29 C
Phnom Penh

លោក ហ៊ុន សែន បញ្ជា​ឱ្យ​ចាប់​ខ្លួន​លោក ស្រ៊ុន ស្រ៊ន និង​មនុស្ស​២​នាក់​ទៀត​ករណី​បកស្រាយ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់​ខ្លួន​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង​ពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ សាន សិទ្ធិ នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ បន្ទាប់ពី​ពួកគេ​បកស្រាយ​លើ​បញ្ហា​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV)។

លោក ហ៊ុន សែន បញ្ជា​ឱ្យ​រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​កូនប្រុស​របស់​គាត់ តាម​ចាប់​ខ្លួន​ឱ្យ​អស់​ចំពោះ​ជន​ណា​ដែល​ញុះញង់​លើ​កិច្ចសហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នេះ ចំណែក​អ្នក​នៅ​ក្រៅ​ប្រទេស ត្រូវ​តាម​រក​គ្រួសារ​របស់​ពួកគេ​ដែល​រស់នៅ​ក្នុង​ស្រុក​ឱ្យ​ឃើញ។

មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន លើកឡើង​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ទាក់ទិន​ទៅ​នឹង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV DTA) នៅ​ថ្ងៃទី​២៣​ខែ​កក្កដា ឆ្នាំ​២០២៤ នេះ​ថា មិន​មាន​កិច្ចព្រមព្រៀង​ណា​មួយ​នៃ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ នាំ​ឱ្យ​បាត់បង់​អធិបតេយ្យភាព​ជាតិ​កម្ពុជា​នោះ​ទេ។ លោក​បន្ត​ថា កិច្ចព្រមព្រៀង CLV នេះ​នឹង​នាំ​ឲ្យ​កម្ពុជា​ចំណេញ​ច្រើន ជាពិសេស​ការ​ផ្លាស់ប្ដូរ​ទំនិញ ការ​សម្រួល​ពាណិជ្ជកម្ម ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​វិស័យ​ឧស្សាហកម្ម​កៅស៊ូ​ផង​ដែរ។

លោក ហ៊ុន សែន បញ្ជា​ឱ្យ​តុលាការ និង​ក្រសួង​យុត្តិធម៌ ផ្ដន្ទាទោស​អ្នក​ទាំង ៣​នាក់​នេះ និង​អ្នក​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ពី​ការ​បកស្រាយ​លើ​បញ្ហា​នេះ​ជា​អតិបរមា និង​មិន​ឱ្យ​ដាក់​ក្នុង​បញ្ជី​លើកលែង​ទោស ឬ​បន្ធូរបន្ថយ​ទោស​ដាច់ខាត។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​ព្រមាន​ថា អ្នក​ដែល​នៅ​ក្នុង​ស្រុក កុំ​ព្រហើន​ចេញ​មុខ​បកស្រាយ​លើ​បញ្ហា​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​បន្ត​ទៀត​ឱ្យ​សោះ ចំណែក​អ្នក​រស់នៅ​បរទេស ក៏​មិន​ត្រូវ​ភ្លេច​ថា​ខ្លួន​មាន​សាច់ញាតិ​ដែល​កំពុង​រស់នៅ​ក្នុង​ស្រុក​ដែរ។

លោក ហ៊ុន សែន គំរាម​ថា ពិត​មែន​តែ​ប្រទេស​កម្ពុជា​ផ្លាស់ប្ដូរ​នាយករដ្ឋមន្ត្រី​ថ្មី ប៉ុន្តែ​លោក​មិន​ទាន់​អស់​អំណាច​នៅឡើយ​ទេ កាលណា​លោក​មិន​ទាន់​អស់​ជីវិត ដូច្នេះ​លោក​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​ចលនា​បះបោរ​ណា​មួយ​កើតឡើង​ដាច់ខាត បើ​ទោះបី​នាយករដ្ឋមន្ត្រី​ជា​អ្នក​អនុវត្ត​អំណាច​ក៏ដោយ។

នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៤ នេះ សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា ភឹង សោភា និង​ពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ សាន សិទ្ធ ត្រូវ​បាន​ស្នងការ​ខេត្ត​សៀមរាប ចាប់​ខ្លួន​នៅ​ឃុំ​ស្រែណូយ ស្រុក​វ៉ារិន ខេត្ត​សៀមរាប វេលា​ម៉ោង ៨​ព្រឹក បន្ទាប់ពី​លោក ស្រ៊ុន ស្រ៊ន ផ្សាយ​ផ្ទាល់​បកស្រាយ​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចប់​ភ្លាមៗ ហើយ​ក៏​កំពុង​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​ពន្ធនាគារ​ព្រៃស​នៅ​ពេល​នេះ​ដែរ។

សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា ភឹង សោភា ផ្សាយ​ផ្ទាល់​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃទី​២៣ កក្កដា នេះ​ថា បើ​តំបន់​ត្រីកោណ​នេះ​មាន​ការ​ព្រមព្រៀង​គ្នា​ស៊ីជម្រៅ​រវាង​កម្ពុជា ឡាវ និង​វៀតណាម មែន នោះ​កម្ពុជា​នឹង​ក្លាយ​ជា​អាយ៉ង​របស់​វៀតណាម ដែល​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​ឥណ្ឌូចិន ដែល​នឹង​មាន​រដ្ឋាភិបាល​តែ​មួយ​ប៉ុណ្ណោះ​សម្រាប់​ប្រទេស​ទាំង​បី​នេះ គឺ​រដ្ឋាភិបាល​វៀតណាម។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ កក្កដា នេះ​ថា អ្នក​ណា​ក៏ដោយ​ឱ្យ​តែ​ហ៊ាន​និយាយ​ប៉ះពាល់​ដល់​វៀតណាម គឺ​មាន​តែ​ជាប់​គុក​ប៉ុណ្ណោះ។

លោក អ៊ុំ សំអាន លើកឡើង​ថា តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា ឡាវ និង​វៀតណាម កើត​ចេញពី​គំនិត​ដើម​របស់​មេដឹកនាំ​វៀតណាម លោក ហូ ជី មិញ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាងលិច​ក្នុង​ការ​លេប​ត្របាក់​យក​ទឹកដី​កម្ពុជា និង​ឡាវ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ដើម្បី​រំលឹក​ដឹងគុណ ហូ ជី មិញ ក្នុង​ការ​បង្កើត​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន កម្ពុជា វៀតណាម និង​ឡាវ បាន​ដាក់ ៤​ខេត្ត​ទៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នេះ ក្នុង​គោលបំណង​ប្រែ​ក្លាយ​កូន​ឥណ្ឌូចិន​តូច​នេះ​ឱ្យ​ក្លាយ​ជា​សហព័ន្ធ​ឥណ្ឌូចិន​ដែល​គ្រប់គ្រង​ដោយ​វៀតណាម នា​ពេល​អនាគត។

លោក អ៊ុំ សំអាន បញ្ជាក់​ថា កម្ពុជា​នឹង​បាត់បង់​ខេត្ត​ទាំង ៤ នេះ​ទៅ​ប្រទេស​វៀតណាម នា​ពេល​អនាគត ដូច​គ្នា​នឹង​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម ប្រទេស​ចម្ប៉ា និង​តំបន់​គ្រីមៀរ របស់​ប្រទេស​អ៊ុយក្រែន ដែរ។

ចំណែក​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ លើកឡើង​ថា តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV DTA) ឆ្នាំ​១៩៩៩ គឺជា​កាដូ​ដ៏​ធំ​មួយ​របស់​លោក ហ៊ុន សែន ដាក់​ជើងពាន​ថ្វាយ​ដល់​វៀតណាម ក្រោយ​រដ្ឋការ​ក្រុង​ហាណូយ ជួយ​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​ឆ្នាំ​១៩៩៧ ឱ្យ​គាត់។ លោក​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន ពី​តំបន់​ត្រីកោណ​នៅ​ថ្ងៃ​នេះ គឺជា​ការ​បំភ្លៃ​ការពិត​ប៉ុណ្ណោះ។

កម្ពុជា វៀតណាម និង​ឡាវ បាន​ព្រមព្រៀង​គ្នា​បង្កើត​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កាលពី​ឆ្នាំ​១៩៩៩ ដោយ​ដាក់​ខេត្ត​ចំនួន ១៣ បញ្ចូល​គ្នា ក្នុង​នោះ កម្ពុជា ដាក់ ៤​ខេត្ត គឺ​ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី ដែល​មាន​ពលរដ្ឋ​សរុប​ជាង ៥០​ម៉ឺន​នាក់។ ចំណែក​ប្រទេស​ឡាវ ដាក់ ៤​ខេត្ត​ដែរ ដែល​មាន​ប្រជាជន​សរុប​ជាង ៧០​ម៉ឺន​នាក់ ដោយឡែក​ប្រទេស​វៀតណាម ដាក់​ខេត្ត​ចំនួន ៥ ដែល​មាន​ប្រជាជន​រហូត​ដល់​ទៅ​ជាង ៧​លាន​នាក់​ឯណោះ។

ជុំវិញ​បញ្ហា​នេះ កាលពី​ចុង​ឆ្នាំ​២០២៣ អ្នកជំនាញ​ខាង​ព្រំដែន​កម្ពុជា បណ្ឌិត ឌី ការ៉េត បាន​លើកឡើង​ពី​ប្រវត្តិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ថា​គឺជា​គណបក្ស​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វៀតណាម ដើម្បី​គ្រប់គ្រង​ប្រទេស​កម្ពុជា តាមរយៈ​នៃ​ការ​បង្កើត​ឱ្យ​មាន​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​រវាង​កម្ពុជា ឡាវ និង​វៀតណាម សព្វថ្ងៃ​នេះ។

បណ្ឌិត ឌី ការ៉េត អះអាង​ថា តំបន់​ត្រីកោណ​អភិវឌ្ឍន៍​រវាង​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម គឺជា​ផែនការ​របស់​វៀតណាម ដែល​មាន​ចេតនា​បង្កប់​កងទ័ព​របស់​ពួកគេ​ឱ្យ​ចូល​ទៅ​ក្នុង​ទឹកដី​ខ្មែរ ដើម្បី​គ្រប់គ្រង​ខ្មែរ​តែប៉ុណ្ណោះ។

លោក​ថា តំបន់​ត្រីកោណ​នេះ​មាន​ឈ្មោះ​ដើម​ថា សហព័ន្ធ​ឥណ្ឌូចិន​វៀតណាម ប៉ុន្តែ​ក្រោយ​មក​ដោយ​ខ្លាច​មាន​ការ​តវ៉ា​ពី​ពលរដ្ឋ​ខ្មែរ វៀតណាម​ក៏​បាន​កែ​ឈ្មោះ​មក​ជា តំបន់​ត្រីកោណ​អភិវឌ្ឍន៍​វិញ។

អ្នកជំនាញ​កិច្ចការ​ព្រំដែន​រូប​នេះ​បញ្ជាក់​ថា ផែនការ​របស់​វៀតណាម ក្នុង​ការ​គ្រប់គ្រង​ទឹកដី​ខ្មែរ គឺជា​ផែនការ​សម្ងាត់​រវាង​លោក ហ៊ុន សែន ជាមួយ​នឹង​វៀតណាម ជា​យូរ​មក​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស