នាយករដ្ឋមន្ត្រីថ្មីតត្រកូល លោក ហ៊ុន ម៉ាណែត លើកឡើងថា ប្រទេសកម្ពុជាមិនអាចក្លាយជាប្រទេសអ្នកមានបានទេ ប្រសិនបើប្រជាពលរដ្ឋខ្មែរមិនមែនជាធនធានមនុស្សដែលមានចំណេះដឹង និងមានសមត្ថភាពជំនាញក្នុងការចូលរួមកសាងមូលដ្ឋានសង្គម សេដ្ឋកិច្ច និងឧស្សាហកម្ម ដែលផ្អែកលើចំណេះដឹង។
ត្រង់ចំណុចនេះ មជ្ឈដ្ឋានខ្មែរខ្លះមានប្រតិកម្មចេញមកភ្លាមៗថា តើលោក ហ៊ុន ម៉ាណែត ថ្លែងសំដៅទៅធនធានមនុស្សពីប្រភពណា ? ធនធានមនុស្សពីប្រភពក្នុងបក្សកាន់អំណាចតត្រកូល ពូជពង្ស បក្ខពួក ឬពីប្រភពពលរដ្ឋខ្មែរទាំងមូល ដែលពួកលោកមិនផ្តល់ឱកាសឲ្យស្មើៗគ្នា ?
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីដាក់ឲ្យដំណើរការសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORT) ពីចក្រភពអង់គ្លេស នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នេះថា រដ្ឋាភិបាលរបស់លោកបានចាត់ទុកមនុស្ស គឺជាកត្តាស្នូលនៃគោលនយោបាយរបស់ខ្លួន។
ចំណុចនេះទៀត តើជាមនុស្សរៀនចេះដឹង ធ្វើចំណាកស្រុក ?
លោកថា ដូច្នេះហើយទើបរាជរដ្ឋាភិបាលជំរុញការអប់រំ និងការបណ្តុះបណ្តាលមូលធនមនុស្ស ដើម្បីបង្កើតមូលដ្ឋានសង្គម សេដ្ឋកិច្ច និងឧស្សាហកម្ម ដែលផ្ដោតលើជំនាញ និងចំណេះដឹង ដើម្បីឈានឆ្ពោះទៅសម្រេចបានតាមចក្ខុវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
នាយករដ្ឋមន្ត្រីខ្មែររូបនេះលើកឡើងថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានកំណត់យកអាទិភាពគន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ប៉ុន្តែមនុស្សជាអាទិភាពខ្ពស់បំផុត ព្រោះថាការអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស គឺជាយុទ្ធសាស្ត្រវិនិយោគវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើតមូលដ្ឋាន សង្គម សេដ្ឋកិច្ច និងឧស្សាហកម្ម ដែលផ្ដោតលើជំនាញ និងចំណេះដឹង។
សំណួរថា ចុះពលរដ្ឋខ្មែរគ្មានប្រាក់កាសសងធនាគារ គ្មានស្បៀងអាហារគ្រប់គ្រាន់ គ្មានដីធ្លីដាំដុះ តើទៅធ្វើអ្វីកើត ?
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ដើម្បីធានាថាកម្ពុជានឹងមិនធ្លាក់ចូលក្នុងអន្ទាក់នៃប្រទេសចំណូលមធ្យមនៅក្នុងដំណើរដ៏វែងឆ្ងាយឈានឆ្ពោះទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ស្ថាប័នឧត្ដមសិក្សា គឺជាដៃគូដ៏សំខាន់មិនអាចខ្វះបានសម្រាប់រាជរដ្ឋាភិបាល ដើម្បីកសាងសង្គម សេដ្ឋកិច្ច និងឧស្សាហកម្មជឿនលឿន ដោយផ្អែកលើចំណេះដឹង និងជំនាញសម្រាប់ពលរដ្ឋខ្មែរគ្រប់រូប។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៨ សីហា នេះថា បើរដ្ឋាភិបាលពិតជាចង់ឱ្យកម្ពុជាមានធនធានមនុស្សពិតប្រាកដមែន ទាល់តែរដ្ឋាភិបាលបើកទូលាយទទួលយកការរិះគន់ និងជ្រើសរើសមន្ត្រីរដ្ឋាភិបាល រួមទាំងមន្ត្រីរាជការ ដោយមិនប្រកាន់និន្នាការនយោបាយ ឬសែស្រឡាយបក្ខពួក។
លោកថា ការដឹកនាំនៃរាជរដ្ឋាភិបាលកន្លងមក បានរងនូវការរិះគន់ពីមជ្ឈដ្ឋាននានា ថាបានធ្វើឲ្យបាត់បង់ធនធានមនុស្សសម្រាប់កសាងប្រទេសជាតិយ៉ាងធ្ងន់ធ្ងរ ដោយសារតែការបែងចែកនិន្នាការនយោបាយ និងបក្ខពួករបស់ខ្លួន។
លោក សេក សុជាតិ លើកឡើងថា នៅពេលដែលរដ្ឋាភិបាលនៃប្រទេសមួយដឹកនាំប្រទេសដោយបក្ខពួកក្រុមគ្រួសារនិយមនោះ ធនធានមនុស្សរបស់ប្រទេសនោះក៏ត្រូវបំផ្លាញដោយស្វ័យប្រវត្តិដែរ ព្រោះថាធនធានមនុស្សដែលជាកម្លាំងកសាងជាតិពិតប្រាកដ ត្រូវបានទុកចោល និងប្តូរមកវិញនូវធនធានមនុស្សចេញពីបក្ខពួក និងក្រុមគ្រួសារដែលគ្មានគុណភាព ត្រូវយកទៅដឹកនាំប្រទេសដែលជាហេតុនាំទៅរកការបំផ្លាញជាតិទៅវិញ។
ថ្មីៗនេះ ពិភពលោកបានឃើញប្រទេសបង់ក្លាដេស ជាឧទាហរណ៍ស្រាប់។
ទាក់ទិននឹងបញ្ហានេះ គេបានរកឃើញតាមរយៈបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ថា សែស្រឡាយបក្ខពួករបស់លោក ហ៊ុន សែន រហូតដល់ទៅជិត ១ភាគ៤ ត្រូវបានដាក់ឱ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រសម្រាប់ការបោះឆ្នោតអាណត្តិទី៧ នេះ ដែលបង្ហាញថារដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ជារដ្ឋាភិបាលដែលពោរពេញដោយសែស្រឡាយបក្ខពួកនិយម៕
© 2024, . All rights reserved.