យប្រធានពេទ្យលោក ហេង តៃគ្រី ផ្ដាច់ជីវិតតារាស្រីរូបនេះនៅក្នុងបន្ទប់វះកាត់តែម្តង។
លោក សម រង្ស៊ី បញ្ជាក់ថា អ្នកស្រី ប៊ុន រ៉ានី បានបញ្ជាឲ្យគេសម្លាប់អ្នកស្រី ពិសិដ្ឋ ពីលីកា ដោយសារតែភ្លើងប្រចណ្ឌនឹងលោក ហ៊ុន សែន ដែលគាត់បានលួចបង្កាត់ភ្លើងស្នេហ៍ត្រីកោណជាមួយតារាស្រីរូបនេះ ព្រោះថាមានភស្តុតាងជាច្រើនបានបញ្ជាក់ថា លោក ហ៊ុន សែន និងអ្នកស្រី ពិសិដ្ឋ ពីលីកា បានលួចទាក់ទងគ្នា។
ក្រោយអ្នកស្រី ពិសិដ្ឋ ពីលីកា ត្រូវគេបាញ់ប្រហារ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៩៩ ទស្សនាវដី្ត អ៊ិចប្រេសរបស់បារាំង បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា ការលាតត្រដាងនូវឧក្រិដ្ឋកម្មដែលបង្កឡើងដោយភ្នាក់ងាររដ្ឋ។
ក្នុងអត្ថបទនេះ បានចោទថា អ្នកស្រី ប៊ុន រ៉ានី ដែលត្រូវជាភរិយារបស់លោក ហ៊ុន សែន ជាអ្នកបញ្ជាឃាតករឱ្យបាញ់សម្លាប់អ្នករបាំរូបនេះ ព្រោះតែភ្លើងប្រចណ្ឌ។ ក្រៅពីនេះ ក៏មានកំណាព្យឆ្លងឆ្លើយស្នេហារវាងលោក ហ៊ុន សែន និងអ្នកស្រី ពិសិដ្ឋ ពីលីកា ដែរ ដែលជាសំណេររបស់លោក ហ៊ុន សែន ផ្ទាល់ ក្រោយពីគេផ្ទៀងផ្ទាត់សំណេរដៃផ្សេងៗរបស់គាត់។
ឃាតកម្មក្រៅប្រព័ន្ធច្បាប់នៅប្រទេសកម្ពុជា ចាប់តាំងពីអំឡុងទសវត្សរ៍១៩៩០ មក បានកើតឡើងយ៉ាងអនាធិបតេយ្យទៅលើអ្នកដែលរិះគន់គណបក្សប្រជាជនកម្ពុជា ប៉ុន្តែក្នុងពេលជាមួយគ្នានោះ ក៏កើតមានទៅលើក្រុមតារាស្រីដែលមានទំនាក់ទំនងស្នេហាជាមួយមន្ត្រីធំៗរបស់កម្ពុជាដែរ ដែលប្រព្រឹត្តដោយភរិយារបស់មន្ត្រីទាំងនោះ។
ពាក់ព័ន្ធនឹងឃាតកម្មដែលមិនអាចវែកមុខឃាតករពិតយកមកផ្ដន្ទាទោសនេះ មិនមែនកើតមានតែលើក្រុមតារាងស្រីៗទេ ក្នុងនោះក៏មានឃាតកម្មលើប្រធានសហជីពសេរីកម្ពុជាលោក ជា វិជ្ជា នៅឆ្នាំ២០០៤ ការបាញ់ប្រហារទៅលើព្រះភិក្ខុ សំ ប៊ុនធឿន ក្នុងឆ្នាំ២០០៣ ការបាញ់សម្លាប់ប្រធានអង្គការការពារធនធានធម្មជាតិលោក ឈុត វុទ្ធី ក្នុងឆ្នាំ២០១២ ការបាញ់សម្លាប់អ្នកវិភាគនយោបាយសង្គមបណ្ឌិត កែម ឡី កាលពីឆ្នាំ២០១៦ និងការបាញ់សម្លាប់កងកម្លាំងរាជានិយមកាលពីឆ្នាំ១៩៩៧ ផងដែរ ខណៈយុត្តិធម៌សម្រាប់ជនរងគ្រោះទាំងនោះ គឺត្រូវបានកប់ស្រមោលសូន្យឈឹងដូចគ្នា៕
© 2024, . All rights reserved.