មន្ត្រីជាន់ខ្ពស់របស់អង្គការសង្គ្រោះកម្ពុជា (Save Cambodia) ទម្លាយថា រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំឯកសារកុហកគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ជុំវិញការបណ្តេញពលរដ្ឋដោយបង្ខំនៅតំបន់រមណីយដ្ឋានអង្គរចេញពីលំនៅឋានប្រមាណជា ៣០០ទំព័រ មុននឹងកិច្ចប្រជុំរបស់គណៈកម្មាធិការនេះ ដែលនឹងចាប់ផ្តើមធ្វើឡើងនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា្ នៅចុងខែកក្កដា នេះ។
អ្នកនាំពាក្យអង្គការសង្គ្រោះកម្ពុជា លោក សោម កុលវឌ្ឍន៍ លើកឡើងនៅក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២២ កក្កដា នេះថា ការបណ្តេញពលរដ្ឋចេញពីលំនៅឋានដោយបង្ខំនៅតំបន់រមណីយដ្ឋានអង្គរ នៅតែជាបញ្ហារសើបសម្រាប់សហគមន៍អន្តរជាតិ ខណៈរបាយការណ៍ប្រមាណ ៣០០ទំព័ររបស់រដ្ឋាភិបាលខ្មែរជុំវិញការបណ្តេញពលរដ្ឋចេញពីតំបន់អង្គរនេះ ក៏ដើម្បីដោះសាចំពោះគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែរ។
លោក សោម កុលវឌ្ឍន៍ អះអាងថា ការបណ្តេញពលរដ្ឋចេញពីតំបន់រមណីយដ្ឋានអង្គរដោយមិនមានការអើពើពីអង្គការយូណេស្កូ គឺប្រៀបដូចជាអង្គការអន្តរជាតិមួយនេះបានចូលរួមដោយប្រយោលក្នុងការបណ្តេញពលរដ្ឋចេញពីតំបន់រមណីយដ្ឋានអង្គរដែរ ដែលវាខុសយ៉ាងខ្លាំងទៅនឹងគោលការណ៍អន្តរជាតិ។
លោកថា ពលរដ្ឋដែលបានតាំងទីលំនៅក្នុងតំបន់រមណីយដ្ឋានអង្គរតាំងពីយូរយារមកនោះ ត្រូវបានគេចាត់ទុកថាពលរដ្ឋទាំងនោះគឺជាផ្នែកមួយនៃបេតិកភណ្ឌរបស់ពិភពលោកដែរ ដូច្នេះការបណ្តេញពួកគេចេញពីតំបន់នេះ គឺជាអំពើបំពានលើលក្ខខណ្ឌច្បាប់របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកទាំងស្រុង។
អ្នកនាំពាក្យរបស់អង្គការសង្គ្រោះកម្ពុជារូបនេះ បញ្ជាក់ថា វត្ថុបំណងពិតប្រាកដនៃការបណ្តេញពលរដ្ឋចេញពីតំបន់រមណីយដ្ឋានអង្គរពីសំណាក់រដ្ឋាភិបាលខ្មែរ មិនមែនដើម្បីការពាររមណីយដ្ឋានអង្គរទេ ប៉ុន្តែដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនក្នុងចង្កោមបក្ខពួក សែស្រឡាយ និងគ្រួសាររបស់លោក ហ៊ុន សែន ប៉ុណ្ណោះ។
កាលពីចុងខែកក្កដា ឆ្នាំ២០២២ អតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានចេញសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងារតម្រង់ទិសផ្លាស់ប្ដូរលំនៅឋានរបស់ពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យទៅរស់នៅភូមិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប វិញ។
ជុំវិញបញ្ហានេះ លោក ហ៊ុន សែន ព្រមានថា រដ្ឋាភិបាលនឹងមិនផ្តល់សំណងដល់ពលរដ្ឋដែលរស់នៅខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរដាច់ខាត បើពួកគេមិនព្រមចាកចេញ ព្រោះតែចង់តថ្លៃទាមទារសំណងខ្ពស់ជាងអ្វីដែលរដ្ឋាភិបាលបានកំណត់នោះ។
ប្រជាពលរដ្ឋដែលរុះរើផ្ទះចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅកាន់តំបន់រុនតាឯក ទទួលបានដីទំហំ ២០ម៉ែត្រគុណនឹង ៣០ម៉ែត្រ ស័ង្កសី ១០សន្លឹក មី ១កេស ត្រីខ ១កេស និងបណ្ណក្រីក្រផងដែរក្នុងមួយគ្រួសារ ប៉ុន្តែដំណោះស្រាយគោលនយោបាយរបស់រដ្ឋាភិបាលទាំងនេះ ត្រូវគេមើលឃើញថាមានទំហំតិចតួចប៉ុណ្ណោះ។
ពលរដ្ឋដែលបានផ្លាស់ទីលំនៅពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅឃុំរុនតាឯក បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី២៣ កក្កដា នេះថា ចាប់តាំងពីពួកគាត់មករស់នៅទីនេះ ពួកគាត់ជួបប្រទះបញ្ហាជីវភាពគ្រប់បែបយ៉ាង ជាពិសេសគឺគ្មានលទ្ធភាពសាងសង់លំនៅឋានឱ្យបានសមរម្យតែម្តង។
ប្រភពដដែលត្អូញត្អែរថា សព្វថ្ងៃនេះ រដ្ឋាភិបាលមិនបានអើពើនឹងការរស់នៅរបស់ពួកគេថាជួបឧបសគ្គបែបណានោះទេ ដោយសារតែបែបនេះ ពេលខ្លះពួកគេគិតថារដ្ឋាភិបាលយកពួកគេមកបំបរបង់ចោលប៉ុណ្ណោះ។
លើសពីនេះ ទីតាំងរស់នៅរបស់ពួកគេនៅតែជាទីវាលល្ហល្ហេវនៅឡើយ ដែលរងនូវបញ្ហាពីអាកាសធាតុយ៉ាងខ្លាំង ដូចជាកម្ដៅ និងភ្លៀងខ្យល់ ជាដើម។ ជាក់ស្តែង រដូវប្រាំងឆ្នាំនេះមានរលកកម្ដៅខ្ពស់ បានធ្វើឱ្យការរស់នៅរបស់ពួកគេមានការលំបាកខ្លាំង ខណៈរដូវវស្សាក៏រងនូវខ្យល់បោកបក់ប៉ើងផ្ទះសម្បែង និងលិចលង់ដោយជំនន់ទឹកភ្លៀងថែមទៀត។
ប្រភពដដែលលើកឡើងថា រាល់ថ្ងៃនេះ ពួកគេត្រូវចំណាយពេលធ្វើដំណើរជាង ២០គីឡូម៉ែត្រទៅធ្វើការក្នុងក្រុងសៀមរាប ពីព្រោះនៅតំបន់រុនតាឯក នោះ គ្មានការងារធ្វើនោះទេ ដូច្នេះកត្តានេះក៏ជាឧបសគ្គសម្រាប់ពួកគេដែរ។
ចំណែកអ្នកខ្លះទៀតត្រូវបង្ខំចិត្តដាក់បញ្ចាំ ឬលក់បណ្ណក្រីក្រយកលុយធ្វើដំណើរទៅធ្វើការនៅប្រទេសថៃ ខណៈដីដែលរដ្ឋាភិបាលចែកឱ្យទំហំ ២០ម៉ែត្រគុណនឹង ៣០ម៉ែត្រ ត្រូវបានដាក់ផ្លាកលក់ផងដែរ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ ចាត់ទុកការផ្លាស់ប្ដូរលំនៅឋានរបស់ប្រជាពលរដ្ឋពីតំបន់អង្គរឱ្យទៅរស់នៅតំបន់រុនតាឯក ខេត្តសៀមរាប តាមបញ្ជារបស់លោក ហ៊ុន សែន ដោយការបង្ខិតបង្ខំ គឺជាទង្វើចង្រៃអពមង្គលសម្រាប់ពលរដ្ឋផង និងចង្រៃអពមង្គលដល់រមណីយដ្ឋានអង្គរដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកផង៕