30 C
Phnom Penh

ប្អូនប្រុស​របស់​សកម្មជន​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​រិះគន់​សមត្ថកិច្ច​ដែល​ចាប់​ខ្លួន​បងស្រី​ដោយ​មិន​ផ្ដល់​ដំណឹង​ដល់​គ្រួសារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្អូនប្រុស​របស់​អ្នកស្រី សែម សុផល ដែល​ជា​សកម្មជន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លើកឡើង​ថា បងស្រី​របស់​លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ដោយ​មិន​បាន​ផ្ដល់​ដំណឹង​ដល់​ក្រុម​គ្រួសារ ទោះបីជា​កូនៗ និង​សាច់ញាតិ​បាន​ព្យាយាម​សាកសួរ​សមត្ថកិច្ច​យ៉ាងណា​ក៏ដោយ។

លោក មិន ពៅ ដែល​អះអាង​ជា​ប្អូនប្រុស​របស់​អ្នកស្រី សែម សុផល បាន​និយាយ​ក្នុង​វីដេអូ​ជិត ៤​នាទី ដោយ​ភ្ជាប់​នឹង​រូបថត​បងស្រី​របស់​ខ្លួន​ថា លោក​បាន​ទទួល​ដំណឹង​អំពី​បងស្រី​របស់​លោក​ហើយ ប៉ុន្តែ​ដំណឹង​នេះ​លោក​ថា​មិន​បាន​ដឹង​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​នោះ​ទេ គឺ​បាន​មកពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​គ្រួសារ​ក្នុង​ការ​ស្វះស្វែង​សាកសួរ​សមត្ថកិច្ច​ពាក់ព័ន្ធ រហូត​បាន​ដំណឹង​ពី​ខាង​ពន្ធនាគារ​ព្រៃស​ទៅ​វិញ។

លោក​បាន​ចោទ​ជា​សំណួរ​ថា ហេតុ​អ្វី​បាន​ជា​អាជ្ញាធរ​ចាប់​ខ្លួន​បងស្រី​របស់​លោក​តាំងពី​ល្ងាច​ថ្ងៃទី​១៦ ខែ​សីហា រហូត​ដល់​ថ្ងៃទី​១៩ ខែ​សីហា គឺ​រយៈពេល ៣​យប់ ៣​ថ្ងៃ​ហើយ បែរ​ជា​មិន​ផ្ដល់​ដំណឹង​ដល់​ក្រុម​គ្រួសារ​របស់​លោក​សោះ?

លោក​ថា បងស្រី​របស់​លោក​គ្រាន់តែ​កសិករ​ម្នាក់ មិនមែន​ជា​មេ​ឧក្រិដ្ឋជន​គ្រឿងញៀន ឧក្រិដ្ឋជន​ព្រៃឈើ សម្លាប់​មនុស្ស ឬ​លួច​លុយ​ជាតិ​ឡើយ ដូច្នេះ​បើ​ខុស​អ្វី​គួរតែ​ប្រាប់ និង​ផ្ដល់​ដំណឹង​ដល់​ក្រុម​គ្រួសារ មិនមែន​ចាប់​ទៅ​ស្ងាត់ៗ​មិន​ប្រាប់​គ្រួសារ​បែប​នេះ​ឡើយ។

លោក​ចាត់ទុក​សកម្មភាព​ចាប់​ខ្លួន​បងស្រី និង​ពលរដ្ឋ​បែប​នេះ មិនមែន​ជា​វិធី​ដោះស្រាយ​នោះ​ទេ ផ្ទុយទៅវិញ​គឺ​បង្ក​ឱ្យ​កាន់​តែ​មាន​បញ្ហា​ដល់​សង្គម​ទៅវិញ។

លោក មិន ពៅ ស្នើ​ឱ្យ​អាជ្ញាធរ​គិត​ពិចារណា​ពី​ផ្លូវច្បាប់ និង​សីលធម៌​ឡើងវិញ រួម​ទាំង​បាប​បុណ្យ​ផង ពីព្រោះ​អ្នក​ទាំងនោះ​មិន​អាច​កាន់​តួនាទី​រហូត​នោះ​ទេ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន កាលពី​ថ្ងៃទី​១៨ ខែ​សីហា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​ចាត់ទុក​ការ​ចាប់​ខ្លួន​អ្នកស្រី សែម សុផល សកម្មជន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដោយ​មិន​បង្ហាញ​ដីកា និង​គ្មាន​ហេតុផល​ប្រាប់​ដល់​ក្រុម​គ្រួសារ ថា​ជា​ការ​បំពាន​នីតិវិធី​ច្បាប់ និង​ជា​ការ​រំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។

អ្នកស្រី សែម សុផល រស់នៅ​សង្កាត់​ព្រែកស្ដី ក្រុង​សំពៅពូន ខេត្ត​កណ្ដាល ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ចម្ការ​របស់​គាត់​កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែ​សីហា។

ការ​ចាប់​ខ្លួន​អ្នកស្រី សែម សុផល និង​សកម្មជន​សង្គម រួម​ទាំង​ពលរដ្ឋ​ជាច្រើន​នាក់​ទៀត​នេះ ធ្វើ​ឡើង​ក្រោយពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត បាន​បញ្ជា និង​ដាក់​ពង្រាយ​កងកម្លាំង​នៅ​ទូទាំង​ប្រទេស ត្រៀម​បង្ក្រាប​បាតុកម្ម​របស់​ពលរដ្ឋ​នៅ​ថ្ងៃទី​១៨ ខែ​សីហា ទាមទារ​ឱ្យ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​គ្រួសារ​ត្រកូល​ហ៊ុន ដក​កម្ពុជា​ចេញ​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជាមួយ​វៀតណាម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស