ទិដ្ឋភាព​នៃ​ការ​ប្រារព្ធ​កីឡា​អូឡាំពិក នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ឆ្នាំ​២០២៤។

ព័ត៌មានអន្តរជាតិ

កីឡា​អូឡាំពិក​នៅ​បារាំង​ត្រូវ​បាន​បិទ​បញ្ចប់​ហើយ ដោយ​សហរដ្ឋ​អាមេរិក​បាន​មេដាយ​ច្រើន​ជាងគេ

By ឌឹ ខេមបូឌា ដេលី

August 14, 2024

ការ​ប្រកួត​កីឡា​អូឡាំពិក​អន្តរជាតិ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៦ កក្កដា ដល់​ថ្ងៃទី​១១ សីហា បាន​បិទ​បញ្ចប់​ហើយ។ សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ជើងឯក​ជាងគេ​ទាំងអស់​លើ​គ្រប់​វិញ្ញាសា ដោយ​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាងគេ។

មាន​ប្រទេស​តែ ៥០​ប៉ុណ្ណោះ​ក្នុង​ចំណោម ២០៦​ប្រទេស បាន​ឈ្នះ​មេដាយ។ ការ​ប្រកួត​នេះ​លើ ៣២​វិញ្ញាសា ហើយ​កីឡាករ​ចូលរួម​មាន ១០៧១៤​នាក់។ មេដាយ​ចែក​ចេញ​ជា ៣​ប្រភេទ គឺ​មេដាយ​មាស មេដាយ​ប្រាក់ និង​មេដាយ​សំរឹទ្ធ។

ក្នុង ៥០​ប្រទេស​ដែល​ដណ្ដើម​បាន​មេដាយ​បាន​ច្រើន គឺ​ចំនួន ១៥​ប្រទេស​ដែល​បាន​មេដាយ​មាស​ច្រើន​ជាងគេ៖

តាម​តារាង​ពិន្ទុ​នៃ​ពានរង្វាន់​មេដាយ​ខាងលើ​នេះ សហរដ្ឋ​អាមេរិក បាន​ដណ្ដើម​មេដាយ​បាន​ច្រើន​ជាងគេ​ទាំងអស់។ បើ​គិត​ពី​ចំនួន​មេដាយ​សរុប​ទាំងអស់ ទាំង​មាស ប្រាក់ និង​សំរឹទ្ធ សហរដ្ឋ​អាមេរិក​បាន​ចំនួន​មេដាយ ១២៦ ច្រើន​ជាង​ចិន និង​ច្រើន​ជាងគេ​លើ​ពិភពលោក។ ចំណែក​ចិន វិញ បាន​ត្រឹមតែ ៩១​មេដាយ។

ទោះយ៉ាងណា សហរដ្ឋ​អាមេរិក និង​ចិន បាន​ដណ្ដើម​មេដាយ​មាស​ចំនួន​ដូច​គ្នា គឺ ៤០​មេដាយ។

ប្រទេស​បារាំង ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង​ប៉ារីស នេះ បាន​សន្យា​យក​ឱ្យ​បាន​យ៉ាង​តិច​ត្រឹម​លេខ​៥ តែ​ពេលនេះ បារាំង​បាន​ដណ្ដើម​មេដាយ​ឈរ​នៅ​លំដាប់​លេខ​ប្រាំ​មែន។ ដោយឡែក​ប្រទេស​នៅ​ក្នុង​តំបន់​អាគ្នេយ៍ មាន​តែ ៣​ប្រទេស​ទេ​ដែល​ដណ្ដើម​បាន​មេដាយ រួម​មាន​ប្រទេស​ហ្វីលីពីន ឥណ្ឌូនេស៊ី និង​ប្រទេស​ថៃ។ កម្ពុជា ក៏​ចូលរួម​ប្រកួត​ដែរ តែ​ពុំ​ទទួល​បាន​មេដាយ​នោះ​ទេ។ ចំណែក​ តៃវ៉ាន់ និង​ហុងកុង ក៏​ដណ្ដើម​បាន​មេដាយ​ដែរ។

គួរ​ឲ្យ​កត់សម្គាល់​ថា ឥណ្ឌា​ជា​ប្រទេស​ធំ និង​មាន​ប្រជាជន​ច្រើន​ជាងគេ​លើ​ពិភពលោក តែ​ពុំ​ទទួល​បាន​សូម្បី​តែ​មួយ​នឹង​គេ​នោះ​ទេ។ ប្រទេស​ប៉ាគីស្ថាន ក្បែរ​ខាង​ឥណ្ឌា ក៏​មិន​ទទួល​បាន​មេដាយ​មួយ​ឡើយ។ នេះ​បើ​យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន MSN។

តែ​យ៉ាងណា នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ឆ្នាំ​២០២០ នៅ​ប្រទេស​ជប៉ុន សហរដ្ឋ​អាមេរិក​គឺជា​ជើងឯក​ខ្លាំង​ជាងគេ​ទាំងអស់ ដោយ​ដណ្ដើម​បាន​មេដាយ​មាស មេដាយ​ប្រាក់ និង​មេដាយ​សំរឹទ្ធ​ច្រើន​ជាងគេ ដោយ​បាន​មេដាយ​សរុប ១១៣​មេដាយ។ ប្រទេស​ចិន ឈរ​នៅ​លេខ​២ បាន ៨៩​មេដាយ​ក្នុង​ចំណោម​ប្រទេស​បាន​មេដាយ ៨៦​មេដាយ។

ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​អន្តរជាតិ ក្រុង​ប៉ារីស ឆ្នាំ​២០២៤ ក៏​ដូច​ឆ្នាំ​មុនៗ ប្រទេស​ណា​ក៏​អាច​ចូល​ប្រកួត​ផង​ដែរ ឱ្យ​តែ​ចុះបញ្ជី​បញ្ជូន​កីឡាករ​មក​ប្រកួត​ឱ្យ​តាម​វិញ្ញាសា​ដែល​បាន​កំណត់។ ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​អន្តរជាតិ​ឆ្នាំ​២០២៤ នេះ ត្រូវ​បាន​បិទ​បញ្ចប់​កាល​ថ្ងៃ​អាទិត្យ ទី​១១ សីហា នេះ។ ចំពោះ​ការ​ប្រកួត​នៅ ៤​ឆ្នាំ​ទៀត ទីក្រុង Los Angeles សហរដ្ឋ​អាមេរិក ត្រូវ​វេន​រៀបចំ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​ឆ្នាំ​២០២៨។

គួរ​បញ្ជាក់​ថា ប្រទេស​រុស្ស៊ី មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បញ្ជូន​កីឡាករ​ទៅ​ប្រកួត​ទេ ព្រោះ​ជា​ប្រទេស​បង្ក​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ដែល​ជា​ទណ្ឌកម្ម​របស់​គណៈកម្មាធិការ​កីឡា​អូឡាំពិក​អន្តរជាតិ។ នៅ​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​អន្តរជាតិ​ឆ្នាំ​២០២០ នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ប្រទេស​រុស្ស៊ី បាន​ឈ្នះ​មេដាយ​ឈរ​នៅ​លេខ​៥ ក្នុង​ចំណោម​ប្រទេស​បាន​មេដាយ ៨៦​ប្រទេស។

យ៉ាងណាមិញ ព្រឹត្តិការណ៍​អូឡាំពិក​អន្តរជាតិ​លើក​នេះ ហាក់ដូចជា​មិន​សូវ​មាន​ចាប់អារម្មណ៍​ច្រើន​ទេ ព្រោះ​ពិភពលោក​ធ្លាក់​ក្នុង​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយក្រែន និង​វិបត្តិ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ហើយ​ក៏​កំពុង​ព្រួយបារម្ភ​ពី​ការ​ផ្ទុះ​សង្គ្រាម​លោក​លើក​ទី​៣ ផង​ដែរ៕

© 2024, . All rights reserved.