31 C
Phnom Penh

គណៈកម្មាធិការ​សិទ្ធិមនុស្ស​ខាង​រដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​ក្តី​បារម្ភ​របស់​មន្ត្រី UN ថា​មាន​លក្ខណៈ​បុរេវិនិច្ឆ័យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ចាត់ទុក​ក្តី​បារម្ភ​របស់​បេសកជន​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​សម្រាប់​បញ្ហា​កម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) ថា​មាន​លក្ខណៈ​បុរេវិនិច្ឆ័យ និង​មើល​តែ​មួយ​ជ្រុង។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (គ.ស.ម.ក.) ចេញ​សេចក្តី​បំភ្លឺ​នៅ​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៤ នេះ​ថា ខ្លួន​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​ក្តី​បារម្ភ​ដែល​ខ្វះ​មូលដ្ឋាន និង​ការ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ឱ្យ​បាន​ត្រឹមត្រូវ​របស់​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅ​ពេលនេះ។

ប្រភព​ដដែល​លើកឡើង​ថា ការ​ធ្វើ​បុរេវិនិច្ឆ័យ និង​មើល​តែ​មួយ​ជ្រុង អាច​បង្ក​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​ក្នុង​ចំណោម​សាធារណជន​ទូទៅ ព្រោះ​ថា​គោលការណ៍​រួម​នៃ​ការ​សន្និដ្ឋាន​ពី​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ណា​មួយ ត្រូវ​ផ្អែក​លើ​កត្តា​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា សេដ្ឋកិច្ច នយោបាយ និង​បរិបទ​ជាក់ស្ដែង​នៃ​ប្រទេស​នោះ។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ស្នើ​ឱ្យ​អង្គភាព ស្ថាប័ន និង​ភាគី​ទាំងអស់ មុន​នឹង​ធ្វើ​សេចក្តី​សន្និដ្ឋាន ឬ​សម្ដែង​នូវ​ការ​យល់​ឃើញ​ណា​មួយ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា សូម​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ឱ្យ​បា​ច្បាស់លាស់ និង​ផ្ទៀងផ្ទាត់​ព័ត៌មាន​ជា​មុន​ឱ្យ​បាន​ត្រឹមត្រូវ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ សម្ដែង​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​របស់​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៤ នេះ ដោយ​សម្ដែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ និង​ការ​រឹតត្បិត​លំហ​សេរីភាព​នយោបាយ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​របស់​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​២១ រហូត​ដល់​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២៤ នៅ​ខេត្ត​រតនគិរី និង​ខេត្ត​កណ្តាល ដើម្បី​ប្រមូល​ព័ត៌មាន​ជុំវិញ​ការ​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក វីទិត មុនតាប៊ន បាន​ជួប​ជាមួយ​តំណាង​រដ្ឋាភិបាល ក្រុម​អង្គការ​សង្គម​ស៊ីវិល អ្នក​សារព័ត៌មាន អ្នក​ការពារ​សិទ្ធិមនុស្ស សមាជិក​សហគមន៍ ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ និង​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ជាច្រើន​ទៀត​ផង​ដែរ។

អតីត​មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ កក្កដា នេះ​ថា ទោះបី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បដិសេធ​ជុំវិញ​ការ​ធ្លាក់​ចុះ​នូវ​ការ​គោរព​សិទ្ធិមនុស្ស​ក៏ដោយ ក៏​គេ​នៅ​តែ​រក​ឃើញ​ថា ទុក្ខវេទនា​របស់​ពលរដ្ឋ​សព្វថ្ងៃ​នេះ គឺ​កើតឡើង​ដោយសារ​អំពើ​អយុត្តិធម៌​សង្គម ដូចជា​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ ជាដើម។

លោក ស៊ឹង សែនករុណា អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ចាត់​វិធានការ​ថ្មីៗ និង​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​លើក​ស្ទួយ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជាជាង​ការ​ចេញ​តែ​របាយការណ៍​វាយតម្លៃ ពីព្រោះ​ការ​ចេញ​ត្រឹម​តែ​របាយការណ៍​បែប​នេះ រដ្ឋាភិបាល​កម្ពុជា​នៅតែ​មើលស្រាល​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ​ដដែល ដោយ​ពួកគេ​គិត​ថា អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ បាន​តែ​និយាយ ប៉ុន្តែ​ធ្វើ​អ្វី​ពួកគេ​មិន​កើត។

ឆ្នាំ​២០២៤ នេះ អង្គការ Freedom House ដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​លេខ​រៀង​ទី​៨ ក្នុង​ចំណោម​ប្រទេស​ទាំង​១១ នៅ​តំបន់​អាស៊ាន ជា​ប្រទេស​ល្បីល្បាញ​ខាង​គាបសង្កត់​សេរីភាព​នយោបាយ សេរីភាព​បញ្ចេញមតិ សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​បំបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស