បញ្ញវន្តខ្មែរនៅក្រៅស្រុក អំពាវនាវសូមឱ្យកងកម្លាំងប្រដាប់អាវុធកុំបាញ់សម្លាប់ប្រជាពលរដ្ឋដែលទាមទារសេរីភាព តាមបញ្ជាគ្រួសារត្រកូលហ៊ុន ព្រោះប្រជាពលរដ្ឋខ្មែររងគ្រោះតវ៉ាដើម្បីសិទ្ធិសេរីភាពតែប៉ុណ្ណោះ។
ក្រុមបញ្ញវន្តទាំងនេះ ព្រមានថា បើកងកម្លាំងប្រដាប់អាវុធអនុវត្តមុខនាទីបានត្រឹមត្រូវ ប្រទេសកម្ពុជានឹងស្គាល់ប្រជាធិបតេយ្យពិតប្រាកដ ហើយប្រជាពលរដ្ឋក៏នឹងរីកចម្រើនទាំងអស់គ្នាដែរ ប៉ុន្តែបើកងកម្លាំងប្រដាប់អាវុធអនុវត្តមិនបានត្រឹមត្រូវទេ ប្រទេសកម្ពុជាអាចនឹងធ្លាក់ទៅក្នុងការគ្រប់គ្រងតាមបែបផ្ដាច់ការរហូតបាត់បង់ទឹកដីធ្លាក់ទៅក្នុងការឈ្លានពានរបស់វៀតណាម ជាមិនខាន។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily ដោយអំពាវនាវទៅកាន់កម្លាំងប្រដាប់អាវុធកម្ពុជាទាំងអស់ ឱ្យពិនិត្យការអនុវត្តមុខនាទីរបស់ខ្លួនឡើងវិញ មុននឹងទទួលបទបញ្ជាពីមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ក្នុងការបង្ក្រាបប្រជាពលរដ្ឋដែលព្រួយបារម្ភពីរឿងបាត់បង់ទឹកដីជុំវិញគម្រោងអភិវឌ្ឍន៍ត្រីកោណ (CLV) នៅពេលនេះ។
លោក គឹម សុខ លើកឡើងថា កងកម្លាំងប្រដាប់អាវុធពិតជាត្រូវអនុវត្តបទបញ្ជាពីរដ្ឋាភិបាលស្របច្បាប់មែនហើយ ប៉ុន្តែនៅប្រទេសកម្ពុជាសព្វថ្ងៃនេះ គ្មានរដ្ឋាភិបាលស្របច្បាប់ដែលត្រូវកងកម្លាំងប្រដាប់អាវុធស្តាប់បញ្ជានោះទេ ព្រោះរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គ្រាន់តែជារដ្ឋាភិបាលសួពូជបម្រើតែអំណាចគ្រួសារ និងផលប្រយោជន៍របស់ត្រកូលហ៊ុនប៉ុណ្ណោះ។
លោកថា រដ្ឋាភិបាលសព្វថ្ងៃនេះធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋ បម្រើផលប្រយោជន៍បរទេស ការពារអំណាចក្នុងគ្រួសារ ដែលខុសទៅនឹងខ្លឹមសារចែងក្នុងធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ។ ក្រៅពីនេះ រដ្ឋាភិបាលមួយនេះក៏មិនបានកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ដែរ គឺជាការផ្ទេរអំណាចពីឪពុកទៅកូន រីឯការបោះឆ្នោត គឺជារូបភាពបង្គ្រប់កិច្ចតែប៉ុណ្ណោះ។
លោក គឹម សុខ បញ្ជាក់ថា ការចោទថាប្រជាពលរដ្ឋដែលចេញតវ៉ាដើម្បីសេរីភាពជាក្រុមឧទ្ទាមក្រៅច្បាប់សម្រាប់គ្រួសារត្រកូលហ៊ុន គ្រាន់តែជាពាក្យកុហកបោកប្រាស់ប៉ុណ្ណោះ ព្រោះថាបើពួកគេមិនកុហកបែបនេះទេ ពួកគេក៏គ្មានលេសសមរម្យសម្រាប់បញ្ជាកងកម្លាំងការពារជាតិឱ្យស្តាប់បញ្ជាដើម្បីការពារអំណាចគ្រួសារពួកគេដែរ។
ប្រធានវេទិកាពលរដ្ឋរូបនេះគូសបញ្ជាក់ថា បើពលរដ្ឋដែលចង់បានសេរីភាពជាឧទ្ទាមក្រៅច្បាប់ លុះត្រាតែពួកគេមានរចនាសម្ព័ន្ធដឹកនាំ និងមានកម្លាំងប្រដាប់អាវុធប្រឆាំងនឹងកម្លាំងការពារជាតិខ្មែរ ប៉ុន្តែពលរដ្ឋខ្មែរសព្វថ្ងៃនេះមានតែឆន្ទៈធ្វើការតវ៉ាដោយដៃទទេ ដើម្បីសិទ្ធិសេរីភាពដែលមានចែងក្នុងច្បាប់នៃប្រទេសកម្ពុជាប៉ុណ្ណោះ។
ក្នុងកម្មវិធីទទួលទានអាហារជាមួយសមាគមឧកញ៉ា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ព្រមានថា ប្រសិនបើពលរដ្ឋខ្មែរហ៊ានចេញធ្វើបាតុកម្មនៅទីក្រុងភ្នំពេញ ដើម្បីប្រឆាំងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម នោះច្បាស់ជាប្រឈមនឹងបាត់បង់ជីវិតមនុស្សយ៉ាងច្រើនដូចនៅប្រទេសបង់ក្លាដេស (Bangladesh) ដែរ។
នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នេះ សារព័ត៌មានដែលបម្រើនិន្នាការនយោបាយឱ្យបក្សកាន់អំណាច បានចុះផ្សាយថា កងរាជអាវុធហត្ថក្រុងភ្នំពេញបានត្រៀមខ្លួនជាស្រេចរង់ចាំអនុវត្តរាល់បទបញ្ជាប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ក្នុងការការពារដាច់ខាតនូវសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាពនយោបាយនៅប្រទេសកម្ពុជា ក្នុងនោះក៏ភ្ជាប់ជាមួយនឹងវីដេអូឃ្លីបនៃកងកម្លាំងសម្រាប់ត្រៀមបង្ក្រាបប្រជាពលរដ្ឋផងដែរ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១៣ ខែសីហា អគ្គស្នងការនគរបាលជាតិក៏បានធ្វើសន្និសីទសារព័ត៌មានផងដែរ ដោយប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការចាត់វិធានការច្បាប់លើក្រុម ឬបុគ្គលទាំងឡាយណាដែលប្រមូលផ្ដុំគ្នាធ្វើកុបកម្មដោយខុសច្បាប់ ឬដុតបំផ្លាញបង្កអសន្តិសុខជាតិ ប្រឆាំងការអភិវឌ្ឍជាតិ។
ប្រភពដដែលបញ្ជាក់ថា កងកម្លាំងនគរបាលជាតិមានតួនាទីបម្រើជាតិ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ មិនអនុញ្ញាតឲ្យមានចលនាខុសច្បាប់ឡើយ។
ការប្រកាសបង្ក្រាបបន្តកន្ទុយគ្នាបែបនេះ ធ្វើឡើងបន្ទាប់ពីមានការអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធការពារជាតិខ្មែរ យកគំរូតាមកងកម្លាំងប្រដាប់អាវុធបង់ក្លាដេស ដែលបានរួមគ្នាជាមួយប្រជាជនបង់ក្លាដេស ទម្លាក់នាយករដ្ឋមន្ត្រីផ្ដាច់ការកាលពីពេលថ្មីៗនេះ។
ក្នុងពេលជាមួយគ្នានោះ អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ណែនាំឱ្យប្រជាពលរដ្ឋខ្មែរ និងកងទ័ពជាតិ យកគំរូតាមប្រជាពលរដ្ឋ និងកងទ័ពបង់ក្លាដេស ដែលបានក្រោកឈរជាមួយប្រជាជនទម្លាក់មេដឹកនាំផ្ដាច់ការដើម្បីសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
លោក សម រង្ស៊ី បញ្ជាក់ថា កងទ័ពមានកាតព្វកិច្ចការពារប្រជាជន ការពារប្រទេស ការពារទឹកដីរបស់ខ្លួន មិនមែនធ្វើអ្វីៗតាមតែបញ្ជារបស់មេដឹកនាំផ្ដាច់ការនោះទេ។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវទទួលបានការពិនិត្យយ៉ាងយកចិត្តទុកដាក់ និងដោះស្រាយយ៉ាងម៉ត់ចត់ពីអង្គការរដ្ឋ។
ទាក់ទងនឹងសេចក្តីប្រកាសអំពីការត្រៀមកងកម្លាំងប្រដាប់អាវុធចាំបង្ក្រាបប្រជាពលរដ្ឋប្រើសិទ្ធិសេរីភាពតវ៉ាជំទាស់នឹងគោលនយោបាយរាជរដ្ឋាភិបាលដោយគ្មានអាវុធនោះ សារព័ត៌មានអន្តរជាតិជាច្រើនបានផ្សាយពីប៉ុន្មានថ្ងៃមុននេះថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) កំពុងតាមឃ្លាំមើលស្ថានការណ៍ និងកត់ត្រារក្សាទុកសេចក្តីរាយការណ៍អំពីរឿងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដោយមេដឹកនាំប្រទេសមួយចំនួន មានប្រធានាធិបតី Vladimir Putin នៃប្រទេសរុស្ស៊ី ឧត្ដមសេនីយ៍ មីន អ៊ុងឡាំង (Min Aung Hlaing) នៃប្រទេសភូមា ឬម្ញ៉ាន់ម៉រ៍ នាយករដ្ឋមន្ត្រីប្រទេសបង់ក្លាដេស មុនអ្នកស្រីព្រឹទ្ធាចារ្យ Sheikh Hasina ធ្លាក់ពីអំណាច ប្រធានាធិបតី Nicolas Maduro នៃប្រទេសវេណេហ្ស៊ុយអេឡា នាយករដ្ឋមន្ត្រី Benjamin Netanyahu នៃប្រទេសអ៊ីស្រាអែល និងមេចលនាប្រដាប់អាវុធហាម៉ាស់ នៃដែនដីប៉ាឡេស្ទីន៕