អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្តេញជនជាតិវៀតណាម ចំនួន ២៨នាក់ ក្នុងនោះស្រី ៦នាក់ចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធនឹងករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងកាន់កាប់ល្បែងអនឡាញ។
យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលបានចេញផ្សាយនៅថ្ងៃទី១២ សីហា នេះ ជនជាតិវៀតណាម សរុបចំនួន ២៨នាក់ ត្រូវបញ្ជូនចេញពីកម្ពុជា កាលពីថ្ងៃទី៩ ខែសីហា តាមប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។
ប្រភពដដែលអះអាងថា ការបណ្តេញជនជាតិវៀតណាម ទាំងនោះ គឺពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន អ្នកកាន់កាប់ល្បែងស៊ីសង និងអ្នកចាត់ចែងល្បែងស៊ីសង (ល្បែងអនឡាញ)។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ធ្លាប់អះអាងថា ប្រទេសកម្ពុជារងគ្រោះពីទង្វើដែលជនបរទេសតែងតែយកប្រទេសនេះជាទីតាំងប្រព្រឹត្តបទល្មើស។ ដើម្បីការពារកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាលើឆាកអន្តរជាតិ លោកបានបញ្ជាឱ្យអង្គភាពពាក់ព័ន្ធ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាត់វិធានការបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ និងឧក្រិដ្ឋកម្មឆ្លងដែននានាឱ្យបានម៉ឺងម៉ាត់។
កាលពីខែមេសា ឆ្នាំ២០២៤ កន្លងមក អាជ្ញាធរខេត្តព្រះសីហនុ បានបណ្តេញជនជាតិវៀតណាម ចំនួន ២៣១នាក់ចេញពីប្រទេសកម្ពុជាតាមច្រកអន្តរជាតិព្រែកចាក។ ការបណ្តេញជនជាតិវៀតណាម ទាំងនោះ ក្រោយពីសមត្ថកិច្ចរកឃើញថា ពួកគេមានជាប់ពាក់ព័ន្ធពីបទល្មើសបទឆបោកតាមអនឡាញ ដែលប្រព្រឹត្តនៅតាម ៣ទីតាំងផ្សេងគ្នាក្នុងខេត្តព្រះសីហនុ។
គួរកត់សម្គាល់ថា៖ ជនបរទេសទាំងជនជាតិយៀកណាម ទាំងជនជាតិចិន ដែលត្រូវចាប់បញ្ជូនទៅវិញ ភាគច្រើនជាជនបរទេសចូលក្នុងទឹកដីខ្មែរមករកស៊ីខុសច្បាប់ក្រៅក្របខ័ណ្ឌបក្សចាត់តាំង។ ចំណែកឯជនបរទេសជិតឆ្ងាយដែលចូលមករស់នៅរកស៊ីក្នុងទឹកដីខ្មែរតាមទិសបក្សចាត់តាំង រដ្ឋអំណាចបក្សប្រជាជនកម្ពុជា មិនហ៊ានចាប់បញ្ជូនទៅស្រុកកំណើតវិញទេ។
ក្រសួងការបរទេសអាមេរិក កាលពីចុងឆ្នាំ២០២២ បានបញ្ចេញរបាយការណ៍របស់ខ្លួនស្ដីពីការជួញដូរមនុស្ស ដោយបានដាក់ប្រទេសកម្ពុជាចូលក្នុងបញ្ជីខ្មៅស្ថិតក្រោមការឃ្លាំមើលកម្រិត៣ (Tier 3 Watch List) ដែលបញ្ជាក់ថា កម្ពុជាស្ថិតនៅក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្សធ្ងន់ធ្ងរនៅឡើយ៕
© 2024, . All rights reserved.