ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ប្រកាសអនុវត្ត «ផែនការយុទ្ធសាស្ត្រជាតិ» ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរយៈពេល ៥ឆ្នាំបន្តទៀត ដើម្បីកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗនូវអំពើជួញដូរមនុស្សនៅកម្ពុជា។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ចូលរួមផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្រជាតិ» ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សសម្រាប់រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ដើម្បីប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ទាំងអស់នៃអំពើជួញដូរមនុស្សក្នុងរយៈពេល ៥ឆ្នាំខាងមុខបន្តទៀត។
លោក ស សុខា បញ្ជាក់ថា ផែនការយុទ្ធសាស្ត្រជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ មានគោលដៅលុបបំបាត់នូវអំពើជួញដូរមនុស្ស និងដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស ផលប្រយោជន៍ រួមទាំងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិផងដែរ។
គណៈកម្មាធិការដដែលនេះព្យាករថា ទម្រង់នៃការកេងប្រវ័ញ្ច និងអំពើជួញដូរមនុស្សដោយប្រើប្រាស់តាមប្រព័ន្ធអនឡាញ នឹងនៅតែអាចបន្តកើតមាននៅអំឡុង ៥ឆ្នាំខាងមុខទៀត ដែលរដ្ឋាភិបាលកម្ពុជាត្រូវតែបន្តទប់ស្កាត់ និងបង្ក្រាបឱ្យបាន ទោះក្នុងទម្រង់បែបណាក៏ដោយ។
នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏បានផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ៥ឆ្នាំផងដែរ ដែលមានកម្រាស់ជាង ១០០ទំព័រ ដែលរៀបរាប់ពីទស្សនវិស័យ គោលដៅ និងគោលបំណង រួមទាំងយុត្តិសាស្ត្រនៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សមួយចំនួនថែមទៀត។
សៀវភៅផែនការប្រឆាំងការជួញដូរមនុស្សនេះ បង្ហាញថា គិតចាប់ពីខែសីហា ឆ្នាំ២០២២ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបង្ក្រាបបទល្មើសជាង ១ពាន់ករណី (១២១៣ករណី) និងរកឃើញអ្នកពាក់ព័ន្ធជាង ២ពាន់នាក់ (២១៥៥នាក់) ដែលរងនូវការកេងប្រវ័ញ្ច និងអំពើជួញដូរមនុស្សតាមប្រព័ន្ធអនឡាញ។
ជុំវិញបញ្ហានេះ គេហទំព័រអន្តរជាតិឈ្មោះ NUMBEO បានចេញផ្សាយរបាយការណ៍កាលពីដើមខែកក្កដា នេះថា ឆ្នាំ២០២៤ នេះ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតដែលបានវាយដណ្តើមយកលេខ១ ឈរកំពូលតារាងជាប្រទេសសម្បូរឧក្រិដ្ឋកម្មខ្លាំងជាងគេបំផុតក្នុងចំណោមប្រទេសនៅតំបន់អាស៊ាន។
ទាក់ទិននឹងបញ្ហានេះ កាលពីចុងខែធ្នូ ឆ្នាំ២០២២ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកាណាដា បានកំណត់គោលដៅដាក់ទណ្ឌកម្មលើឧក្រិដ្ឋកម្មធំៗដែលកំពុងប្រតិបត្តិការឆបោកនៅតំបន់អាស៊ីអាគ្នេយ៍ ដែលគេរកមុខសញ្ញានៅក្នុងប្រទេសឡាវ កម្ពុជា និងមីយ៉ាន់ម៉ា សព្វថ្ងៃនេះ ដែលភាគច្រើនគេបានរកឃើញនៅទីក្រុងឆ្នេរសមុទ្រខេត្តព្រះសីហនុ និងក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនប្រទេសវៀតណាម។
ក្រសួងការបរទេសអាមេរិក បានបញ្ចេញរបាយការណ៍ស្ដីពីការជួញដូរមនុស្ស ដោយដាក់ប្រទេសកម្ពុជាចូលក្នុងបញ្ជីខ្មៅស្ថិតក្រោមការឃ្លាំមើលកម្រិត៣ (Tier 3 Watch List) កាលពីពេលកន្លងទៅ ដោយបញ្ជាក់ថា កម្ពុជាស្ថិតនៅក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្សធ្ងន់ធ្ងរនៅឡើយសព្វថ្ងៃនេះ៕
© 2024, . All rights reserved.