31 C
Phnom Penh

រុស្ស៊ី​ថា​ខ្លួន​បើក​ចំហ​ការ​ចរចា តែ​ចោទ​សួរ​ថា​តើ​លោក ហ្សេឡេនស្គី នៅ​មាន​ភាព​ស្រប​ច្បាប់​ជា​មេដឹកនាំ​អ៊ុយក្រែន​ឬ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វិមាន​ក្រឹមឡាំង បាន​ផ្ដល់​សញ្ញា​ជា​វិជ្ជមាន​ថា​ខ្លួន​បើក​ចំហ​ការ​ចរចា​ជាមួយ​ក្រុង​គៀវ ដើម្បី​បញ្ចប់​សង្គ្រាម តែ​បែរ​ជា​ចោទ​សួរ​ថា តើ​លោក ហ្សេឡេនស្គី នៅ​មាន​ភាព​ស្រប​ច្បាប់​ជា​មេដឹកនាំ​អ៊ុយក្រែន ឬ​នៅ។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ចុះផ្សាយ​នៅ​ថ្ងៃទី​២៥ កក្កដា។

ការ​ថ្លែង​របស់​អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោក Dmytro Kuleba បាន​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន ដែល​លោក​ថា​ទីក្រុង​គៀវ បាន និង​កំពុង​ត្រៀម​លក្ខណៈ​សម្រាប់​កិច្ចពិភាក្សា​ជាមួយ​រុស្ស៊ី។

កាលពី​ថ្ងៃទី​២៤ កក្កដា លោក​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោក Dmytro Kuleba បាន​ទៅ​កាន់​ទីក្រុង​ប៉េកាំង តាម​ការ​អញ្ជើញ​របស់​លោក វ៉ាង យី រដ្ឋមន្ត្រី​ការបរទេស​ចិន។

ក្រោយពី​ជំនួប​ជាមួយ​លោក វ៉ាង យី លោក Kuleba បាន​ថ្លែង​ថា ប្រទេស​ចិន ចង់​ដើរ​តួនាទី​ជា​អ្នក​សម្រុះសម្រួល​ឱ្យ​មាន​ការ​ចរចា​រវាង​រុស្ស៊ី និង​អ៊ុយក្រែន តែ​លោក​ថា​លោក​នៅតែ​លើកឡើង​ឱ្យ​ចិន ទទួល​យក​សំណើ​មួយ​មុន​ការ​ចរចា គឺ​ចង់​ឃើញ​រុស្ស៊ី ទទួលស្គាល់​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​អ៊ុយក្រែន។

តាម​ប្រមុខ​ការទូត​អ៊ុយក្រែន​រូប​នេះ ក្នុង​ជំនួប​ជាមួយ​លោក វ៉ាង យី លោក​បាន​ថ្លែង​ថា អ៊ុយក្រែន នៅតែ​គោរព​អធិបតេយ្យភាព​ប្រទេស​ចិន ហើយ​ទទួលស្គាល់​គោលនយោបាយ​ចិន​តែ​មួយ​ដែល​មាន​កោះ​តៃវ៉ាន់ ផង​ដែរ។

បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​អ៊ុយក្រែន ទស្សនកិច្ច​របស់​លោក Dmytro Kuleba រហូត​ដល់​ថ្ងៃ​សុក្រ ដោយ​ផ្ដោត​ជុំវិញ​ប្រធានបទ​ដ៏​សំខាន់​មួយ គឺ​ការ​ស្វែងរក​មធ្យោបាយ​ដើម្បី​បញ្ឈប់​ការ​ឈ្លានពាន​របស់​រុស្ស៊ី និង​អំពី​តួនាទី​របស់​ចិន ក្នុង​ការ​ឆ្ពោះ​ទៅ​រក​សន្តិភាព​ស្ថិតស្ថេរ និង​ត្រឹមត្រូវ​សម្រាប់​អ៊ុយក្រែន។

ចិន ជា​សម្ព័ន្ធភាព​យ៉ាង​ស៊ីជម្រៅ​ជាមួយ​រុស្ស៊ី ដែល​ប្រទេស​ធំ​នេះ​មិន​បាន​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ និង​លោក​ខាងលិច​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី ពាក់ព័ន្ធ​ការ​លើក​ទ័ព​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន នោះ​ទេ។

ក្រុង​ប៉េកាំង អះអាង​ថា ខ្លួន​សូម​ប្រកាន់​ជំហរ​អព្យាក្រឹត ដោយ​មិន​នៅ​ជាមួយ​ខាង​ណា​ឡើយ តែ​លោក Kuleba បាន​ទទូច​ថា ចិន​គួរ​ក្លាយ​ជា​អ្នក​ជួយ​ស្ដារ​សន្តិភាព​សម្រាប់​ប្រទេស​អ៊ុយក្រែន។

តែ​យ៉ាងណា ជុំវិញ​ការ​លើកឡើង​របស់​លោក Kuleba ដែល​ចង់​ឱ្យ​ចិន ជួយ​សម្រុះសម្រួល​ឱ្យ​រុស្ស៊ី មក​រក​តុ​ចរចា អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា រុស្ស៊ី ជា​ធម្មតា​តែងតែ​បើក​ចំហ​ចំពោះ​ដំណើរការ​នៃ​កិច្ចចរចា។ ប៉ុន្តែ​ជា​ដំបូង គេ​ត្រូវតែ​ស្វែងយល់​ជា​មុន​សិន​ថា តើ​ខាង​ភាគី​អ៊ុយក្រែន បាន​ត្រៀម​ខ្លួន​យ៉ាង​ដូចម្ដេច និង​ថា តើ​ភាគី​អ៊ុយក្រែន បាន​ទទួល​ការ​អនុញ្ញាត​កម្រិត​ណា​ពី​មេដឹកនាំ​របស់​ពួកគេ។

កន្លង​មក វិមាន​ក្រឹមឡាំង បាន​ឱ្យ​ដឹង​ថា ការពិត អាណត្តិ​នៃ​ការ​កាន់​អំណាច​របស់​លោក ហ្សេឡេនស្គី បាន​ផុត​តាំងពី​ខែ​ឧសភា ក្នុង​ឆ្នាំ​២០២៤ នេះ ចុះ​ហេតុ​អ្វី​អ៊ុយក្រែន មិន​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សម្រាប់ ៥​ឆ្នាំ​ទៅ​មុខ​ទៀត។

លោក Dmitry Peskov បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា ខណៈ​នេះ​លោក ហ្សេឡេនស្គី នៅតែ​កាន់​អំណាច ថា​តើ​គាត់​ជា​មេដឹកនាំ​អ៊ុយក្រែន ស្រប​ច្បាប់​ដែរ​ឬ​ទេ។

អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង​រូប​នេះ​បាន​ថ្លែង​ថា ការ​ចោទ​សួរ​របស់​លោក​អំពី​ភាព​ស្រប​ច្បាប់​លោក ហ្សេឡេនស្គី នៅ​បន្ត​ជា​មេដឹកនាំ​អ៊ុយក្រែន ពិត​ជា​ពិបាក​ឆ្លើយ។

របប​ដឹកនាំ​នៅ​ទីក្រុង​មូស្គូ បាន​ចោទប្រកាន់​លោក ហ្សេឡេនស្គី ថា​ជា​អាយ៉ង​របស់​សហរដ្ឋ​អាមេរិក និង​ពួក​បស្ចិម​ប្រទេស តែ​ប្រធានាធិបតី​អ៊ុយក្រែន​រូប​នេះ​បាន​ទាត់​ចោល​ការ​ចោទប្រកាន់​បែប​នេះ។

លោក ហ្សេឡេនស្គី និង​សម្ព័ន្ធមិត្ត​លោក​ខាងលិច បាន​អះអាង​ថា អ៊ុយក្រែន​មាន​សិទ្ធិ​ផ្អាក​ការ​រៀបចំ​ការ​បោះឆ្នោត ខណៈ​អ៊ុយក្រែន កំពុង​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ពី​រុស្ស៊ី ហើយ​ថា​រុស្ស៊ី គ្មាន​សិទ្ធិ​អ្វី​មក​រិះគន់​វាយប្រហារ​ប្រព័ន្ធ​ដឹកនាំ​នៅ​អ៊ុយក្រែន នោះ​ទេ។

កន្លង​មក ទីក្រុង​មូស្គូ បាន​ដាក់​លក្ខខណ្ឌ​ពីរ​ចំណុច​ទៅ​ឱ្យ​អ៊ុយក្រែន។

ក្រុង​មូស្គូ លើកឡើង​ថា ខ្លួន​បាន​ត្រៀម​រួច​ហើយ​ទៅ​រក​តុ​ចរចា ប៉ុន្តែ​ចោទ​សួរ​ថា ក្រុង​គៀវ បាន​ត្រៀម​រួច​ហើយ​ឬ​នៅ ដើម្បី​ទទួល​លក្ខខណ្ឌ​របស់​ក្រុង​មូស្គូ ដែល​ថា​អ៊ុយក្រែន ត្រូវ​យល់ព្រម​ដក​ទ័ព​ចេញពី​សមរភូមិ​ជួរមុខ ហើយ​បញ្ឈប់​ការ​វាយប្រហារ​ទៅ​លើ​ទ័ព​រុស្ស៊ី នៅ​ក្នុង​តំបន់​ដែល​រុស្ស៊ី វាយ​យក​បាន​ពី​អ៊ុយក្រែន និង​ទី​២ អ៊ុយក្រែន​ត្រូវ​ដក​ពាក្យ​សុំ​ចូល​ជា​សមាជិក​អង្គការ​យោធា​ណាតូ។

តែ​អ៊ុយក្រែន បាន​ហៅ​លក្ខខណ្ឌ​របស់​លោក ពូទីន ថា​និយាយ​ដោយ​មិន​មាន​ការ​ទទួល​ខុសត្រូវ ដែល​ថា​ខ្លួន​បាន​លើក​ទ័ព​មក​ឈ្លានពាន​អ៊ុយក្រែន បែរ​ជា​ឱ្យ​អ៊ុយក្រែន ដក​ទ័ព​ចេញពី​ទឹកដី​របស់​ខ្លួន​ទៅ​វិញ។

លោក​ប្រធានាធិបតី​អ៊ុយក្រែន បាន​ច្រានចោល ហើយ​បាន​វាយបក​វិញ​ថា រុស្ស៊ី​ត្រូវតែ​គោរព​អធិបតេយ្យភាព​បូរណភាព​ទឹកដី​អ៊ុយក្រែន គឺ​សង្គ្រាម​នឹង​បិទ​បញ្ចប់​ភ្លាម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស