30 C
Phnom Penh

ក្រសួង​យុត្តិធម៌​បន្ទរ​តាម​មេដឹកនាំ​យក​ច្បាប់​ទៅ​គំរាម​ពលរដ្ឋ​ក្នុង​ការ​សម្ដែង​មតិ​ដោយ​សន្តិវិធី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​យុត្តិធម៌ ចោទ​ប្រកាន់​អ្នក​ដែល​ចូលរួម​បាតុកម្ម​តវ៉ា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) ជា​បទល្មើស​រួម​គំនិត​ក្បត់ ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ទៅ ១០​ឆ្នាំ និង​ពី ១០​ឆ្នាំ​ទៅ ២០​ឆ្នាំ បើ​ជា​មន្ត្រី​រាជការ​សាធារណៈ ព្រោះ​ជា​ផែនការ​ប៉ុនប៉ង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា។

ក្រសួង​យុត្តិធម៌ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​យប់​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០២៤ ដោយ​ចាត់ទុក​ការ​បាតុកម្ម​តវ៉ា​បញ្ហា​តំបន់​ត្រីកោណ​កម្ពុជា ឡាវ និង​វៀតណាម ជា​ផែនការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អំណាច​ដែល​ជា​បទឧក្រិដ្ឋ​នឹង​ត្រូវ​ផ្ដន្ទាទោស​ក្រោម​បទល្មើស​ឧបឃាត តាម​មាត្រា​៤៥១ និង​មាត្រា​៤៥២ នៃ​ក្រមព្រហ្មទណ្ឌ។

ក្រសួង​យុត្តិធម៌ អះអាង​ថា ផែនការ​ប៉ុនប៉ង​នេះ មិន​ត្រឹមតែ​ប្រឆាំង​នឹង​សន្តិសុខ​ជាតិ​របស់​ប្រទេស​កម្ពុជា​ទេ ហើយ​ក៏​អាច​ខុស​ទៅ​នឹង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​នឹង​ភេរវកម្ម​ផង​ដែរ ព្រោះ​ពួកគេ​បាន​ប្រើប្រាស់​នូវ​វិធី​ញុះញង់ អុជអាល បំផុសបំផុល និង​ប្រើ​ឧបាយកល​នយោបាយ​អូស​ទាញ​ជន​ស្លូតត្រង់​ឱ្យ​ធ្វើ​បាតុកម្ម​ផ្តួល​រំលំ​រដ្ឋាភិបាល ប៉ុន្តែ​សម្រាប់​បុគ្គល​ដែល​បាន​សារភាព​ទោស​កំហុស ឬ​សហការ​ដើម្បី​បង្ក្រាប​ការ​បះបោរ​នេះ នឹង​ត្រូវ​លើកលែង​ឱ្យ​រួច​ទោស​ពី​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នេះ ដោយ​អនុលោម​តាម​បញ្ញត្តិ​មាត្រា​៤៥៤ នៃ​ក្រុម​ព្រហ្មទណ្ឌ។

ប្រភព​ដដែល​បញ្ជាក់​ថា សមត្ថកិច្ច​បាន​ក្តាប់​ភស្តុតាង​បាន​យ៉ាង​ច្បាស់​អស់​ហើយ ដែល​បង្ហាញ​ថា ផែនការ​អូស​ទាញ​ប្រមូល​ប្រជាជន​ក្នុង​ស្រុក​ដើម្បី​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នេះ ពុំ​មែន​ជា​ការ​សម្ដែង​មតិ​តាម​ច្បាប់​នោះ​ទេ ប៉ុន្តែ​ជា​ផែនការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ប៉ុណ្ណោះ។

អតីត​មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ សីហា នេះ​ថា ការ​ចោទប្រកាន់​របស់​ក្រសួង​យុត្តិធម៌ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ក្នុង​បទល្មើស​រួម​គំនិត​ក្បត់ គឺជា​ការ​គំរាម​សេរីភាព​បញ្ចេញមតិ​ធ្ងន់ធ្ងរ ដែល​ផ្ទុយ​ស្រឡះ​ពី​បំណង​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​ដែល​ខ្វល់ខ្វាយ​ពី​ការ​បាត់បង់​ទឹកដី។

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា​រូប​នេះ​លើកឡើង​ថា នេះ​កាន់តែ​បង្ហាញ​ឱ្យ​ឃើញ​ថា​មិនមែន​តែ​ប្រជាពលរដ្ឋ​ធម្មតា​ទេ​ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញពី​គម្រោង​នេះ សូម្បីតែ​មន្ត្រី​រាជការ​ក្នុង​រាជរដ្ឋាភិបាល ក៏​ទាមទារ​ឱ្យ​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នេះ​ដែរ។

លោក ស៊ឹង សែនករុណា អះអាង​ថា បំណង​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​មិនមែន​ផ្តួល​រំលំ​រដ្ឋាភិបាល​ដើម្បី​អំណាច​ទេ ប៉ុន្តែ​គឺ​គ្រាន់តែ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញ​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជាមួយ​ឡាវ និង​វៀតណាម ប៉ុណ្ណោះ។ លោក​ថា បើ​រដ្ឋាភិបាល​ដក​ខ្លួន​តាម​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ នោះ​ក៏​គ្មាន​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ទាមទារ​ដូច​ពេលនេះ​ដែរ។

អតីត​មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ គឺ​ដើម្បី​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត​នឹង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​ធ្វើ​ឡើង​តាមរយៈ​នៃ​ការ​ធ្វើ​បាតុកម្ម​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

លោក ស៊ឹង សែនករុណា ចោទ​សួរ​ថា បើ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​ដើម្បី​សម្ដែង​មតិ បែរ​ជា​ត្រូវ​ចោទប្រកាន់​ពី​បទ​ក្បត់​ជាតិ និង​រង​នូវ​ការ​បង្ក្រាប​ពី​រដ្ឋាភិបាល តើ​រដ្ឋាភិបាល​អាច​ត្រូវ​ចោទ​ពី​បទ​ក្បត់​ជាតិ​ដែរ​ទេ នៅ​ពេល​ខ្លួន​បង្ក្រាប​ឆន្ទៈ​ពលរដ្ឋ​ម្ចាស់​ប្រទេស​បែប​នេះ ព្រោះ​ប្រទេស​នេះ​មិនមែន​ជា​របស់​អ្នក​ដឹកនាំ​ទេ គឺជា​ប្រទេស​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប។

ជុំវិញ​បញ្ហា​នេះ អ្នកជំនាញ​នយោបាយ​ការទូត​អន្តរជាតិ​លោក សេង វណ្ណលី ធ្លាប់​បាន​លើកឡើង​ដែល​ទំនង​ជា​សំដៅ​ដល់​វិធានការ​បង្ក្រាប​ពី​រាជរដ្ឋាភិបាល​កាលពី​ពេល​ថ្មីៗ​នេះ​ថា និយមន័យ​ថ្មី​នៃ «សន្តិភាព» មាន​ពីរ​ប្រភេទ គឺ​សន្តិភាព​អវិជ្ជមាន (Negative Peace) និង​សន្តិភាព​វិជ្ជមាន (Positive Peace) ប៉ុន្តែ «សន្តិភាព» ស្រុក​រំដួល គឺ​ការ​តាម​កម្ចាត់​អ្នក​មាន​គំនិត​ផ្ទុយ​គ្រប់​រូបភាព៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស