រដ្ឋសភាថៃ នៅថ្ងៃទី១៦ ខែសីហា បានបោះឆ្នោតជ្រើសតាំងអ្នកស្រី ផែថោងថាន ស៊ីណាវ៉ាត្រា ប្រធានគណបក្សភឿថៃ ឱ្យឡើងកាន់តំណែងនាយករដ្ឋមន្ត្រីថៃ ទី៣១។
ការបោះឆ្នោតរបស់សមាជិកសភាថៃ អ្នកស្រី ផែថោងថាន ទទួលបានសំឡេងលើសពីការតម្រូវនៃរដ្ឋធម្មនុញ្ញ ដែលត្រូវការសំឡេង ៥០បូក១ ដោយសំឡេងគាំទ្រ ៣១៩សំឡេង ប្រឆាំង១៤៥ និងអនុបវាទ ២៧ ដែលសំឡេងគាំទ្រនេះមានភាពលើសពីសំឡេង ២៤៧ ដែលអ្នកស្រី ផែថោងថាន ត្រូវការដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រី។ នេះបើតាមការចុះផ្សាយ Channel News Asia។
តែសំឡេងគាំទ្រ ៥០បូក១ ស្មើនឹង ២៤៧សំឡេងនៅក្នុងរដ្ឋសភាមានអាសនៈសរុប ៤៩៣ វាមិនមែនជាឧបសគ្គសម្រាប់កូនស្រីពៅរបស់លោក ថាក់ស៊ីន នោះទេ ព្រោះសម្ព័ន្ធបក្សនយោបាយទាំង ១១ ដឹកនាំដោយបក្សភឿថៃ មានសំឡេង ៣១៤អាសនៈទៅហើយនោះ។
អ្នកស្រី ផែថោងថាន មានអាយុ ៣៧ឆ្នាំ បានក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃរាជាណាចក្រថៃ និងជានាយករដ្ឋមន្ត្រីទី៣១ នៃរាជាណាចក្រនេះ។ នៅមុនការបោះឆ្នោតមួយថ្ងៃ សម្ព័ន្ធគណបក្សទាំង១១ ដឹកនាំដោយគណបក្សភឿថៃ បានប្រកាសជ្រើសរើសអ្នកស្រី ផែថោងថាន ស៊ីណាវ៉ាត្រា ជាបេក្ខជននាយករដ្ឋមន្ត្រីថ្មីរបស់ខ្លួន បន្ទាប់ពីលោក ស្រេតថា ថាវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញសម្រេចដកតំណែងជានាយករដ្ឋមន្ត្រី។
តុលាការធម្មនុញ្ញថៃ សម្រេចថា លោក ស្រេតថា ត្រូវបានដកចេញពីតំណែងនាយករដ្ឋមន្ត្រី ដោយសារតែលោកបានបំពានរដ្ឋធម្មនុញ្ញពាក់ព័ន្ធនឹងការតែងតាំងរដ្ឋមន្ត្រីម្នាក់ដែលធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ។
អ្នកស្រី ផែថោងថាន ជានាយករដ្ឋមន្ត្រីស្ត្រីថៃទីពីរ បន្ទាប់ពីម្ដាយមីងរបស់អ្នកស្រី គឺអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលត្រូវបានតុលាការធម្មនុញ្ញចេញដីកាដកហូតអំណាចមុនតែប៉ុន្មានថ្ងៃដែលពួកយោធាធ្វើរដ្ឋប្រហាររំលាយគណៈរដ្ឋមន្ត្រីបក្សភឿថៃ នៅក្នុងឆ្នាំ២០១៤។
អ្នកស្រី ផែថោងថាន ជានាយករដ្ឋមន្ត្រីថៃ ស្ថិតក្នុងត្រកូល ស៊ីណាវ៉ាត្រា ទី៣ បន្ទាប់ពីឪពុក គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងអ្នកស្រី យីងឡាក់។
ចំណែកឪពុកមាថ្លៃរបស់អ្នកស្រី ផែថោងថាន គឺលោក Somchai Wongsawat ដែលជានាយករដ្ឋមន្ត្រីថៃ ទី២៦ ក៏ត្រូវបានតុលាការធម្មនុញ្ញថៃ ដកចេញពីតំណែងនាយករដ្ឋមន្ត្រីនៅក្នុងឆ្នាំ២០០៨។
តើអ្នកស្រី ផែថោងថាន មានប្រវត្តិដូចម្ដេច?
អ្នកស្រី ផែថោងថាន បច្ចុប្បន្នមានអាយុ ៣៧ឆ្នាំ កើតនៅឆ្នាំ១៩៨៦។ អ្នកស្រីជាកូនស្រីពៅនៅក្នុងចំណោមកូន ៣នាក់របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ។ អ្នកស្រី ផែថោងថាន បានរៀបការជាមួយលោក Pidok Sooksawas ជាអាកាសយានិកបើកយន្តហោះអាកាសចរណ៍ស៊ីវិល។
អ្នកស្រី ផែថោងថាន ស៊ីណាវ៉ាត្រា មានឈ្មោះហៅក្រៅថា Ung Ing។ អ្នកស្រីកើតក្នុងត្រកូលអ្នកមានទ្រព្យសម្បត្តិមហាសាល គឺត្រកូល ស៊ីណាវ៉ាត្រា ដែលមានឪពុកឈ្មោះ ថាក់ស៊ីន ស៊ីណាវ៉ាត្រា។
អ្នកស្រីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ ជូឡាឡុងកន មុននឹងបន្តការសិក្សានៅសាកលវិទ្យាល័យ Surrey ផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ចអន្តរជាតិនៅអង់គ្លេស។
អ្នកស្រីជាកូនស្រីដែលបានជួយគ្រួសារ ស៊ីណាវ៉ាត្រា យ៉ាងខ្លាំងក្នុងវិស័យធុរកិច្ច។ ចាប់តាំងពីចូលប្រលូកនយោបាយនៅក្នុងឆ្នាំ២០២១ អ្នកស្រី ផែថោងថាន បានក្លាយជាមេដឹកនាំគណបក្សភឿថៃ ហើយជាបេក្ខជននាយករដ្ឋមន្ត្រី ១រូបក្នុងចំណោម ៣រូបពីបក្សភឿថៃ ដែលប្រកាសនៅអំឡុងសម័យបោះឆ្នោតខែឧសភា ឆ្នាំ២០២៣។
អ្នកស្រី ផែថោងថាន ពុំមែនជាសមាជិកសភាថៃ បច្ចុប្បន្ននេះទេ។ អ្នកស្រីក៏មិនធ្លាប់ជាសមាជិកសភា ឬរដ្ឋមន្ត្រីម្ដងណាទេ ប៉ុន្តែអ្នកស្រីបានចូលរួមយុទ្ធនាការឃោសនារកសំឡេងឆ្នោតជាមួយឪពុកចាប់ពីឆ្នាំ២០០១-២០០៦។
តើអ្នកស្រី ផែថោងថាន អាចមានវាសនាដូចឪពុក ដូចឪពុកមា និងដូចម្ដាយមីងដែរឬទេ?
ទាំងលោក ថាក់ស៊ីន លោក Somchai Wongsawat ទាំងអ្នកស្រី យីងឡាក់ សុទ្ធសឹងតែជានាយករដ្ឋមន្ត្រីដែលត្រូវបានទម្លាក់ពីអំណាចមុនការចប់អាណត្តិ។ លោក ថាក់ស៊ីន ត្រូវបានពួកយោធាធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចនាយករដ្ឋមន្ត្រីនៅក្នុងឆ្នាំ២០០៦។ ចំណែកឯលោក Somchai Wongsawat ត្រូវបានដកហូតតំណែងពីនាយករដ្ឋមន្ត្រីនៅឆ្នាំ២០០៨ ដោយតុលាការធម្មនុញ្ញ។
ចំពោះអ្នកស្រី យីងឡាក់ ក៏ត្រូវបានតុលាការធម្មនុញ្ញដកហូតតំណែងពីនាយករដ្ឋមន្ត្រីនៅឆ្នាំ២០១៤។ សំណុំរឿងដែលឈានដល់ការទម្លាក់អំណាច សុទ្ធតែជាប់ពាក់ព័ន្ធនឹងកំហុសក្នុងមុខតំណែង មុខងារ និងមុខនាទី តែអ្នកសង្កេតការណ៍ថាគឺជាការពាក់ព័ន្ធនឹងស្ថានភាពនយោបាយ។
ចំពោះការដកតំណែងនាយករដ្ឋមន្ត្រីពីលោក ស្រេតថា ថាវីស៊ីន កាលពីពេលថ្មីៗនេះ គឺជាកំហុសមុខតំណែង និងសិទ្ធិអំណាចផងដែរ។
អ្នកសង្កេតការណ៍គិតថា ភាពផុយស្រួយចំពោះអ្នកស្រី ផែថោងថាន ក៏អាចងាយផងដែរ តែបើអ្នកស្រី និងបក្សភឿថៃ នៅបន្តចាប់ដៃជាមួយពួកយោធា នៅមានភាពល្អូកល្អឺននឹងគ្នា អាចនឹងមិនមានវាសនាដូចឪពុក ដូចឪពុកមាថ្លៃ ឬដូចម្ដាយមីងនោះទេ៕