ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ភ្នំពេញ សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសសកម្មជនបក្សប្រឆាំង លោក វឿង សំណាង និងលោក ខាន់ ប៊ុនផេង ឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ ក្នុងសំណុំរឿង «ញុះញង់ និងរួមគំនិតក្បត់» ទុកជាបានការដដែល។
ចៅក្រមអះអាងថា ការសម្រេចដូច្នេះ ដោយសំអាងថា សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញគឺត្រឹមត្រូវ។
ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីចៅក្រមសាលាឧទ្ធរណ៍ នៅថ្ងៃទី៣០ ខែកក្កដា បានបើកសវនាការបណ្ដឹងសារទុក្ខរបស់លោក វឿង សំណាង និងលោក ខាន់ ប៊ុនផេង ដែលបានប្តឹងជំទាស់នឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីខែធ្នូ ឆ្នាំ២០២២។
តុលាការក្រោមបញ្ជារបស់គ្រួសារត្រកូលហ៊ុន បានផ្ដន្ទាទោសអ្នកទាំងពីរកាលពីខែធ្នូ ឆ្នាំ២០២២ ពីបទ «រួមគំនិតក្បត់ និងញុះញង់» ពាក់ព័ន្ធនឹងការប្រកាសវិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីអំឡុងឆ្នាំ២០១៩ និងឆ្នាំ២០២០។
អតីតសកម្មជនគណបក្សសង្គ្រោះជាតិ លោក វឿង សំណាង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១។ ចំណែកលោក ខាន់ ប៊ុនផេង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
ជុំវិញរឿងនេះ ភរិយារបស់លោក វឿង សំណាង គឺអ្នកស្រី ទៀង ចិន្តា បានសរសេរនៅលើហ្វេសប៊ុករបស់អ្នកស្រីកាលថ្ងៃទី២៤ ខែកក្កដា ថា រយៈពេល ២ឆ្នាំ ៨ខែមកហើយ ស្វាមីរបស់អ្នកស្រីបានបាត់បង់សិទ្ធិសេរីភាពព្រាត់ប្រាសមិនបានជួបជុំក្រុមគ្រួសារដោយសារតែរឿងនយោបាយ។
អ្នកស្រីថា ទោះជាលំបាកឈឺចាប់យ៉ាងណា ក៏ស្វាមីរបស់អ្នកស្រីនៅតែរឹងមាំ និងតស៊ូមិនចុះចាញ់ ព្រោះតែលោកចង់បានសង្គមមួយដែលយុត្តិធម៌ មានសិទ្ធិសេរីភាព និងប្រជាធិបតេយ្យពិតប្រាកដ។
ទោះជាបែបនេះក្តី អ្នកស្រីអះអាងថា អ្នកស្រីនៅតែបន្តទាមទារសិទ្ធិសេរីភាពដល់គ្រួសាររបស់អ្នកស្រី ក៏ដូចជាអ្នកទោសមនសិការផ្សេងទៀត។ អ្នកស្រី ទៀង ចិន្តា ស្នើឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះលែងស្វាមីរបស់អ្នកស្រី និងអ្នកទោសមនសិការផ្សេងទៀតឱ្យមានសេរីភាពវិញ៕