25 C
Phnom Penh

តើ​មេដឹកនាំ​ជាន់ខ្ពស់​បក្ស​ប្រជាជន​កម្ពុជា​ដែល​យៀកណាម​លើក​បន្តុប មាន​គំនិត​ខុស​គ្នា​ឬ​ទេ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នកវិភាគ​នយោបាយ លើកឡើង​ថា ការ​បញ្ជាក់​ជំហរ​របស់​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង ដែល​ប្រកាស​គាំទ្រ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត និង​ប្រកាស​គាំទ្រ​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ កាន់តែ​បង្ហាញ​ឱ្យ​ឃើញ​រឹតតែ​ច្បាស់​ថា គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ និង​វៀតណាម (CLV DTA) គឺជា​ផែនការ​នយោបាយ​របស់​វៀតណាម យ៉ាង​ពិតប្រាកដ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ សីហា នេះ​ថា ការ​បញ្ជាក់​ជំហរ​របស់​លោក ស ខេង ចំពោះ​ការ​ការពារ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គឺ​គ្រាន់តែ​ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​គាត់ និង​ក្រុម​គ្រួសារ​គាត់​ពី​ការ​សង្ស័យ​របស់​វៀតណាម ក្នុង​នាម​គាត់​ជា​បក្ខជន​ជាន់ខ្ពស់​របស់​អតីត​បក្ស​កុម្មុយនីស្ត​វៀតណាម មួយ​នេះ​តែប៉ុណ្ណោះ។

លោក គឹម សុខ លើកឡើង​ថា បើ​គ្រាន់តែ​ជា​នយោបាយ​របស់​គ្រួសារ​ត្រកូល​ហ៊ុន ជុំវិញ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នេះ លោក ស ខេង អាច​ធ្វើ​មិន​ដឹង​មិន​ឮ ឬ​មិន​បាច់​បញ្ចេញ​ប្រតិកម្ម​អ្វី​ក៏​បាន​ដែរ ប៉ុន្តែ​គម្រោង​ត្រីកោណ​នេះ គឺជា​គម្រោង​នយោបាយ​របស់​វៀតណាម ដូច្នេះ​លោក ស ខេង មិន​អាច​ទប់​ខ្លួន​មិន​ឲ្យ​រអិល​ចូល​ក្នុង​គ្រោះថ្នាក់​សម្រាប់​ក្រុម​គ្រួសារ​របស់​គាត់​បាន​ទេ ប្រសិនបើ​គាត់​មិន​ប្រកាស​គាំទ្រ​នោះ។

អ្នកវិភាគ​រូប​នេះ​អះអាង​ថា នៅ​ពេលនេះ គណបក្ស​ប្រជាជន​កម្ពុជា កំពុង​បែកបាក់​កម្លាំង​សាមគ្គី​កាន់តែ​ធំ​ថែម​ទៀត ព្រោះ​ក្នុង​បក្ស​នេះ​បច្ចុប្បន្ន មិន​លើក​តម្លៃ​អ្នក​ណា​ក្រៅតែ​ពីរ​នាក់​ឪ​កូន​ត្រកូល​ហ៊ុន គឺ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នោះ​ទេ។

លោក គឹម សុខ បញ្ជាក់​ថា កាន់តែ​ច្បាស់​បំផុត​ទៀត​នោះ គឺ​ចាប់តាំងពី​លោក ហ៊ុន ម៉ាណែត ឡើង​ជា​នាយករដ្ឋមន្ត្រី​មក លោក ស ខេង ស្ទើរតែ​មិន​ដែល​ចូលរួម​ក្នុង​ពិធី​ផ្សេងៗ​ដែល​មាន​វត្តមាន​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ទោះ​ក្នុង​ក្របខ័ណ្ឌ​បក្ស និង​ក្របខ័ណ្ឌ​ក្រៅពី​បក្ស​ក៏ដោយ។

លោក គឹម សុខ គូស​បញ្ជាក់​ថា សព្វថ្ងៃ​នេះ គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​របស់​គ្រួសារ​ហ៊ុន មិនមែន​ជា​គណបក្ស​របស់​មន្ត្រី​បក្ស​នេះ​ទេ ចំណែកឯ​ការ​បញ្ជាក់​របស់​លោក ស ខេង ថា​នៅ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មិនមែន​មាន​ន័យ​ថា​គាត់​នៅ​ជាមួយ​គណបក្ស​របស់​គ្រួសារ​ហ៊ុន​នោះ​ទេ គឺ​នៅ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​មន្ត្រី​បក្ស​នេះ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២៤ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ស ខេង បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​អះអាង​ថា ក្រុម​ប្រឆាំង​ជ្រុល​និយម​មួយ​ចំនួន​កំពុង​បង្កើត​ឱ្យ​មាន​ការ​ភាន់ច្រឡំ និង​មន្ទិល​សង្ស័យ​លើ​ជំហរ​របស់​លោក​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត។

លោក ស ខេង បញ្ជាក់​ថា លោក​នៅតែ​បន្ត​ចូលរួម​គាំទ្រ​ឥត​ងាករេ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លោក ហ៊ុន សែន ជា​អ្នក​ដឹកនាំ និង​បន្ត​គាំទ្រ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​ដែល​មាន​លោក ហ៊ុន ម៉ាណែត ជា​ប្រមុខ ដើម្បី​បុព្វហេតុ​ជាតិ និង​ដើម្បី​សុភមង្គល​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា ផែនការ​របស់​វៀតណាម មាន​តែ​មួយ​គត់ គឺ​គ្រប់គ្រង​ប្រទេស​កម្ពុជា​ទាំងមូល​ឱ្យ​បាន ទោះ​ត្រូវ​ប្រើ​វិធី​បែប​ណា​ក៏ដោយ។

លោក អ៊ុំ សំអាន បញ្ជាក់​ថា ភស្តុតាង​ជា​ឯកសារ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​កិច្ចប្រជុំ​លើក​ទី​១០ នៅ​ទីក្រុង​ហាណូយ ក្នុង​ឆ្នាំ​២០១៨ វៀតណាម បាន​ស្នើ​ឱ្យ​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ ដាក់​ប្រទេស​ទាំងមូល​ជា​បណ្តើរៗ​ចូល​ក្នុង​តំបន់​ត្រីកោណ​ដើម្បី​អភិវឌ្ឍ​រួម​គ្នា ដែល​ក្នុង​ខ្លឹមសារ​នេះ គឺ​មាន​ន័យ​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​៣ នឹង​ដាក់​ខេត្ត​រៀង​ខ្លួន​ចូល​ក្នុង​តំបន់​នេះ​ម្តង​មួយ​ខេត្តៗ​រហូត​ដាក់​ប្រទេស​ទាំងមូល​តែម្តង។

ចំពោះ​អ្នក​ខ្លះ​ដែល​ស្មាន​ថា​មាន​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា ខ្លះ​ក៏​ស្រឡាញ់​ជាតិ ស្នេហា​ជាតិ​ដែរ​នោះ ពលរដ្ឋ​ខ្មែរ​មិន​ទាន់​ឃើញ​មាន​មន្ត្រី​បក្ស​នេះ​ណា​ម្នាក់​ចេញ​មុខ​ជំទាស់​នឹង​គម្រោង​ផែនការ​បាត់​ពូជសាសន៍ បាត់​ទឹក​បាត់​ដី បាត់​ព្រៃ​ព្រឹក្សា​ម្តង​ណា​ឡើយ ក្រៅតែ​ពី​ស្រប​តាម​បំពង បន្ទរ​តាម​អ្វី​ត្រកូល​ហ៊ុន​ចង់​បាន ចង់​ធ្វើ ហើយ​ចែក​ផលប្រយោជន៍​គ្នា​យក​រស់​យក​សុខ​ទទួល​ផល​ផ្ទាល់ខ្លួន​រៀងៗ​ខ្លួន​នោះ​ទេ។ មន្ត្រី​បក្ស​នេះ​គិត​ថា បើ​រស់ រស់​ទាំងអស់​គ្នា បើ​ដួល​រលំ​មួយ គឺ​នឹង​ដួល​រលំ​ទាំងអស់​គ្នា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស