សហគមន៍ខ្មែរក្នុងទីក្រុងឡងប៊ិច នៃទឹកដីសហរដ្ឋអាមេរិក ប្រកាសធ្វើបាតុកម្មទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម (CLV) នៅចុងសប្តាហ៍ក្រោយនេះ។
សហគមន៍ខ្មែរក្នុងទីក្រុងឡងប៊ិច និងប្រជាពលរដ្ឋខ្មែរមកពីបណ្តារដ្ឋជាច្រើនទៀត បានចេញសេចក្តីប្រកាសមួយស្ដីពីការធ្វើបាតុកម្មប្រឆាំងគម្រោងត្រីកោណអភិវឌ្ឍន៍ (CLV) នៅថ្ងៃទី១៩ សីហា នេះថា ពួកគេទាំងអស់គ្នានឹងប្រមូលផ្ដុំធ្វើបាតុកម្មនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ក្នុងទីក្រុងឡងប៊ិច គឺស្ថិតនៅទីតាំងសួនឧទ្យាន MacArthur Park: 1321 E Anaheim Street Long Beach, CA 90802 ចាប់ពីវេលាម៉ោង ១ ដល់ម៉ោង ៤ រសៀល។
សហគមន៍ខ្មែរដដែលនេះ អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីដែលរស់នៅតាមបណ្តារដ្ឋនានាក្នុងទឹកដីសហរដ្ឋអាមេរិក និងប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្តាប្រទេសផ្សេងទៀត ចូលរួមធ្វើបាតុកម្មនេះឱ្យបានច្រើនកុះករ ដោយការស្លៀកសម្លៀកបំពាក់អាវពណ៌ស ខោពណ៌ខ្មៅ ឬខោខូវប៊យ ឱ្យបានគ្រប់ៗគ្នា។
កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ក្រសួងយុត្តិធម៌ បានចេញសេចក្តីថ្លែងការណ៍មួយដោយចាត់ទុកការធ្វើបាតុកម្មតវ៉ាបញ្ហាតំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម ជាផែនការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជាដើម្បីអំណាច ដែលជាបទឧក្រិដ្ឋនឹងត្រូវផ្ដន្ទាទោសក្រោមបទល្មើសឧបឃាត។
ក្រសួងយុត្តិធម៌ បញ្ជាក់ថា អ្នកដែលចូលរួមបាតុកម្មតវ៉ាទាមទារឱ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ត្រីកោណ (CLV) ជាបទល្មើសរួមគំនិតក្បត់ ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំទៅ ១០ឆ្នាំ និងពី ១០ឆ្នាំទៅ ២០ឆ្នាំ បើជាមន្ត្រីរាជការសាធារណៈ។
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី លើកឡើងថា អ្នកចូលរួមបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍន៍ត្រីកោណ មិនមែនជាជនក្បត់ជាតិដូចការចោទប្រកាន់របស់រដ្ឋាភិបាលត្រកូលហ៊ុនទេ ប៉ុន្តែជនក្បត់ជាតិពិតប្រាកដ គឺត្រកូលហ៊ុនទៅវិញទេ ដោយសារតែពួកគេបានកាត់ទឹកដីខ្មែរ ៤ខេត្តក្នុងតំបន់ត្រីកោណ ឱ្យទៅប្រទេសវៀតណាម គ្រប់គ្រង។
អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី អះអាងថា លោក ហ៊ុន សែន បានចោទលោកថាជាជនក្បត់ជាតិ ៣ជំនាន់ ប៉ុន្តែត្រកូលហ៊ុនគឺជាពូជក្បត់ជាតិតាំងពីខ្លួនគាត់រហូតដល់ចៅ ដូច្នេះសូមប្រជាពលរដ្ឋខ្មែរ និងកងកម្លាំងប្រដាប់អាវុធកម្ពុជាទាំងអស់ ត្រូវតែចូលរួមគ្នាប្រឆាំងការដឹកនាំត្រកូលហ៊ុន ដើម្បីកុំឱ្យពួកគេកាត់ទឹកដីខ្មែរឱ្យបរទេសឈ្លានពានបន្តទៀត៕