31 C
Phnom Penh

តុលាការ​ធម្មនុញ្ញ​ថៃ​សម្រេច​រំលាយ​បក្ស Move Forward ក្រោម​បទ​ចោទ​មាន​ផែនការ​រំលាយ​របប​រាជា​និយម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ថ្ងៃ​ពុធ ទី​៧ សីហា នេះ តុលាការ​ធម្មនុញ្ញ​ថៃ ចេញ​ដីកា​បង្គាប់​ឱ្យ​រំលាយ​បក្ស​ប្រឆាំង​ធំ​ជាងគេ គឺ​គណបក្ស​កាវក្លៃ ឬ Move Forward Party ក្រោម​បទ​ចោទ​ថា មាន​ផែនការ​រំលាយ​របប​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ។

ការ​សម្រេច​របស់​តុលាការ​ធម្មនុញ្ញ​ថៃ ធ្វើឡើង​តាម​សំណើ​របស់​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ថៃ ដែល​បាន​ប្ដឹង​ជា​ផ្លូវការ​កាលពី​ខែ​មីនា កន្លង​ទៅ ស្នើ​ឱ្យ​រំលាយ​បក្ស Move Forward ក្រោម​ការ​សំអាង​ថា គោលនយោបាយ​របស់​គណបក្ស​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រាជាធិបតេយ្យ​ថៃ ដែល​មាន​ព្រះមហាក្សត្រ​ជា​ប្រមុខ​រដ្ឋ និង​បង្កប់​នូវ​កិច្ចប្រឹងប្រែង​ដើម្បី​ប៉ុនប៉ង​បំផ្លាញ​ស្ថាប័ន​ព្រះមហាក្សត្រ​ក្នុង​រាជាណាចក្រ​ដែល​មាន​អាយុកាល​យូរ​ជាងគេ​បំផុត​នៃ​ពិភពលោក។

សាលដីកា​របស់​តុលាការ​ធម្មនុញ្ញ​ថៃ បាន​បញ្ជាក់​ថា យោង​តាម​បណ្ដឹង​របស់​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត បក្ស Move Forward មាន​ផែនការ​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ស្ដីពី​ការ​ការពារ​ប្រឆាំង​ការ​ប្រមាថ​ព្រះមហាក្សត្រ ដែល​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ និង​មាត្រា​១១២ នៃ​ក្រមព្រហ្មទណ្ឌ។ មាត្រា​១១២ ជា​ស្មារតី​ច្បាប់​មួយ​ចែង​ការពារ​របប​រាជា​និយម​ពី​ការ​ប្រមាថ​រិះគន់ ទោះបី​បុគ្គល​ណា បក្ស​ណា​ក៏ដោយ គឺ​ត្រូវតែ​មាន​ទោស។

យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AP សេចក្ដី​សម្រេច​ក្នុង​តុលាការ​កំពូល​នៃ​រាជាណាចក្រ​ថៃ បាន​សម្រេច​ដោយ​ការ​បោះឆ្នោត​ពី​ក្រុមប្រឹក្សា​វិនិច្ឆ័យ ដែល​មាន​សំឡេង​លើសលប់​ក្នុង​ការ​ចេញ​ដីកា​បង្គាប់​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច អនុវត្ត​សាលដីកា​របស់​តុលាការ​ដោយ​រំលាយ​បក្ស​នេះ​ជា​ផ្លូវការ។

តុលាការ​ធម្មនុញ្ញ​ប្រទេស​ថៃ ក៏​បាន​ចេញ​ដីកា​ដាក់​បម្រាម​សមាជិក​ជាន់ខ្ពស់​ទាំង ១១​នាក់​នៃ​ក្រុមប្រឹក្សា​នាយក​នៃ​បក្ស​នោះ មាន​ទាំង​អតីត​មេដឹកនាំ​គណបក្ស​ផង គឺ​លោក Pita Limjaroenrat ក៏​ត្រូវ​ជាប់​បម្រាម​មិន​ឱ្យ​ធ្វើ​នយោបាយ​ក្នុង​រយៈពេល ១០​ឆ្នាំ ចាប់ពី​ពេល​នេះ​ទៅ។

ទោះជា​យ៉ាងណា​ក៏ដោយ គណបក្ស​នេះ​នៅតែ​រក្សា​ទុក​បាន​នូវ​តំណាងរាស្ត្រ​ចំនួន ១៤៣​នាក់​នៃ​បក្ស​នេះ​នៅ​ក្នុង​រដ្ឋសភា គឺ​មាន​ន័យ​ថា រំលាយ​រចនាសម្ព័ន្ធ​បក្ស តែ​មិន​រំលាយ​សមាជិក​សភា​នៃ​បក្ស​នេះ​ទេ។

ចំណែក​សមាជិក​សភា​ទាំងអស់​នេះ ត្រូវតែ​មាន​បក្ស​នយោបាយ​ថ្មី​របស់​ខ្លួន​ស្រប​ច្បាប់ ទើប​អាច​រក្សា​បាន​សមាជិក​សភា​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋសភា។ សមាជិក​សភា​ត្រូវ​បង្កើត​បក្ស​របស់​ខ្លួន​ជាបន្ទាន់ ដោយ​ពុំ​មាន​មន្ត្រី​ជាន់ខ្ពស់ ១១​នាក់​ដែល​ត្រូវ​បាន​ហាម​ធ្វើ​នយោបាយ​រយៈពេល ១០​ឆ្នាំ​នេះ​ទេ។

កាលពី​ឆ្នាំ​២០២០ គណបក្ស Future Forward ជា​ឈ្មោះ​ដើម​នៃ​បក្ស Move Forward ក៏​ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​រំលាយ​ដូច​គ្នា​ដែរ តែ​ក៏​មិន​បាន​រំលាយ​ចោល​សមាជិក​សភា​ពី​បក្ស​នេះ​ដែល​ជាប់​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​កាលពី​ឆ្នាំ​២០១៩ នោះ​ទេ។

គណបក្ស Future Forward ត្រូវ​រំលាយ ហើយ​បង្កើត​បក្ស​ថ្មី គឺ​បក្ស Move Forward ដែល​មាន​សមាជិក​សភា ៨១​រូប។ ប្រធាន​របស់​បក្ស Future Forward គឺ​លោក Thanathorn Juangroongruangkit ជា​អ្នកជំនួញ និង​ជា​សកម្មជន​នយោបាយ និង​សង្គម​ថៃ។

លោក Thanathorn និង​មន្ត្រី​ជាន់ខ្ពស់​របស់​លោក​ជាច្រើន​នាក់ ត្រូវ​បាន​ហាម​ធ្វើ​នយោបាយ​រយៈពេល ១០​ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០២០ មក។ លោក Thanathorn ប្រៀប​បាន​ជា​រៀមច្បង​របស់​លោក Pita Limjaroenrat ប្រធាន​គណបក្ស Move Forward ដែល​ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​ថៃ ចេញ​ដីកា​រំលាយ​នៅ​ថ្ងៃ​នេះ។

គណបក្ស Move Forward គឺជា​បក្ស​ដែល​ឈ្នះ​បាន​អាសនៈ​ច្រើន​ជាងគេ​បង្អស់​ក្នុង​ការ​បោះឆ្នោត​សភា​កាលពី​ឆ្នាំ​២០២៣ ហើយ​លោក Pita Limjaroenrat បាន​ព្យាយាម​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថៃ តាមរយៈ​ការ​បោះឆ្នោត​ចេញ​ពី​សមាជិក​សភា​រួម​គ្នា តែ​មិន​បាន​សម្រេច។ កិច្ច​ប្រឹងប្រែង​បង្កើត​រដ្ឋាភិបាល​របស់​បក្ស Move Forward ត្រូវ​បាន​រារាំង​ដោយ​ក្រុម​សមាជិក​ព្រឹទ្ធសភា ក៏ដូចជា​សមាជិក​រដ្ឋសភា​របស់​គណបក្ស​ដែល​គាំទ្រ​យោធា និង​របប​រាជា​និយម។

សាលដីកា​របស់​តុលាការ​ធម្មនុញ្ញ​ថៃ គឺជា​ការ​វាយ​បង្ក្រាប​ស្ថានការណ៍​នយោបាយ

សាលដីកា​របស់​តុលាការ​ធម្មនុញ្ញ​ថៃ សម្រេច​រំលាយ​បក្ស​ប្រឆាំង​ធំ​ជាងគេ គឺ​បក្ស Move Forward គឺ​មុន​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ដែល​នាយករដ្ឋមន្ត្រី​ថៃ ពី​ខាង​បក្ស​ភឿថៃ លោក Srettha Thavisin កំពុងតែ​ប្រឈមមុខ​នឹង​ការ​ដក​តំណែង ក្រោម​បណ្ដឹង​មួយ​ចោទ​ថា លោក​ជ្រើសតាំង​សហការី​ម្នាក់ គឺ​លោក Pichit Chuenban ឡើង​ជា​រដ្ឋមន្ត្រី​គណៈរដ្ឋមន្ត្រី ដែល​រដ្ឋមន្ត្រី​រូប​នេះ​ធ្លាប់​មាន​ទោស​ករណី​សូកប៉ាន់​តុលាការ។ បណ្ដឹង​ប្រឆាំង​លោក Srettha Thavisin កំពុង​ស្ថិត​ក្នុង​ដែន​យុត្តាធិការ​នៃ​តុលាការ​ធម្មនុញ្ញ ដែល​ដើមបណ្ដឹង​ជា​សមាជិក​ព្រឹទ្ធសភា ៤០​រូប។

ច្បាប់​ថៃ ហាម​ដាច់ខាត​មនុស្ស​មិន​ស្អាតស្អំ​មាន​ពិរុទ្ធភាព ពុករលួយ ឬ​សូកប៉ាន់ មិន​អនុញ្ញាត​កាន់​កិច្ចការ​រដ្ឋ​ជា​រដ្ឋមន្ត្រី​ឡើយ។ ទោះជា​យ៉ាង​នេះ​ក្តី លោក Srettha Thavisin សង្ឃឹម​ថា​ចៅក្រម​តុលាការ​ធម្មនុញ្ញ នឹង​ស្ដាប់​បាន​នូវ​ការ​ពន្យល់​បកស្រាយ​របស់​លោក ដែល​លោក​អះអាង​ថា​លោក​មិន​មាន​កំហុស​នោះ​ទេ។

សំណុំរឿង​ដាច់ដោយឡែក​មួយ​ទៀត អតីត​នាយករដ្ឋមន្ត្រី​ថៃ ដ៏​មាន​ឥទ្ធិពល លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក៏​កំពុង​ជាប់​ចោទ​មួយ​ករណី​ដែរ គឺ​ការ​ប្រមាថ​ស្ថាប័ន​ព្រះមហាក្សត្រ​ថៃ ដែល​នេះ​គឺ​ជា​ករណី​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​មួយ​ដែរ។ បទ​ចោទ​នេះ លោក ថាក់ស៊ីន ត្រូវ​ប្រឈមមុខ​នឹង​ទោស ១៥​ឆ្នាំ ក្រោម​មាត្រា​១១២ នៃ​ក្រមព្រហ្មទណ្ឌ​ថៃ តែ​លោក ថាក់ស៊ីន បាន​បង់​ប្រាក់​ធានា​នៅ​ក្រៅ​ឃុំ​ចំនួន ១៤០០០​ដុល្លារ។

ទាំង​សំណុំរឿង​នាយករដ្ឋមន្ត្រី Srettha Thavisin និង​លោក ថាក់ស៊ីន នឹង​ត្រូវ​តុលាការ​ថៃ បើក​ជំនុំជម្រះ​ក្ដី​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ។

អ្នក​សង្កេតការណ៍​ព្រមាន​ថា រាជាណាចក្រ​ថៃ អាច​នឹង​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​ជា​ថ្មី​ទៀត ដែល​នឹង​កើត​ពី​ករណី​រំលាយ​បក្ស Move Forward ផង ដោយ​បូក​បញ្ចូល​សំណុំរឿង​លោក​នាយករដ្ឋមន្ត្រី Srettha Thavisin និង​សំណុំរឿង​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន បើ​អ្នក​នយោបាយ​ទាំង​ពីរ​រូប​នេះ​អាច​រង​នូវ​ការ​ដាក់​ទណ្ឌកម្ម​ពី​តុលាការ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស