31 C
Phnom Penh

អង្គការ​សហប្រជាជាតិ​សម្ដែង​ក្តី​បារម្ភ​ចំពោះ​ការ​រំលាយ​បក្ស​នយោបាយ​នៅ​រាជាណាចក្រ​ថៃឡង់ដ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នកជំនាញ​អន្តរជាតិ​ពី​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ចន្ទ ទី​១២ ខែ​សីហា នេះ ដោយ​សម្ដែង​ក្តី​បារម្ភ​ចំពោះ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​រាជាណាចក្រ​ថៃឡង់ដ៍ ដែល​តុលាការ​រំលាយ​គណបក្ស​នយោបាយ​មួយ​ដោយ​យក​មាត្រា​១១២ នៃ​ក្រមព្រហ្មទណ្ឌ​ទៅ​អនុវត្ត ចោទ​ថា​ប្រមាថ​ស្ថាប័ន​អង្គ​ព្រះមហាក្សត្រ។

ក្រុម​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ ហៅ​សេចក្តី​សម្រេច​នោះ​ថា​ជា​ការ​ប្រើ​ឧបករណ៍​នយោបាយ​រំលាយ​បក្ស​នយោបាយ បិទ​សិទ្ធិ​សមាជិក​សភា​មិន​ឲ្យ​ធ្វើ​នយោបាយ ព្រោះតែ​បក្ស​កាវក្លៃ បាន​ទទួល​សន្លឹកឆ្នោត​ច្រើន​ជាងគេ។

គណបក្ស​ប្រឆាំង​ធំ​ជាងគេ​នៅ​ប្រទេស​ថៃ បក្ស​កាវក្លៃ Move Forward បាន​ប្រកាស​ឈ្មោះ​ថ្មី និង​មាន​មេ​ដឹកនាំ​ថ្មី​បន្ទាប់ពី​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​ធម្មនុញ្ញ។

តាម​សារព័ត៌មាន​សិង្ហបុរី The Straits Times លោក Parit Wacharasindhu តំណាង​ឱ្យ​បក្ស​ថ្មី​នេះ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា គណបក្ស​នេះ​មាន​ឈ្មោះ​ថា Prachachon ឬ​ប្រជាជន ដឹកនាំ​ដោយ​សហគ្រិន​បច្ចេកវិទ្យា​វ័យក្មេង លោក Natthaphong Ruengpanyawut អាយុ ៣៧​ឆ្នាំ។ លោក​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ទីក្រុង​បាងកក នៅ​ថ្ងៃ​ដែល​បក្ស​នេះ​កើត​ចេញ​រូបរាង​ហើយ​នេះ ដែល​លោក​ថា លោក Natthaphong ត្រូវ​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធាន​បក្ស​ថ្មី​នេះ ដើម្បី​រៀបចំ​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ឆ្នាំ​២០២៧ ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​ថ្មី។

កាលពី​ថ្ងៃ​ពុធ ទី​៧ សីហា តុលាការ​ធម្មនុញ្ញ​ថៃ បាន​ប្រកាស​សាលដីកា​បង្គាប់​ឱ្យ​រំលាយ​គណបក្ស Move Forward ហើយ​ដាក់​បម្រាម​មិន​ឱ្យ​សមាជិក ១១​នាក់​នៃ​ក្រុមប្រឹក្សា​នាយក​របស់​បក្ស​ធ្វើ​នយោបាយ​រយៈពេល ១០​ឆ្នាំ ក្នុង​នោះ​ក៏​រួម​មាន​ទាំង​លោក Pita Limjaroenrat អាយុ ៤៣​ឆ្នាំ ដែល​ជា​ប្រធាន​បក្ស Move Forward មួយ​រូប​ផង​ដែរ។

លោក Pita បាន​ព្យាយាម​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ដើម្បី​ឱ្យ​លោក​អាច​ក្លាយ​ជា​នាយករដ្ឋមន្ត្រី តែ​លោក​មិន​អាច​រក​សំឡេង​បាន​គ្រប់​ឡើយ ព្រោះ​សមាជិក​ព្រឹទ្ធសភា​ភាគច្រើន​លើសលប់​មិន​បោះឆ្នោត​គាំទ្រ​លោក​នោះ​ទេ។

លោក Natthaphong អ្នក​នយោបាយ​ថៃ វ័យក្មេង​រូប​នេះ​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ ជូឡាឡុងកន។ លោក Natthaphong ជា​សេដ្ឋី​វ័យក្មេង​ក្នុង​មុខជំនួញ​ខាង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Chanunthorn Development Group ព្រមទាំង​ជា​ប្រធាន​ក្រុមហ៊ុន Ruengpanya Kehakran Ltd។

លោក Natthaphong ក៏​ជា​សមាជិក​រដ្ឋសភា​ផង​ដែរ។ នេះ​មាន​ន័យ​ថា លោក​ជា​អ្នក​នយោបាយ​នៅ​ក្នុង​រាជាណាចក្រ​ថៃ ដែល​ឡើង​កាន់​តំណែង​ជា​ប្រធាន​បក្ស​នយោបាយ​ធំ​ជាងគេ​ក្នុង​ចំណោម ១៨​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ចេញពី​ការ​បោះឆ្នោត​សភា​កាលពី​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០២៣៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស