​អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ

ព័ត៌មានជាតិ

អ្នកវិភាគ​ថា​ឱកាស​ការងារ​ជាង ១៦​ម៉ឺន​នាក់​ក្នុង​តំបន់ CLV គឺ​នឹង​ធ្លាក់​ទៅ​លើ​ពលរដ្ឋ​វៀតណាម​ប៉ុណ្ណោះ

By ឌឹ ខេមបូឌា ដេលី

August 07, 2024

អ្នកវិភាគ​លើកឡើង​ថា គម្រោង​វិនិយោគ​ក្នុង​ខេត្ត​ទាំង​៤ នៃ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ចំនួន ១០៥​គម្រោង​ដែល​ជួយ​បង្កើត​ការងារ​ឱ្យ​ពលរដ្ឋ​ជាង ១៦​ម៉ឺន​នាក់ (១៦១៨១៣​នាក់) គឺ​សម្រាប់​តែ​ពលរដ្ឋ​វៀតណាម ប៉ុណ្ណោះ ខណៈ​ពលរដ្ឋ​ខ្មែរ​ត្រូវ​ចាកចោល​លំនៅឋាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ជាបន្តបន្ទាប់។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៥ ខែ​សីហា ថា បើ​គិត​ពី​ចំនួន​ការងារ​ក្នុង​ខេត្ត​ទាំង​៤ នៃ​តំបន់​ត្រីកោណ​តាមរយៈ​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដែល​បង្ហាញ​ដោយ​រាជបណ្ឌិត្យសភា​កម្ពុជា កាលពី​ដើម​ខែ​សីហា នេះ គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ចំនួន​ពលរដ្ឋ​វៀតណាម ធ្វើ​នោះ​ទេ។

លោក គឹម សុខ លើកឡើង​ថា បើ​ផ្អែក​តាម​របាយការណ៍​របស់​អង្គការ​លីកាដូ (LICADHO) អំពី​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ទៅ​ឱ្យ​ក្រុមហ៊ុន​វៀតណាម បង្ហាញ​ថា ពលរដ្ឋ​វៀតណាម កំពុង​រស់នៅ​ក្នុង​ខេត្ត​ទាំង​៤ នេះ ប្រមាណ​ជាង ៤​សែន​នាក់​យ៉ាងតិច បើ​គិត​ក្នុង​ទំហំ​ដី ១​ហិកតា ដែល​តម្រូវ​ឱ្យ​មាន​កម្មករ​វៀតណាម ២​នាក់​សម្រាប់​ធ្វើការ​ក្នុង​ដី​សម្បទាន​ទាំងនោះ។

លោក​ថា កាន់តែ​គ្រោះថ្នាក់​ទៅ​ទៀត​នោះ គឺ​ពលរដ្ឋ​វៀតណាម ជាង ៨​លាន​នាក់​ក្នុង​ខេត្ត​ទាំង​៥ របស់​វៀតណាម អាច​ចេញ​ចូល​ដោយ​សេរី ទាំង​ការ​រស់នៅ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់​នេះ ដូច្នេះ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ត្រឹមតែ​ប្រមាណ​ជា ៩​សែន​នាក់​ក្នុង​ខេត្ត​ទាំង​៤ នេះ មិន​អាច​ដណ្តើម​ការងារ​ឈ្នះ​ពលរដ្ឋ​វៀតណាម ដែល​មាន​ជាង ៨​លាន​នាក់​នោះ​ទេ។

លោក គឹម សុខ អះអាង​ថា ផែនការ​អភិវឌ្ឍន៍​រួម​គ្នា​រវាង​កម្ពុជា ឡាវ និង​វៀតណាម គឺជា​មហិច្ឆតា​គ្រប់គ្រង​ទឹកដី​ខ្មែរ​របស់​វៀតណាម ព្រោះ​នៅ​អំឡុង​ឆ្នាំ​២០១៦ វៀតណាម​បាន​កំណត់​លក្ខខណ្ឌ​ឱ្យ​ពលរដ្ឋ​ក្នុង​ខេត្ត​ទាំង​១៣ នៃ​តំបន់​ត្រីកោណ​អាច​ឆ្លង​ចូល​ទៅវិញ​ទៅមក​ដោយ​សេរី។

លោក​បន្ត​ថា រហូត​ដល់​ឆ្នាំ​២០១៨ ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​១០ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ក៏​ស្នើ​ឱ្យ​កម្ពុជា និង​ឡាវ ដាក់​ប្រទេស​ទាំងមូល​ចូល​ទៅ​ក្នុង​ការ​អភិវឌ្ឍ​រួម​គ្នា​តែម្តង ដូច្នេះ​មាន​ន័យ​ថា ប្រជាជន​វៀតណាម ដែល​មាន​ជាង ១០០​លាន​នាក់​ក្នុង​ប្រទេស​វៀតណាម ទាំងមូល នឹង​អាច​ចេញ​ចូល​ក្នុង​ប្រទេស​កម្ពុជា​ដោយ​សេរី​ដែរ។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា លោក ហ៊ុន សែន បាន​យល់ព្រម​តាម​សំណើ​របស់​វៀតណាម រួច​ហើយ ហើយ​គាត់​ក៏​កំពុង​ប្រើ​ល្បិច​ដាក់​បញ្ចូល​ម្តង​មួយ​ខេត្តៗ​ដែរ។

កាលពី​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២៤ បណ្ឌិត​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គី សេរីវឌ្ឍន៍ បាន​លើកឡើង​នៅ​ក្នុង​កិច្ចពិភាក្សា​តុ​មូល​ស្ដីពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម ថា ខេត្ត​ទាំង​៤ ក្នុង​តំបន់​ត្រីកោណ​មាន​ការ​អភិវឌ្ឍ​ពេញលេញ និង​ជួយ​បង្កើត​ឱកាស​ការងារ​ដល់​ពលរដ្ឋ​យ៉ាង​ច្រើន​សព្វថ្ងៃ​នេះ។

បណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើង​ថា ខេត្ត​ទាំង​៤ ក្នុង​តំបន់​ត្រីកោណ​មាន​គម្រោង​អភិវឌ្ឍន៍​សរុប​ចំនួន ១០៥​គម្រោង និង​បាន​បង្កើត​ការងារ​ឱ្យ​ពលរដ្ឋ​ជាង ១៦​ម៉ឺន​នាក់ (១៦១៨១៣​នាក់) សព្វថ្ងៃ​នេះ ដែល​របាយការណ៍​នេះ​បង្ហាញ​ថា ខេត្ត​ទាំងនេះ​មាន​ការ​អភិវឌ្ឍ និង​រីកចម្រើន​ជាង ២៥​ឆ្នាំ​មុន ខណៈ​ពលរដ្ឋ​ក៏​មាន​ការងារ​ធ្វើ​កាន់តែ​ច្រើន​ឡើង​ជាង​មុន​ដែរ។

ជុំវិញ​បញ្ហា​នេះ អង្គការ​លីកាដូ បាន​ចេញ​របាយការណ៍​កាលពី​ចុង​ឆ្នាំ​២០២៣ បង្ហាញ​ថា ដី​សម្បទាន​សេដ្ឋកិច្ច ១​ហិកតា​ជា​មធ្យម​ត្រូវការ​កម្មករ ៣​នាក់ ដូច្នេះ​គេ​រក​ឃើញ​ថា ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​វៀតណាម ជាង ២០​ម៉ឺន​ហិកតា​នៅ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នេះ គឺ​ត្រូវការ​កម្មករ​ជាង ៧០​ម៉ឺន​នាក់ (៧៣៥៩១២​នាក់) ឯណោះ៕

© 2024, . All rights reserved.