មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល លើកឡើងថា វិវាទក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ ទំនងជាគ្មានដំណោះស្រាយទេ ព្រោះលោក ហ៊ុន ម៉ាណែត ក៏ចាត់ទុកក្រុមកូដករទាំងនោះជាកូដករស៊ីឈ្នួលធ្វើកូដកម្មដូចលោក ហ៊ុន សែន ឪពុករបស់គាត់ដែរ។
មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលកម្ពុជាមួយរូប បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួននៅថ្ងៃទី៥ សីហា នេះថា សព្វថ្ងៃនេះ បើក្រុមកូដករទាំងនោះមានការប្រមូលផ្ដុំច្រើនជាងនេះ រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត នឹងចេញបង្ក្រាបដូចរដ្ឋាភិបាលលោក ហ៊ុន សែន ដែរ ក្រោមលេសថាពួកគេកំពុងស៊ីឈ្នួលបង្កអសន្តិសុខសង្គម។
ប្រភពមន្ត្រីដដែលបញ្ជាក់ថា ពួកគេគ្មានសង្ឃឹមថាក្រុមកូដករទាំងនោះទទួលបានយុត្តិធម៌ទេ ព្រោះវិវាទនេះមិនត្រូវបានលើកយកមកជជែកពិភាក្សាក្នុងរបៀបវារៈណាមួយរបស់រដ្ឋាភិបាលក្នុងការចាត់វិធានការរកដំណោះស្រាយឡើយ។
កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍រាប់សិបនាក់ បានបន្តប្រមូលផ្តុំគ្នានៅមុខក្រុមហ៊ុនបនល្បែងស៊ីសងណាហ្គាវើលដ៍២ ក្រោមតំណក់ទឹកភ្លៀង ដើម្បីទាមទារឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋាភិបាល ជំរុញឱ្យថៅកែក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គាវើលដ៍ ចេញមុខដោះស្រាយវិវាទ ដើម្បីផ្តល់យុត្តិធម៌ឱ្យពួកគេដែលជាជនរងគ្រោះ។
ប្រភពកម្មកររងគ្រោះទាំងនេះ លើកឡើងថា ការរំលោភសិទ្ធិការងារ និងការបញ្ឈប់ថ្នាក់ដឹកនាំសហជីពពីសំណាក់ថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ បានបន្តអូសបន្លាយអស់រយៈពេលជិត ៣ឆ្នាំមកហើយ ខណៈក្រសួងការងារ ក៏មិនបានចេញមុខរកយុត្តិធម៌ឱ្យកម្មកររងគ្រោះដែរ។
ក្រុមកូដកររងគ្រោះទាំងនេះ អះអាងថា ការធ្វើកូដកម្មរបស់ពួកគេជិត ៣ឆ្នាំមកនេះ គឺដើម្បីទាមទារសិទ្ធិសហជីពស្របច្បាប់ប៉ុណ្ណោះ មិនមែនជាការធ្វើកូដកម្មដោយការស៊ីឈ្នួលដើម្បីញុះញង់ ឬបង្កចលាចលក្នុងសង្គមនោះទេ បើថៅកែណាហ្គាវើលដ៍ផ្តល់ភាពយុត្តិធម៌សម្រាប់ពួកគេ ក៏គ្មានការធ្វើកូដកម្មតវ៉ានេះដែរ។
ប្រភពដដែល អំពាវនាវឱ្យរដ្ឋាភិបាល និងក្រសួងការងារ បញ្ឈប់ការចាប់អ្នកការពារសិទ្ធិកម្មករ បញ្ឈប់ការរឹតត្បិតសិទ្ធិសហជីព និងបញ្ឈប់ការប្រើអំពើហិង្សាលើកូដករ ព្រោះថាពីមួយថ្ងៃៗ ថៅកែក្រុមហ៊ុនណាហ្គាវើលដ៍នៅតែបន្តរំលោភសិទ្ធិកម្មករកាន់តែធ្ងន់ធ្ងរទៅៗសព្វថ្ងៃនេះ។
ចាប់តាំងពីមានការផ្ទុះការតវ៉ាកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ មក តំណាងក្រុមកូដករបានស្វែងរកការចរចាជាមួយតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ជាច្រើនលើកច្រើនសា និងបានដាក់ញត្តិទៅក្រសួងការងារ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក៏ដូចជាភាគីពាក់ព័ន្ធជាបន្តបន្ទាប់។
រហូតមកទល់នឹងពេលនេះ មានរយៈពេល ២ឆ្នាំ ៧ខែ ១៧ថ្ងៃ (៩៦០ថ្ងៃ) ហើយ ប៉ុន្តែក្រុមកូដកររងគ្រោះទាំងនេះមិនទាន់ទទួលបានដំណោះស្រាយណាមួយដើម្បីបញ្ចប់វិវាទនេះនៅឡើយទេ។
ឪពុកនាយករដ្ឋមន្ត្រីបន្តពូជថ្មីលោក ហ៊ុន សែន កាលពីខែមិថុនា ឆ្នាំ២០២៣ បានលើកឡើងថា អតីតបុគ្គលិកណាហ្គាវើលដ៍ដែលនៅសេសសល់ ហើយកំពុងធ្វើការតវ៉ា គឺជាក្រុមស៊ីឈ្នួលបាតុកម្ម៕