29 C
Phnom Penh

អ្នកជំនាញ៖ បើ​រដ្ឋអំណាច​ដោះស្រាយ​រឿង​ជនអន្តោប្រវេសន៍​ខុស​ច្បាប់ បញ្ហា​តំបន់​ត្រីកោណ​ក៏​ចប់​ដែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​តាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លើកឡើង​ថា បើ​រដ្ឋាភិបាល​មាន​ឧត្ដមគតិ​ស្នេហា​ជាតិ​ពិតប្រាកដ​ក្នុង​ការ​រឹត​បន្តឹង​ច្បាប់​អន្តោប្រវេសន៍​លើ​ជនជាតិ​វៀតណាម ដែល​រស់នៅ​ដោយ​ខុស​ច្បាប់​លើ​ទឹកដី​ខ្មែរ​សព្វថ្ងៃ​នេះ​ឲ្យ​ម៉ឺងម៉ាត់ នោះ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV DTA) កម្ពុជា ឡាវ និង​វៀតណាម ក៏​អាច​បញ្ឈប់​បាន​ដែរ។

អ្នកជំនាញ​ការទូត​អន្តរជាតិ​លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៤ សីហា នេះ​ថា បើ​រដ្ឋាភិបាល​ខ្មែរ​ទទួលស្គាល់​ថា​កម្ពុជា​មាន​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់ និង​ចាត់​វិធានការ​រឹត​បន្តឹង​ឲ្យ​ម៉ឺងម៉ាត់ នោះ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV DTA) កម្ពុជា ឡាវ និង​វៀតណាម ក៏​អាច​បញ្ឈប់​បាន​ដែរ។

លោក សេង វណ្ណលី លើកឡើង​ថា តាម​ការពិត បញ្ហា​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV DTA) ជា​បញ្ហា​ប្រឈម​មួយ​ផ្នែក​ដែល​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​តាម​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ​ពិត​មែន​ហើយ ប៉ុន្តែ​បញ្ហា​ដែល​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​បន្ទាន់ គឺ​បញ្ហា​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​យ៉ាង​អនាធិបតេយ្យ​សព្វថ្ងៃ​នេះ។

អ្នកជំនាញ​ការទូត​អន្តរជាតិ​រូប​នេះ​បញ្ជាក់​ថា បើ​រដ្ឋាភិបាល​ក្លាហាន​ហ៊ាន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ដោយ​ម៉ឺងម៉ាត់​មែន នោះ​រដ្ឋាភិបាល​មិន​ត្រឹមតែ​អាច​ទាក់ទាញ​ការ​គាំទ្រ​ពី​ពលរដ្ឋ​អ្នក​ស្នេហា​ជាតិ​ពី​គ្រប់​និន្នាការ​នយោបាយ​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ធ្លាក់​ចូល​ក្នុង​ចលនា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថែម​ទៀត​ផង។

លោក សេង វណ្ណលី ចោទ​សួរ​ទៅ​កាន់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ថា តើ​រដ្ឋាភិបាល​ដែល​អះអាង​ពី​ការ​ការពារ​ទឹកដី និង​អធិបតេយ្យ​ជាតិ​រហូត​មក ហ៊ាន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​លើ​ជនជាតិ​វៀតណាម​ខុស​ច្បាប់​ដែរ​ឬ​ក៏​អត់។ លោក​បញ្ជាក់​ថា ប្រយ័ត្ន​ក្លាហាន​បាន​តែ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ខ្លួនឯង។

កាលពី​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២៤ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​បញ្ចេញ​ខ្សែអាត់​សំឡេង​ប្រវែង​ជិត ៦០​នាទី ដោយ​ព្រមាន​ថា បើ​ប្រជាពលរដ្ឋ​ខ្មែរ​ដើរ​លើស​បន្ទាត់​ក្រហម​ក្នុង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ នោះ​ការ​បង្ហូរ​ឈាម​ច្បាស់​ជា​នឹង​កើត​មាន​ឡើង​ដោយ​ចៀស​មិន​រួច​ឡើយ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០២៤ ក្រសួង​យុត្តិធម៌ ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដែរ ដោយ​ចាត់ទុក​ការ​ធ្វើ​បាតុកម្ម​តវ៉ា​បញ្ហា​តំបន់​អភិវឌ្ឍន៍​ត្រីកោណ ជា​ផែនការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​អំណាច​ដែល​ជា​បទឧក្រិដ្ឋ នោះ​នឹង​ត្រូវ​ផ្ដន្ទាទោស​ក្រោម​បទល្មើស​ឧបឃាត ឬ​ការ​បៀតបៀន​រាងកាយ​គេ ឬ​ការ​ប្រហារ​ជីវិត​គេ។

ក្រសួង​យុត្តិធម៌ ចោទ​ថា​អ្នក​ដែល​ចូលរួម​ធ្វើ​បាតុកម្ម​តវ៉ា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) ជា​បទល្មើស​រួម​គំនិត​ក្បត់ ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ទៅ ១០​ឆ្នាំ និង​ពី ១០​ឆ្នាំ​ទៅ ២០​ឆ្នាំ បើ​ជា​មន្ត្រី​រាជការ​សាធារណៈ។

យ៉ាងណាក៏ដោយ គណៈកម្មការ​បាតុកម្ម​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោក យ៉ង់ ស៊ីណេត បាន​អះអាង​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៤ សីហា នេះ​ថា ចលនា​យុវជន​នៅ​សាធារណរដ្ឋ​កូរ៉េ នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​ម្តង​ទៀត ដែល​នឹង​មាន​អ្នក​ចូលរួម​ប្រមាណ​ជា ៥​ម៉ឺន​នាក់​នា​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។

លោក យ៉ង់ ស៊ីណេត លើកឡើង​ថា ការ​ប្រកាស​កម្ទេច​ប្រជាពលរដ្ឋ​ដែល​ចូលរួម​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ គឺជា​បង្ហាញ​ថា​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ ជា​រដ្ឋាភិបាល​ផ្ដាច់ការ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ត្រូវការ​រដ្ឋាភិបាល​ផ្ដាច់ការ​មួយ​នេះ​ឡើយ។

សកម្មជន​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​រូប​នេះ​ព្រមាន​ថា បើ​រដ្ឋាភិបាល​មិន​ព្រម​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ជាមួយ​ឡាវ និង​វៀតណាម ទេ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កូរ៉េ ជាង ៥​ម៉ឺន​នាក់​សព្វថ្ងៃ​នេះ ក៏​មិន​បញ្ឈប់​ការ​ធ្វើ​បាតុកម្ម​ទាមទារ​របស់​ពួកគេ​ដែរ ព្រោះ​អាយុ​ជីវិត​ជាតិ គឺ​សំខាន់​ណាស់​សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស