ក្រសួងព័ត៌មាន កំណត់ឱ្យអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ត្រូវតែអនុវត្តតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានក្នុងប្រទេសកម្ពុជា ដើម្បីធានាបរិយាកាសល្អប្រសើរសម្រាប់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានប្រកបដោយទំនុកចិត្ត។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ដ្រា ចេញសេចក្តីប្រកាសស្ដីពីការដាក់ឱ្យអនុវត្តវិជ្ជាជីវៈសារព័ត៌មានកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ដែលទើបនឹងផ្សព្វផ្សាយនៅថ្ងៃទី៧ សីហា នេះថា ការប្រកាសឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ គឺដើម្បីកំណត់សកម្មភាពផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ និងមធ្យោបាយ ក្នុងបំណងធានាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានរួម ទូទាំងប្រទេសកម្ពុជា។
ប្រភពដដែលអះអាងថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះត្រូវកំណត់សកម្មភាពរបស់អ្នកសារព័ត៌មានគ្រប់ប្រភេទ ដូចជា អ្នកសារព័ត៌មានគ្មានអង្គភាព អ្នកសារព័ត៌មានពលរដ្ឋដែលសំដៅដល់ប្រជាពលរដ្ឋ និងសាធារណជនទូទៅដែលប្រមូល ចែកចាយ វិភាគព័ត៌មាន ឬដំណឹងចម្រុះតាមបណ្ដាញសង្គមសព្វថ្ងៃនេះ។
បន្ថែមលើនេះទៀត មានដូចជា អ្នកសារព័ត៌មានថតរូប អ្នកសារព័ត៌មានអាជីព សារព័ត៌មានអេឡិចត្រូនិក អ្នកផលិតមាតិកា អ្នកមានប្រជាប្រិយភាព អ្នកផលិតវីដេអូប្លក់ អ្នកផ្សព្វផ្សាយប្រពៃណី និងអ្នកផលិតព័ត៌មានជាច្រើនផ្សេងទៀត ដែលកំពុងប្រតិបត្តិនៅក្នុងប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ។
លោក នេត្រ ភក្ដ្រា បញ្ជាក់ថា អ្នកអនុវត្តសកម្មភាពក្នុងវិស័យសារព័ត៌មានមិនត្រូវផ្សាយប៉ះពាល់អង្គព្រះមហាក្សត្រ ជានិមិត្តរូបជាតិ ឬវាយប្រហារជាន់ឈ្លីស្ថាប័នសាធារណៈឡើយ មិនត្រូវប្រើពាក្យហិង្សា ជេរប្រមាថ មិនត្រូវទិញលក់ព័ត៌មាន ឬលុបចោលព័ត៌មានជាថ្នូរនឹងប្រាក់ ឬធ្វើជាភ្នាក់ងារចែកចាយដំណឹងក្លែងក្លាយជាដាច់ខាត ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន មាន ៤ជំពូក និង ២៧មាត្រា ដែលចែងអំពីគោលបំណង វិសាលភាព និងនិយមន័យ សេរីភាពផ្សារភ្ជាប់នឹងការទទួលខុសត្រូវ ការកំណត់សកម្មភាពផ្សាយព័ត៌មាន សុក្រឹតភាពនៃការផ្សាយព័ត៌មាន ភាពទទួលខុសត្រូវក្នុងសង្គម អំពីឯករាជ្យ និងអព្យាក្រឹតភាពសារព័ត៌មាន ការអនុវត្តច្បាប់ក្នុងប្រទេស ការចូលរួមលើកស្ទួយវិស័យសារព័ត៌មាននៅកម្ពុជា អំពីសិទ្ធិ ករណីយកិច្ច និងការគាំពារ និងចុងក្រោយ គឺចែងអំពីការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានផងដែរ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៧ សីហា នេះថា លោកស្វាគមន៍រាល់ការធានាឱ្យមាននូវការផ្សព្វផ្សាយប្រកបដោយវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ប៉ុន្តែធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ បើមិនចែងឱ្យបានច្បាស់លាស់ ជាក់លាក់ និងលម្អិតទេ នឹងក្លាយជាគ្រោះថ្នាក់សម្រាប់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរទៅវិញប៉ុណ្ណោះ។
លោក សេក សុជាតិ ប្រៀបធៀបថា ករណីជាក់ស្តែងជាបទចោទ បង្កភាពវឹកវរដល់សន្តិសុខសង្គម ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ គឺជាមាត្រាមួយដែលមិនបានកំណត់ឱ្យបានច្បាស់លាស់ថា តើសម្ដីបែបណា ឬពាក្យបែបណាដែលកំណត់ថាជាពាក្យ ឬសម្ដីនាំទៅដល់ការបង្កភាពវឹកវរដល់សន្តិសុខសង្គមនោះទេ។
លោកថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលក្រសួងព័ត៌មាន ប្រកាសឱ្យអនុវត្តនៅពេលនេះ គឺមានលក្ខណៈដូចគ្នានឹងបទចោទ បង្កភាពវឹកវរដល់សន្តិសុខសង្គមនេះដែរ ព្រោះថាក្រសួងសាមីមិនបានបញ្ជាក់ឱ្យបានច្បាស់ និងលម្អិតទេថា ពាក្យណានាំឱ្យប៉ះពាល់ដល់អង្គព្រះមហាក្សត្រ និងពាក្យណាជាពាក្យហិង្សា ជាដើម ដែលបញ្ហានេះនឹងបង្កឱ្យមានការបកស្រាយផ្សេងៗពីគ្នាតាមគំនិតរបស់បុគ្គលរៀងៗខ្លួន។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះអះអាងថា ការចែងមិនបានជាក់លាក់ពីការហាមប្រាមក្នុងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ អាចនឹងបង្កភាពចំណេញសម្រាប់អ្នកមានឥទ្ធិពល ឬមានអំណាចតែប៉ុណ្ណោះ ព្រោះថាពួកគេអាចមានសិទ្ធិបកស្រាយបានគ្រប់បែបយ៉ាងទៅតាមគំនិតផ្ទាល់ខ្លួនរបស់ពួកគេ។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) បានចេញផ្សាយអំពីសន្ទស្សន៍សេរីភាពសារព័ត៌មានសម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២៤ កាលពីដើមខែសីហា ឆ្នាំ២០២៤ នេះថា ប្រទេសកម្ពុជាធ្លាក់ចំណាត់ថ្នាក់ខាងសេរីភាពសារព័ត៌មានចំនួន ៩លេខចំនួនពីរឆ្នាំជាប់គ្នាសម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២៤ គឺធ្លាក់ពីលេខ១៤២ ក្នុងឆ្នាំ២០២២ មកចំណាត់ថ្នាក់លេខ១៥១ ដោយសារតែគេរកឃើញថា រាជរដ្ឋាភិបាលកម្ពុជាបានវាយប្រហារ និងគាបសង្កត់លើសេរីភាពសារព័ត៌មានឯករាជ្យកាន់តែធ្ងន់ធ្ងរ៕
© 2024, . All rights reserved.