តាមសេចក្ដីរាយការណ៍មួយពីប្រទេសហុងគ្រី លោក Viktor Orban ដែលជានាយករដ្ឋមន្ត្រីហុងគ្រីនិងឋានៈជាប្រធានក្រុមប្រឹក្សាអឺរ៉ុប នឹងស្នើឱ្យមានជំនួបកំពូលពិសេសមួយរបស់មេដឹកនាំអឺរ៉ុប ជាមួយនឹងរូបលោក ហើយជំនួបនោះគេរំពឹងថា លោក Viktor Orban នឹងបង្ហាញអំពីផែនការសន្តិភាពរបស់លោក ក្រោយពីលោកបានទៅជួបលោកប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី នៅទីក្រុងគៀវ និងបានទៅទីក្រុងមូស្គូ ជួបប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ហើយក៏បានទៅទីក្រុងប៉េកាំង ជួបលោក ស៊ី ជីនពីង ប្រធានាធិបតីចិន។
លោក Viktor Orban បានហៅខ្លួនឯងថាជាបេសកជនសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន។ លោក Viktor Orban ដែលជាប្រធានក្រុមប្រឹក្សាអឺរ៉ុប រយៈពេល ៦ខែ បានស្នើឱ្យមានជំនួបកំពូលមួយជាមួយមេដឹកនាំប្រទេសសមាជិកអឺរ៉ុប មាន ២៧ប្រទេស រាប់ទាំងប្រទេសហុងគ្រី ផងដែរ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters លោក Viktor Orban ស្នើឱ្យមានជំនួបកំពូលមេដឹកនាំអឺរ៉ុប ក្រោយពីលោកបានជួបក្រុមរដ្ឋមន្ត្រីការបរទេសអឺរ៉ុបមួយចំនួនរួចទៅហើយនៅទីក្រុង Budapest ប្រទេសហុងគ្រី តែក៏មានរដ្ឋមន្ត្រីខ្លះធ្វើពហិការមិនចូលរួមប្រជុំជាមួយនឹងលោក Orban នោះ។
តាមប្រភពព័ត៌មានដដែលនេះ មេដឹកនាំប្រទេសសមាជិកអឺរ៉ុបមួយចំនួនក៏អាចធ្វើពហិការផងដែរ។ អ្វីដែលមន្ត្រីជាន់ខ្ពស់អឺរ៉ុប ធ្វើពហិការមិនចូលរួមប្រជុំដែលក្រុង Budapest រៀបចំឡើង ព្រោះគេដឹងថាលោក Orban នឹងលើកឡើងអំពីលទ្ធផលរបស់លោកដែលបានទៅជួបលោក ហ្សេឡេនស្គី ទៅជួបលោក ពូទីន និងទៅជួបលោក ស៊ី ជីនពីង ដែលទស្សនកិច្ចរបស់លោក Orban មិនទទួលបានការគាំទ្រពីមេដឹកនាំអឺរ៉ុបភាគច្រើននោះទេ ជាពិសេសពួកគាត់ប្រតិកម្មចំពោះលោក Orban ដែលទៅជួបលោក ពូទីន។
មេដឹកនាំអឺរ៉ុបមួយចំនួន បានហៅទស្សនកិច្ចបេសកកម្មរបស់លោក Orban ថាជាកិច្ចការឯកជនប៉ុណ្ណោះ។
តែរដ្ឋាភិបាលរបស់លោក Orban មិនជាខ្វល់នឹងប្រតិកម្មរបស់មេដឹកនាំអឺរ៉ុប ឬប្រធានស្ថាប័នសហភាពអឺរ៉ុប នោះទេ។
អ្នកនាំពាក្យរដ្ឋាភិបាលហុងគ្រី Zoltan Kovacs បាននិយាយថា ជំនួបជាមួយលោក ពូទីន ជាមួយលោក ហ្សេឡេនស្គី និងជាមួយលោក ស៊ី ជីនពីង គឺលោក Orban មិនមានភាពលម្អៀងណាមួយឡើយ តែសំខាន់គឺត្រូវរួមគ្នាជួយឱ្យមានសន្តិភាពឡើងវិញសម្រាប់អ៊ុយក្រែន តាមរយៈការបញ្ឈប់សង្គ្រាមដោយផ្អែកលើការចរចារវាងភាគីពាក់ព័ន្ធទាំងអស់។
តែយ៉ាងណា លោក Orban ត្រូវបានមេដឹកនាំបស្ចិមប្រទេសចាត់ទុកលោកថានៅតែជាសម្ព័ន្ធភាពជិតស្និទ្ធរបស់ក្រុងមូស្គូ បើទោះជាដឹងថាសង្គ្រាមឈ្លានពានរបស់ក្រុងមូស្គូ ទៅលើប្រទេសអ៊ុយក្រែន គឺជាអំពើខុសច្បាប់អន្តរជាតិ និងរំលោភធម្មនុញ្ញអង្គការសហប្រជាជាតិក៏ដោយ ហើយលោក Orban ខ្លួនលោកផ្ទាល់ គឺជាអាយ៉ងរបស់លោក ពូទីន ផងដែរ។
លោក Orban ក្នុងនាមជានាយករដ្ឋមន្ត្រីហុងគ្រី តែងតែប្រឆាំងការបញ្ជូនជំនួយយោធាទៅឱ្យអ៊ុយក្រែន ដែលលោកជំទាស់ទាំងសំណើជំនួយរបស់សហភាពអឺរ៉ុប និងអង្គការយោធាណាតូ។
បែបនេះក្ដី អ្វីដែលមេដឹកនាំហុងគ្រី ស្នើឱ្យមានជំនួបកំពូលពិសេសមួយរបស់មេដឹកនាំអឺរ៉ុប ផ្ដោតលើផែនការសន្តិភាពរបស់លោក Orban ខ្លួនឯងសម្រាប់អ៊ុយក្រែន ក៏គាប់ជួនលោក ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានប្រកាសថា លោកមានផែនការមួយត្រៀមរួចជាស្រេចដើម្បីរៀបចំកិច្ចប្រជុំកំពូលលើកទី២ ស្ដីពីផែនការសម្រាប់សន្តិភាពអ៊ុយក្រែន នៅខែវិច្ឆិកា ខាងមុខ ដែលលោកថាលើកនេះលោកថាអ្នកតំណាងរបស់រុស្ស៊ី គួរតែមានវត្តមានចូលរួមដែរ។
ប្រទេសអ៊ុយក្រែន បានរៀបចំកិច្ចប្រជុំកំពូលលើកទី១ ស្ដីពីសន្តិភាពអ៊ុយក្រែន កាលពីថ្ងៃទី១៥-១៦ ខែមិថុនា ដែលធ្វើឡើងក្នុងប្រទេសស្វីស ដោយមានការចូលរួមពីប្រទេសចំនួន ៩២ និង ៨អង្គការអន្តរជាតិ តែរុស្ស៊ី ដែលបានលើកទ័ពឈ្លានពានចូលអ៊ុយក្រែន តាំងពីខែកុម្ភៈ ឆ្នាំ២០២២ មក មិនត្រូវបានអញ្ជើញឱ្យចូលរួមនោះទេ។
នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងគៀវ លោក ហ្សេឡេនស្គី បានកត់សម្គាល់ថា លោកបានកំណត់គោលដៅថានៅខែវិច្ឆិកា ខាងមុខ នឹងមានជំនួបសន្តិភាពពេញលេញមួយ ហើយអ្នកតំណាងរបស់រុស្ស៊ី គួរតែមានវត្តមាននៅឯកិច្ចប្រជុំកំពូលលើកទី២ នេះ។
ចំពោះវិមានក្រឹមឡាំង វិញ បាននិយាយថា ជាដំបូង រុស្ស៊ីត្រូវការយល់ឱ្យច្បាស់ជាមុនសិនថា តើប្រធានាធិបតីអ៊ុយក្រែន ចង់មានន័យដូចម្តេចនៅពេលលោកនិយាយអំពីកិច្ចប្រជុំកំពូលសន្តិភាព មុនទទួលយកការអញ្ជើញណាមួយដើម្បីចរចាគ្នា។
ឆ្លើយតបនឹងលោក ហ្សេឡេនស្គី អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កិច្ចប្រជុំកំពូលសន្តិភាពលើកទីមួយ គឺមិនមែនជាកិច្ចប្រជុំកំពូលសន្តិភាពនោះទេ។ រឿងនេះហើយដែលក្រុងមូស្គូ ត្រូវយល់ឱ្យច្បាស់ជាមុនសិនថា តើមេដឹកនាំអ៊ុយក្រែន ចង់បានអ្វីពិតប្រាកដ។
ជំនួបសន្តិភាព ដែលធ្វើឡើងនៅប្រទេសស្វីស ប្រទេសរុស្ស៊ី មិនត្រូវបានអញ្ជើញឱ្យចូលរួម ហើយចិនដែលជាមហាអំណាចមួយ ក៏បានសម្រេចចិត្តមិនទៅចូលរួមដែរ។ វិមានក្រឹមឡាំង បានរិះគន់កិច្ចប្រជុំនៅស្វីស ដោយលើកឡើងថា កិច្ចពិភាក្សាណាមួយដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលមិនមានវត្តមានរុស្ស៊ី គឺលទ្ធផលស្នើនឹងសូន្យ។
តែអ្វីដែលលោក Viktor Orban នាយករដ្ឋមន្ត្រីហុងគ្រី ស្នើឱ្យមានជំនួបកំពូលពិសេសនៃមេដឹកនាំអឺរ៉ុប ក៏បន្ទាប់ពីលោកបានទៅជួបលោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង ដែលលោក ស៊ី មានសម្ព័ន្ធភាពនឹងលោក ពូទីន ផងដែរនោះ បានអំពាវនាវឱ្យប្រទេសមហាអំណាចជួយរុស្ស៊ី និងអ៊ុយក្រែន ត្រឡប់ទៅរកតុចរចាវិញ ខណៈលោក ស៊ី បានហៅលោក Viktor Orban ជាបេសកជនសន្តិភាពសម្រាប់អ៊ុយក្រែន ផងដែរ។
សង្គ្រាមឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន មានរយៈពេលជិត ២៩ខែហើយ។ កងទ័ពមហាអំណាចរុស្ស៊ី កំពុងជាប់គាំងនៅសមរភូមិភាគខាងកើត ភាគខាងត្បូង និងភាគឥសាននៃប្រទេសអ៊ុយក្រែន ដោយមិនអាចវាយលុកដណ្ដើមទឹកដីអ៊ុយក្រែន និងវាយផ្ដួលរំលំរដ្ឋាភិបាលលោក ហ្សេឡេនស្គី បានឡើយ។
អ្វីដែលធ្វើឱ្យអ៊ុយក្រែន វាយទប់ទល់នឹងកងទ័ពរុស្ស៊ី បានមកដល់ពេលនេះ ដោយសារការបញ្ជូនអាវុធយ៉ាងសម្បើមរបស់ពួកបស្ចិមប្រទេសដែលដឹកមុខដោយសហរដ្ឋអាមេរិក នៃរដ្ឋការលោក ប្រធានាធិបតី ចូ បៃដិន ទៅឱ្យអ៊ុយក្រែន៕