នាយករដ្ឋមន្ត្រីខ្មែរសួពូជលោក ហ៊ុន ម៉ាណែត អបអរសាទរកូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺអ្នកស្រី ផែថោងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ទី៣១ ដោយរំពឹងថា រដ្ឋមន្ត្រីថ្មីប្រទេសថៃ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត។
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត បានចេញលិខិតអបអរសាទរនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសថៃ នៅថ្ងៃទី១៦ សីហា ថា រដ្ឋាភិបាលកម្ពុជាទន្ទឹងរង់ចាំធ្វើការដោយជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
លោក ហ៊ុន ម៉ាណែត អះអាងថា កិច្ចសហការរវាងថៃ និងកម្ពុជា គឺដើម្បីបម្រើឱ្យផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ព្រោះកម្ពុជា និងថៃ មានទំនាក់ទំនងទ្វេភាគីយូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរហូតមក។ លោកថា លោកជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់អ្នកស្រី Paetongtarn Shinawatra នោះ កម្ពុជា និងថៃ នឹងនៅតែបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រដូចមុនដដែលទៅថ្ងៃអនាគត។
អ្នកស្រី ផែថោងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ជំនួសលោក ស្រេតថា ថាវីស៊ីន ដែលត្រូវបានតុលាការធម្មនុញ្ញដកតំណែងកាលពីពេលថ្មីៗនេះ។
ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន ក៏បានចេញលិខិតអបអរសាទរអ្នកស្រី ផែថោងថាន ស៊ីណាវ៉ាត្រា ផងដែរ នៅថ្ងៃទី១៦ ខែសីហា ដោយបញ្ជាក់ថា លោកកំពុងទន្ទឹងរង់ចាំធ្វើការដោយជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីថ្មីនេះ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងសភានៃប្រទេសទាំងពីរ។
លោក ហ៊ុន សែន លើកឡើងថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀតដោយផ្អែកលើស្មារតីនៃការគោរពគ្នាទៅវិញទៅមក ការទុកចិត្តគ្នា និងការប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាពក្នុងប្រជាជាតិទាំងពីរ និងក្នុងតំបន់ ជាពិសេសសហគមន៍អាស៊ាន។
មេដឹកនាំបក្សកាន់អំណាចរូបនេះជឿជាក់ថា នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ នឹងបន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ដើម្បីបង្កើតសក្ដានុពលថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែប្រសើរ និងផលប្រយោជន៍ទៅវិញទៅមកជូនជាតិ និងប្រជាជនរបស់ប្រទេសទាំងពីរ។
នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នេះ រដ្ឋសភាថៃ បានសម្រេចបោះឆ្នោតជ្រើសតាំងអ្នកស្រី ផែថោងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ជំនួសលោក ស្រេតថា ថាវីស៊ីន ដែលត្រូវបានតុលាការធម្មនុញ្ញដកតំណែង។
ក្នុងការបោះឆ្នោតនេះ អ្នកស្រី ផែថោងថាន ទទួលបានសំឡេងគាំទ្រលើសពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភាថៃ សរុប ៤៩៣នាក់ ដែលអាចជួយឱ្យអ្នកស្រីក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ នាពេលនេះ។
យោងតាមប្រភពវីគីភីឌា ចាប់តាំងពីឆ្នាំ១៩៩១ មក ប្រទេសថៃ បានផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីចំនួន ២១រូបហើយ។ ចំណែកឯប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨៥ មក ទើបតែផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីម្នាក់ប៉ុណ្ណោះ គឺប្តូរ ឬផ្ទេរពីលោក ហ៊ុន សែន មកលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសបង្កើតរបស់គាត់។ ការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីកម្ពុជា ពីឪពុកទៅកូនបែបនេះ ត្រូវគេមើលឃើញថា គឺជាការផ្លាស់ប្ដូរអំណាចបន្តពូជ ដើម្បីគ្រប់គ្រងប្រទេសកម្ពុជាប៉ុណ្ណោះ ក្នុងនោះគេក៏បានរកឃើញថា សែស្រឡាយ សាច់ញាតិ និងបក្ខពួករបស់ក្រុមគ្រួសារលោក ហ៊ុន សែន ត្រូវបានតែងតាំងឱ្យកាន់តំណែងក្នុងជួររដ្ឋាភិបាលយ៉ាងអនាធិបតេយ្យសព្វថ្ងៃនេះ។
សមាគមអ្នកសារព័ត៌មានកម្ពុជា ខេមបូចា បានលាតត្រដាងក្នុងរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនកាលពីពេលថ្មីៗនេះថា ពួកគេបានរកឃើញសែស្រឡាយបក្ខពួករបស់លោក ហ៊ុន សែន រហូតដល់ទៅ ១ភាគ៤ ត្រូវបានដាក់ឱ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ហើយនៅពេលនេះ ពួកគេក៏កំពុងមានកាន់តួនាទីជាតំណាងរាស្ត្ររបស់បក្សកាន់អំណាចដែរ៕