សាលាដំបូងខេត្តសៀមរាប ប្រកាសសាលក្រមផ្ដន្ទាទោសពលរដ្ឋជាជនជាតិដើមភាគតិចកួយមួយគ្រួសារ ឱ្យជាប់ពន្ធនាគារចន្លោះពី ១ឆ្នាំទៅ ៥ឆ្នាំ ពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយមន្ទីរបរិស្ថានខេត្តសៀមរាប និងក្រុមយោធា។
ក្នុងអត្ថបទសង្ខេបរបស់អង្គការលីកាដូ (LICADHO) នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឱ្យដឹងថា កាលពីខែសីហា ឆ្នាំ២០២៣ មន្ត្រីមកពីមន្ទីរបរិស្ថាន រួមជាមួយនឹងអាជ្ញាធរក្នុងតំបន់ និងក្រុមយោធាបានទៅធ្វើការហាមឃាត់ពួកគាត់មិនឱ្យដាំស្វាយ និងដកយកកូនស្វាយដែលពួកគាត់កំពុងដាំនៅលើដីចម្ការរបស់អ្នកទាំងពីរ គឺអ្នកស្រី សាន ស្រែ និងលោក ប្រែង ហ៊ីង។
អំឡុងពេលនោះ លោក សាន សិទ្ធ ដែលជាប្អូនប្រុសរបស់អ្នកស្រី សាន ស្រែ បានថតវីដេអូ Live ពីព្រឹត្តិការណ៍នេះ និងសួរនាំទៅកាន់មន្ត្រីដែលចុះមកហាមឃាត់។ សមាជិកគ្រួសារទាំង ៣នាក់ជាជនជាតិដើមភាគតិចកួយ និងសកម្មក្នុងការការពារដីធ្លី និងសិទ្ធិដីធ្លីរបស់ពលរដ្ឋជាង ២៥០គ្រួសារ ប៉ុន្តែប៉ុន្មានសប្តាហ៍ក្រោយមក អ្នកទាំងបីរងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌពីតុលាការ។
ចៅក្រមសាលាដំបូងខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកក្កដា នេះ ប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសពលរដ្ឋជាជនជាតិដើមភាគតិចកួយ ទាំង ៣នាក់ ក្នុងនោះ អ្នកស្រី សាន ស្រែ និងលោក ប្រែង ហ៊ីង ជាប់ពន្ធនាគារ ៥ឆ្នាំក្រោមបទចោទ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ប៉ុន្តែទោសនេះត្រូវព្យួរ។
ចំណែកឯប្អូនប្រុសរបស់អ្នកស្រី គឺលោក សាន សិទ្ធ ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ ១ឆ្នាំ ពីបទធ្វើឱ្យរាំងស្ទះដល់ការបំពេញភារកិច្ចរបស់មន្ត្រីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិយោងតាមមាត្រា៦៣ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ប៉ុន្តែទោសនេះក៏ត្រូវព្យួរដូចគ្នា។
ចៅក្រមសាលាដំបូងខេត្តសៀមរាប ផ្ដន្ទាទោសជនជាតិដើមភាគតិចកួយមួយគ្រួសារនេះ ធ្វើឡើងតាមបណ្ដឹងមន្ត្រីមកពីមន្ទីរបរិស្ថាន រួមជាមួយនឹងអាជ្ញាធរក្នុងតំបន់ និងក្រុមយោធា ពាក់ព័ន្ធនឹងរឿងជម្លោះដីធ្លី។
លីកាដូថា ពាក់ព័ន្ធនឹងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយជាមួយមន្ទីរបរិស្ថានខេត្តសៀមរាប និងក្រុមយោធានេះ ជនជាតិដើមភាគតិចកួយ បានកាន់កាប់តាំងពីឆ្នាំ២០០០ មក ដែលគាត់បានរស់នៅ និងដាំដំណាំរហូតមកចាប់តាំងពីពួកគាត់កាន់កាប់រហូតដល់បច្ចុប្បន្ន ប៉ុន្តែត្រូវបានមន្ត្រីបរិស្ថានអះអាងថាជាដីសហគមន៍តំបន់ការពារធម្មជាតិ “ជប់សោម” ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព។
ពលរដ្ឋប្រមាណជាង ២៥០គ្រួសារបានកាន់កាប់ដីធ្លីទាំងនោះតាំងពីឆ្នាំ២០០០ មក ហើយមានជម្លោះដីធ្លីជាមួយក្រុមយោធាលើដីប្រមាណជាង ២៥០០ហិកតា នៅក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព។ ជម្លោះដីធ្លីនេះកាន់តែមានភាពស្មុគស្មាញឡើងនៅក្នុងឆ្នាំ២០១២ នៅពេលដែលក្រសួងបរិស្ថាន សម្រេចបង្កើតសហគមន៍តំបន់ការពារធម្មជាតិ “ជប់សោម” ដែលជាន់លើដីធ្លីរបស់ក្រុមគ្រួសារទាំងនោះកំពុងកាន់កាប់។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងជនជាតិដើមភាគតិចកួយ អ្នកស្រី សាន ស្រែ និងលោក ប្រែង ហ៊ីង ជុំវិញការសម្រេចរបស់តុលាការក្រោមបញ្ជារបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននៅឡើយទេ នៅថ្ងៃទី១៨ ខែកក្កដា នេះ៕