អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ អះអាងថា មនុស្សចំនួន ១៤នាក់ត្រូវបានភ្នាក់ងារមានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងចលនាបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ (CLV) កម្ពុជា ឡាវ និងវៀតណាម។
លោក ឆាយ គឹមខឿន បានប្រាប់អ្នកសារព័ត៌មានថា គិតត្រឹមរសៀលថ្ងៃទី១៦ សីហា នេះ កម្លាំងសមត្ថកិច្ចបានចាប់ឃាត់ខ្លួនមនុស្ស ១៤នាក់ពាក់ព័ន្ធនឹងចលនាបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ (CLV) កម្ពុជា ឡាវ និងវៀតណាម។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងបន្តទៀតថា សមត្ថកិច្ចបានចាប់បញ្ជូនជនសង្ស័យទាំងនោះទៅតុលាការភ្លាមៗតែម្តង ដោយមិនចាំបាច់សាកសួរចម្លើយអ្វីទាំងអស់។ លោកថា សមត្ថកិច្ចនៅតែបន្តកំណត់មុខសញ្ញាឈានទៅបង្ក្រាបជនទាំងឡាយណាដែលចូលរួមប្រឆាំង និងមានចេតនាផ្តួលរំលំរដ្ឋាភិបាល។
តាមសេចក្តីប្រកាសពីសាលាដំបូងខេត្តពោធិ៍សាត់ នៅថ្ងៃសុក្រ ទី១៦ សីហា សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ ២នាក់ ម្នាក់នៅក្នុងស្រុកក្រគរ និង ១នាក់ទៀតនៅស្រុកវាលវែង ក្រោយពីពួកគេបានសរសេរនៅក្នុងបណ្ដាញសង្គមក្នុងន័យកៀងគរមហាជនឱ្យចូលរួមធ្វើបាតុកម្មផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
ប្រភពដដែលនោះបានអះអាងថា បុគ្គល ២នាក់ត្រូវបានអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ សម្រេចចោទប្រកាន់ក្នុងថ្ងៃទី១៦ សីហា នេះ ពីបទ «រួមគំនិតក្បត់» ក្រោយតំណាងអយ្យការអះអាងថាបានសួរចម្លើយ និងពិនិត្យភស្តុតាងត្រឹមត្រូវ។
អតីតអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានឲ្យដឹងថា ការចាប់ខ្លួនពលរដ្ឋដែលសម្ដែងមតិការពារទឹកដីរបស់ខ្លួននេះ គឺប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិសេរីភាពពលរដ្ឋ។ លោកថា រដ្ឋាភិបាលគួរពន្យល់ឱ្យពលរដ្ឋយល់អំពីគម្រោងអភិវឌ្ឍន៍ប្រទេសជាតិជាមួយឡាវ និងវៀតណាម ជាជាងការប្រើប្រាស់វិធានការក្តៅបែបនោះ។
លោកបានឲ្យដឹងទៀតថា ពួកគាត់ពុំមានបំណងណាមួយក្នុងការផ្តួលរំលំរដ្ឋាភិបាលនោះទេ គឺពួកគាត់គ្រាន់តែឈឺឆ្អាលខ្លាចបាត់បង់ទឹកដីតែប៉ុណ្ណោះ។
ក្នុងកម្មវិធីទទួលទានអាហារជាមួយសមាគមឧកញ៉ា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមានថា ប្រសិនបើពលរដ្ឋខ្មែរហ៊ានចេញធ្វើបាតុកម្មនៅទីក្រុងភ្នំពេញ ដើម្បីប្រឆាំងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) កម្ពុជា ឡាវ និងវៀតណាម នោះច្បាស់ជាប្រឈមនឹងបាត់បង់ជីវិតមនុស្សយ៉ាងច្រើនដូចនៅប្រទេសបង់ក្លាដេស (Bangladesh) ដែរ។
នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានដែលបម្រើនិន្នាការនយោបាយឱ្យបក្សកាន់អំណាច បានចុះផ្សាយថា កងកម្លាំងរាជអាវុធហត្ថក្រុងភ្នំពេញ បានត្រៀមខ្លួនជាស្រេចរង់ចាំអនុវត្តរាល់បទបញ្ជាប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ក្នុងការការពារដាច់ខាតនូវសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាពនយោបាយនៅប្រទេសកម្ពុជា ក្នុងនោះក៏ភ្ជាប់ជាមួយនឹងវីដេអូកងកម្លាំងប្រដាប់អាវុធសម្រាប់ត្រៀមបង្ក្រាបប្រជាពលរដ្ឋផងដែរ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១៣ ខែសីហា អគ្គស្នងការនគរបាលជាតិ ក៏បានធ្វើសន្និសីទសារព័ត៌មានផងដែរ ដោយប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការចាត់វិធានការច្បាប់លើក្រុម ឬបុគ្គលទាំងឡាយណាដែលប្រមូលផ្ដុំគ្នាធ្វើកុបកម្មដោយខុសច្បាប់ ឬដុតបំផ្លាញ បង្កអសន្តិសុខជាតិប្រឆាំងការអភិវឌ្ឍជាតិ។
ប្រភពដដែលបញ្ជាក់ថា កងកម្លាំងនគរបាលជាតិមានតួនាទីបម្រើជាតិ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ មិនអនុញ្ញាតឲ្យមានចលនាខុសច្បាប់ឡើយ។
ការប្រកាសបង្ក្រាបបន្តកន្ទុយគ្នាបែបនេះ ធ្វើឡើងបន្ទាប់ពីមានការអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធការពារជាតិខ្មែរ យកគំរូតាមកងកម្លាំងប្រដាប់អាវុធបង់ក្លាដេស ដែលបានរួមគ្នាជាមួយប្រជាជនបង់ក្លាដេស ទម្លាក់នាយករដ្ឋមន្ត្រីផ្ដាច់ការកាលពីពេលថ្មីៗនេះ។
រាជរដ្ឋាភិបាលបានប្រកាសដាច់ណាត់ចាត់ទុកចលនាធ្វើបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណប្រទេសបី ថាជាការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ ប្រឈមនឹងចលនាបាតុកម្មនេះ ក្រសួងមហាផ្ទៃតាមរយៈលោករដ្ឋមន្ត្រី ស សុខា បានប្រកាសបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធតាមបណ្តាខេត្តនីមួយៗ មានប៉ូលិស យោធា និងកងរាជអាវុធហត្ថ ចាប់ផ្តើមប្រមូលផ្ដុំគ្នាដាក់ផែនការរឹតបន្តឹងសន្តិសុខកម្រិតខ្ពស់នៅតាមមូលដ្ឋានសំខាន់ៗក្នុងភូមិសាស្ត្ររៀងៗខ្លួន រហូតដល់ចុងខែសីហា។
ចំណែកឯក្រសួងយុត្តិធម៌ វិញ ក៏បានព្រមានចាត់វិធានការច្បាប់ធ្ងន់ធ្ងរដោយគ្មានការលើកលែងចំពោះអ្នកចូលរួម និងមេខ្លោងរៀបចំធ្វើបាតុកម្ម។ បទចោទដែលក្រសួងយុត្តិធម៌ បានព្រមានយកមកអនុវត្តនោះ មាន «បទល្មើសឧបឃាត» ដែលត្រូវមានទោសជាប់ពន្ធនាគារពី ១៥ឆ្នាំទៅ ៣០ឆ្នាំ។ ប្រសិនបើជនល្មើសជាអ្នករាជការសាធារណៈ នោះទោសសម្រាប់ «បទល្មើសឧបឃាត» គឺជាប់ពន្ធនាគារអស់មួយជីវិត។
ចំពោះបុគ្គលទាំងឡាយណាដែលគេរកឃើញថាបានចូលរួមក្នុងគម្រោងធ្វើបាតុកម្មវិញ នឹងត្រូវជាប់ទោសក្នុង «បទល្មើសរួមគំនិតក្បត់» ដែលប្រឈមនឹងការជាប់ពន្ធនាគារពី ៥ ទៅ ១០ឆ្នាំ ហើយទោសនេះត្រូវបន្ថែមស្ថានទម្ងន់ទោសដាក់ពន្ធនាគារពី ១០ឆ្នាំទៅ ២០ឆ្នាំ ប្រសិនបើជនល្មើសជាអ្នករាជការសាធារណៈ៕