29 C
Phnom Penh

អ្នក​សង្កេតការណ៍​រិះគន់​វិធានការ​តេស្ដ​និង​បង្ក្រាប​គ្រឿងញៀន​លើ​មន្ត្រី​កងកម្លាំង​ថា​មាន​ចន្លោះ​ប្រហោង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​រក​ឃើញ​មន្ត្រី​នគរបាល​រដ្ឋបាល​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់ រហូត​ដល់​ការ​ជួញដូរ​គ្រឿងញៀន បង្ហាញ​ថា វិធានការ​របស់​ក្រសួង​មហាផ្ទៃ ក្នុង​ការ​ត្រួតពិនិត្យ​រក​សារធាតុ​ញៀន​លើ​មន្ត្រី​កងកម្លាំង​របស់​ខ្លួន​នៅ​តាម​អង្គភាព​នានា នៅ​មាន​ភាព​ចន្លោះ​ប្រហោង​ដែល​អាច​បណ្តាល​មកពី​អំពើពុករលួយ។

អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ កក្កដា នេះ​ថា លោក​សូម​អបអរ​សាទរ​នូវ​ការ​អនុវត្ត​វិធានការ​ច្បាប់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ក្នុង​ការ​បង្ក្រាប​ការ​ជួញដូរ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​អនុវត្ត​ច្បាប់។

លោក​បន្ត​ថា ការ​ធ្វើ​បែប​នេះ​ក៏​ជា​ការ​ព្រមាន​ដល់​មន្ត្រី​ផ្សេង​ទៀត​ដែរ ប្រសិនបើ​ពួកគេ​កំពុង​ប្រព្រឹត្ត​ល្មើស​ច្បាប់​ដោយ​ការ​ប្រើប្រាស់ ឬ​ជួញដូរ​គ្រឿងញៀន​ដែរ​នោះ ដូច្នេះ​ករណី​នេះ​ក៏​ជា​ភស្តុតាង​មួយ​ក្នុង​ការ​ជំរុញ​ឱ្យ​សមត្ថកិច្ច​ជំនាញ ត្រូវតែ​អនុវត្ត​វិធានការ​ត្រួតពិនិត្យ​តាម​អង្គភាព​នានា​ផ្សេង​ទៀត​ឱ្យ​បាន​ហ្មត់ចត់ បើ​ទោះបីជា​ពួកគេ​ធ្លាប់​អនុវត្ត​វិធានការ​ធ្វើ​តេស្ដ​រក​សារធាតុ​ញៀន​ហើយ​ក៏ដោយ។

ប្រភព​ដដែល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និង​សមត្ថកិច្ច​ជំនាញ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ស្តាប់​ការ​រាយការណ៍​របស់​ពលរដ្ឋ ជាជាង​ការ​ស្តាប់​ការ​រាយការណ៍​ពី​មន្ត្រី​របស់​ខ្លួន​តែ​ម្ខាង ដើម្បី​ធានា​នូវ​ការ​រក្សា​សន្តិសុខ​នៅ​មូលដ្ឋាន​ស្រប​តាម​គោលនយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​ជូន​ពលរដ្ឋ​ឱ្យ​បាន​ពេញលេញ។

កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៤ សាលាដំបូង​ខេត្ត​ព្រៃវែង បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​អ្នកលឿង ក្នុង​ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ឈ្មោះ យ៉ែម រ៉ាន់យ៉ា ពី​បទ​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ក្រោយ​សមត្ថកិច្ច​ជំនាញ​ឃាត់​ខ្លួន។

ការ​សម្រេច​ឃុំ​ខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី​ជនល្មើស​ចំនួន ៨​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៤ នៅ​ចំណុច​ខារ៉ាអូខេ​មួយ​កន្លែង​ស្ថិត​ក្នុង​ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ក្នុង​នោះ កម្លាំង​នគរបាល​ជំនាញ​ស្រាវជ្រាវ​រក​ឃើញ​មេខ្លោង​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ក្នុង​មូលដ្ឋាន គឺ​ឈ្មោះ យ៉ែម រ៉ាន់យ៉ា ហៅ រ៉ាន់ ដែល​ជា​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​អ្នកលឿង។

អ្នក​ពាក់ព័ន្ធ​នឹង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​អ្នកលឿង ឈ្មោះ យ៉ែម រ៉ាន់យ៉ា ក្នុង​ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ដែល​ត្រូវ​បាន​សាលាដំបូង​ខេត្ត​ព្រៃវែង ចោទ​ពី​បទ ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៤។

ជុំវិញ​បញ្ហា​នេះ ពលរដ្ឋ​ដែល​រស់នៅ​តាម​ទី​ជនបទ​ក្នុង​បណ្តា​ខេត្ត​មួយ​ចំនួន បាន​ត្អូញត្អែរ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ជា​ហូរហែ ដោយ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​លើ​ការ​អនុវត្ត​ការងារ​ចំពោះ​មន្ត្រី​មូលដ្ឋាន​របស់​ខ្លួន ជាពិសេស​មេ​ប៉ុស្តិ៍​នគរបាល​តាម​ឃុំ​នីមួយៗ ព្រោះ​ពួកគេ​កំពុងតែ​ប្រព្រឹត្ត​បទល្មើស​បើក​ដៃ​ឱ្យ​មាន​ការ​ចែកចាយ​គ្រឿងញៀន​នៅ​មូលដ្ឋាន​យ៉ាង​អនាធិបតេយ្យ​សព្វថ្ងៃ​នេះ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ទាំងនេះ អះអាង​ថា ពួកគាត់​មិន​ដឹង​ថា​ត្រូវ​ប្តឹង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​មួយ​ណា​ទេ នៅ​ពេល​ដែល​មេ​ប៉ុស្តិ៍​ដែល​មាន​តួនាទី​បង្ក្រាប​គ្រឿងញៀន ក្លាយ​ទៅ​ជា​អ្នក​គប់គិត​ជាមួយ​អ្នក​ជួញដូរ​គ្រឿងញៀន​ទៅ​ហើយ​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ដើម​ខែ​កក្កដា ឆ្នាំ​២០២៤ ម្តាយមីង​បង្កើត​នាយករដ្ឋមន្ត្រី​កម្ពុជា អ្នកស្រី ហ៊ុន ស៊ីណាត ចោទ​ថា​មន្ត្រី​ក្រោម​ឱវាទ​លោក ហ៊ុន ម៉ាណែត សុទ្ធតែ​ជា​មន្ត្រី​ពុករលួយ ក្នុង​នោះ​មន្ត្រី​ខាង​បង្ក្រាប​គ្រឿងញៀន​ក៏​ពុករលួយ​មិន​ធម្មតា​ដែរ។

អ្នកស្រី​បញ្ជាក់​ថា ពេល​មាន​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ម្តងៗ ជនល្មើស​ទាំងនោះ​តែង​ត្រូវ​បាន​ធានា​ដោយ​មន្ត្រី​មាន​សមត្ថកិច្ច​ដែល​ជា​មេ​របស់​ពួកគេ ក្រោម​លេស​ថា ជា​ជន​បង្កប់ ឬ​កូន​ខ្លា​របស់​ខ្លួន​ឱ្យ​ស៊ើបអង្កេត ជាដើម តែ​តាម​ពិត អ្នក​ទាំងនោះ​គឺជា​កូន​កញ្ច្រែង​សម្រាប់​រក​លុយ​ឱ្យ​មន្ត្រី​ទាំងនោះ​តែប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស