30 C
Phnom Penh

គណបក្ស​កម្លាំង​ជាតិ​ស្នើ​លោក ហ៊ុន ម៉ាណែត ដោះលែង​ប្រធាន​បក្ស​ដើម្បី​ផ្សះផ្សា​នយោបាយ​ផ្ទៃក្នុង​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​កម្លាំង​ជាតិ ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត ដោះលែង​លោក ស៊ុន ចន្ធី ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​ការ​ផ្សះផ្សា​ជាតិ សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង​ជាតិ បន្ទាប់ពី​ប្រធាន​គណបក្ស​រូប​នេះ​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង ២​ខែ​កន្លង​មក​នេះ។

ប្រធាន​ស្តីទី​របស់​គណបក្ស​កម្លាំង​ជាតិ លោក ជា មុនី បាន​ចេញ​លិខិត​មួយ​ទៅ​កាន់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២៤ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៣ កក្កដា ថា ការ​លើកឡើង​របស់​លោក ស៊ុន ចន្ធី នៅ​ប្រទេស​ជប៉ុន កាលពី​ពេល​កន្លង​ទៅ គឺជា​ការ​ប្រើប្រាស់​សិទ្ធិ​មូលដ្ឋាន​ក្នុង​ន័យ​ស្ថាបនា​តែប៉ុណ្ណោះ គ្មាន​គោលដៅ​វាយប្រហារ​លើ​រដ្ឋាភិបាល​នោះ​ឡើយ។

លោក ជា មុនី លើកឡើង​ថា គណបក្ស​កម្លាំង​ជាតិ តែង​ជួយ​បំពេញ​បន្ថែម​នូវ​រាល់​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល​ក្នុង​ការ​បម្រើ​ជាតិ និង​ពលរដ្ឋ។ លោក​បន្ថែម​ថា គណបក្ស​កម្លាំង​ជាតិ ក៏​តែងតែ​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​ឈរ​លើ​ស្មារតី​បង្រួបបង្រួម សាមគ្គី និង​ឯកភាព​ជាតិ​ដែរ ដែល​ជា​មូលដ្ឋានគ្រឹះ​នាំ​មក​នូវ​លទ្ធិប្រជាធិបតេយ្យ និង​យុត្តិធម៌​សង្គម។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​អំពាវនាវ​ឱ្យ​លោក ហ៊ុន ម៉ាណែត ជួយ​សម្របសម្រួល​ឱ្យ​មាន​ការ​ដោះលែង​លោក ស៊ុន ចន្ធី ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​បន្ត​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ទៅ​មុខ​ទៀត ដែល​ជា​ការ​បង្ហាញ​នូវ​ការ​យោគយល់​គ្នា​រវាង​អ្នក​នយោបាយ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២៤ ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី បាន​លើកឡើង​ក្នុង​អំឡុង​ពេល​ជួបជុំ​ជាមួយ​នឹង​អ្នកគាំទ្រ​របស់​លោក​នៅ​ប្រទេស​ជប៉ុន ដោយ​រិះគន់​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​នោះ​ក៏​មាន​ការ​រិះគន់​លើ​ការ​ចែក​បណ្ណ​ក្រីក្រ​ដោយ​មាន​ការ​រើសអើង​ផង​ដែរ។

បន្ទាប់ពី​ការ​លើកឡើង​បែប​នេះ នៅ​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២៤ ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ក៏​ត្រូវ​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ពោធិ៍ចិនតុង​តែម្តង។

ក្រោយ​ការ​ឃុំ​ខ្លួន​ជិត ១​ខែ លោក ស៊ុន ចន្ធី បាន​សរសេរ​លិខិត​សុំទោស​លោក ហ៊ុន ម៉ាណែត ដោយ​រៀបរាប់​ក្នុង​លិខិត​នោះ​ថា លោក​ពិត​ជា​មាន​ការ​សោកស្តាយ​នូវ​ការ​លើកឡើង​ក្នុង​កម្មវិធី​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន យ៉ាង​ខ្លាំង ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ប្រទេស​របស់​រដ្ឋាភិបាល។ ប្រធាន​គណបក្ស​កម្លាំង​ជាតិ​រូប​នេះ​បញ្ជាក់​ថា លោក​ពិត​ជា​មាន​ការ​សោកស្តាយ និង​សូមទោស​ដោយ​ត្រង់​ចំពោះ​លោក ហ៊ុន ម៉ាណែត នូវ​ការ​លើកឡើង​ដោយ​ខុស​ឆ្គង​របស់​លោក​ទាំងនោះ។

បើ​គិត​មក​ទល់​នឹង​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៤ នេះ ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី ត្រូវ​បាន​សមត្ថកិច្ច​ឃុំ​ខ្លួន​អស់​ពេល ៦៥​ថ្ងៃ​ហើយ​ក្នុង​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ ខណៈ​សមាជិក​គណបក្ស​កម្លាំង​ជាតិ​ផ្សេង​ទៀត ដូចជា លោក មី សេងហ៊ ហៅ គា វិសាល និង​លោក អ៊ុំ វីរៈរដ្ឋ ក៏​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ​ផ្សេងៗ​ទាំង​អយុត្តិធម៌​ដែរ។

អង្គការ Freedom House បាន​ចេញ​របាយការណ៍​កាលពី​ពេល​ថ្មីៗ​នេះ​ថា ឆ្នាំ​២០២៤ ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​៨ ក្នុង​ចំណោម​ប្រទេស​ទាំង​១១ ក្នុង​តំបន់​អាស៊ាន ដែល​ល្បីល្បាញ​ខាង​គាប​សង្កត់​សេរីភាព​នយោបាយ សេរីភាព​បញ្ចេញមតិ សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ និង​បំបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស