30 C
Phnom Penh

បក្ស​កម្លាំង​ជាតិ​ប្រកាស​បើក​សមាជ​បក្ស ខណៈ​មេ​បក្ស​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​កម្លាំង​ជាតិ ប្រកាស​ធ្វើ​សមាជ​វិសាមញ្ញ​នៅ​ចុង​ខែ​សីហា ឆ្នាំ​២០២៤ នេះ ដែល​មាន​សមាជិក​ចូលរួម​ប្រមាណ​ជា ១៥០០​នាក់ ស្រប​ពេល​ដែល​ប្រធាន​គណបក្ស លោក ស៊ុន ចន្ធី កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​នៅឡើយ។

គណបក្ស​កម្លាំង​ជាតិ ចេញ​សេចក្តី​ជូនដំណឹង​មួយ​ទៅ​កាន់​អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២៤ នេះ ដោយ​ស្នើសុំ​ទីលាន​ប្រជាធិបតេយ្យ​ប្រារព្ធ​ពិធី​សមាជ​វិសាមញ្ញ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២៤ ខាងមុខ​នេះ។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​ស្នើសុំ​ទីលាន​ប្រជាធិបតេយ្យ​ប្រារព្ធ​ពិធី​សមាជ​នេះ ព្រោះ​ទីតាំង​នោះ​មាន​ទីធ្លា​ធំ​ទូលាយ និង​មិន​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ឡើយ។

ការ​ប្រកាស​ប្រារព្ធ​ពិធី​សមាជ​វិសាមញ្ញ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ប្រធាន​គណបក្ស​លោក ស៊ុន ចន្ធី និង​សមាជិក​បក្ស​របស់​ខ្លួន​មួយ​ចំនួន កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​នៅឡើយ​នា​ពេលនេះ។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​ប្រធាន​ស្តីទី​គណបក្ស​កម្លាំង​ជាតិ លោក ជា មុនី សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ ខណៈ​លិខិត​ជូនដំណឹង​របស់​គណបក្ស​ក៏​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​ប្រារព្ធ​ពិធី​សមាជ​នេះ​ដែរ។

កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ គណបក្ស​កម្លាំង​ជាតិ បាន​ប្រារព្ធ​ពិធី​សមាជ​លើកដំបូង​របស់​ខ្លួន​ដើម្បី​ជ្រើសរើស​ក្បាលម៉ាស៊ីន និង​លក្ខខណ្ឌ​ផ្សេងៗ​របស់​គណបក្ស ដោយ​ជ្រើសរើស​ប្រធាន​បក្ស ១​រូប គឺ​លោក ស៊ុន ចន្ធី ជ្រើសរើស​អនុប្រធាន​បក្ស ១​រូប​ទៀត គឺ​លោក ជា មុនី និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ៩​រូប គណៈកម្មាធិការ​ប្រតិបត្តិ ៩​រូប គណៈកម្មាធិការ​វិន័យ​ចំនួន ៥​រូប ព្រមទាំង​គណៈកម្មាធិការ​នាយក​ចំនួន ២៧​រូប និង​មាន​ការ​បោះឆ្នោត​អនុម័ត​លើ​លក្ខន្តិកៈ​របស់​គណបក្ស​ផង​ដែរ។

ក្រោយ​សមាជ​លើកដំបូង​នេះ ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​មួយ​ទៅ​កាន់​គណបក្ស​កម្លាំង​ជាតិ នៅ​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ថា ក្រសួង​បាន​ពិនិត្យ និង​សម្រេច​ទទួលស្គាល់​នូវ​លទ្ធផល​សមាជ​របស់​គណបក្ស​នេះ​ផ្លូវការ​ហើយ ចំពោះ​ការ​ជ្រើសរើស​លោក ស៊ុន ចន្ធី ជា​ប្រធាន លោក ជា មុនី ជា​អនុប្រធាន មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ចំនួន ៥០​នាក់​ផ្សេង​ទៀត។

គណបក្ស​កម្លាំង​ជាតិ ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ​២០២៣ បន្ទាប់ពី​ប្រធាន​គណបក្ស លោក ស៊ុន ចន្ធី បាន​ដាក់​ពាក្យ​ស្នើសុំ​បង្កើត​គណបក្ស​នយោបាយ​ទៅ​កាន់​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៣ កន្លង​ទៅ។

ក្រោយ​ដឹកនាំ​គណបក្ស​ថ្មី​នេះ​បាន​ប្រមាណ​ជា ៥​ខែ លោក ស៊ុន ចន្ធី ក៏​ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ ចាប់​ខ្លួន​នៅ​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ភ្លាមៗ បន្ទាប់ពី​លោក​វិលត្រឡប់​ទៅ​ពី​ជួប​អ្នកគាំទ្រ​នៅ​ប្រទេស​ជប៉ុន វិញ កាលពី​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២៤ កន្លង​ទៅ​នោះ។

គិត​ចាប់តាំងពី​ថ្ងៃ​ដែល​លោក ស៊ុន ចន្ធី ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​រហូត​ដល់​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២៤ នេះ ប្រធាន​បក្ស​កម្លាំង​ជាតិ​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល ៦៥​ថ្ងៃ​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស