31 C
Phnom Penh

អ្នកជំនាញ​ថា​មេដឹកនាំ​ដែល​ចោទ​ក្រុម​ប្រឆាំង​ថា​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​គឺ​ដោយសារ​ភ័យ​ព្រួយ​ខ្លាច​បាត់បង់​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកជំនាញ​នយោបាយ​ការទូត​អន្តរជាតិ លើកឡើង​ថា ការ​ចោទប្រកាន់​របស់​បក្ស​កាន់​អំណាច​លើ​ក្រុម​ប្រឆាំង និង​ពលរដ្ឋ​ដែល​មាន​គំនិត​ផ្ទុយ​ថា​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍ គឺ​ដោយសារតែ​ពួកគេ​មាន​ការ​ភ័យ​ព្រួយ​ពី​ស្ថិរភាព​អំណាច។

អ្នក​តាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២១ សីហា នេះ​ថា រាល់ «ការ​តវ៉ា» មិនមែន​សុទ្ធតែ​ជា​ការ​ប៉ុនប៉ង​ធ្វើ «បដិវត្តន៍» ទេ ព្រោះ​ការ​ចោទប្រកាន់​បែប​នេះ​អាច​ដោយសារតែ​ការ​ព្រួយបារម្ភ​អំពី​សកម្មភាព​របស់​ក្រុម​ប្រឆាំង ហើយ​ក៏​អាច​គ្រាន់តែ​ជា​លេស​ដើម្បី​បង្ក្រាប​ក្រុម​ប្រឆាំង និង​អ្នក​មាន​គំនិត​ផ្ទុយ​ផ្នែក​នយោបាយ​តែប៉ុណ្ណោះ។

ជាង​នេះ​ទៀត ការ​ចោទប្រកាន់​លើ​ក្រុម​អ្នក​មាន​គំនិត​ផ្ទុយ​ថា​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍ ក៏​អាច​ជា​មធ្យោបាយ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​អ្នក​កាន់​អំណាច​ក្នុង​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ និង​បង្ក្រាប​គូប្រជែង​នយោបាយ​របស់​ខ្លួន ដើម្បី​បង្ហាញ​អំពី​ភាព​ត្រឹមត្រូវ​នៃ​ចំណាត់ការ​របស់​ពួកគេ​លើ​អ្នក​ប្រឆាំង​ទាំងនោះ​ដែរ។

លោក សេង វណ្ណលី បាន​លើកឡើង​ថា ការ​ចេះ​តែ​ចោទប្រកាន់​រាល់​សកម្មភាព​របស់​អ្នក​ដែល​មាន​គំនិត​ផ្ទុយ​ថា​ជា​ការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍ ដោយ​ពុំ​បាន​ពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​លើ​អង្គហេតុ​នៃ​ច្បាប់ និង​មាន​ចរិត​នយោបាយ អាច​បង្ក​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​ស្លូតត្រង់​ដែល​ត្រូវ​រង​ការ​លាប​ពណ៌ រួម​ទាំង​ប្រឈមមុខ​នឹង​ការ​ចាប់​ខ្លួន ការ​ដាក់​ពន្ធនាគារ និង​រង​នូវ​អំពើ​ហិង្សា​ពី​កងកម្លាំង​របស់​រដ្ឋអំណាច​ថែម​ទៀត។

លោក​ពន្យល់​ថា «បដិវត្តន៍» គឺជា​ពាក្យ​ដែល​មាន​អត្ថន័យ​ទាំង​វិជ្ជមាន និង​អវិជ្ជមាន អាស្រ័យ​លើ​បរិបទ​ដែល​គេ​ប្រើ​ប៉ុណ្ណោះ។

ដើម្បី​វាយតម្លៃ​ថា​តើ​បដិវត្តន៍​នោះ​មាន​លក្ខណៈ​វិជ្ជមាន ឬ​អវិជ្ជមាន ត្រូវ​ពិចារណា​លើ​កត្តា​ផ្សេងៗ ដូចជា អ្វី​ទៅ​ជា​គោលដៅ​នៃ​បដិវត្តន៍? តើ​គេ​ប្រើ​វិធីសាស្ត្រ​ហិង្សា ឬ​អហិង្សា? តើ​ទំហំ​នៃ​សកម្មភាព​អាច​ឈាន​ដល់​ការ​ផ្តួល​រំលំ​របប​នយោបាយ​មួយ​បាន​ដែរ​ឬ​ទេ? តើ​លទ្ធផល​នៃ​បដិវត្តន៍​នោះ​ជះ​ឥទ្ធិពល​យ៉ាងណា​ខ្លះ​លើ​ទិដ្ឋភាព​សេដ្ឋកិច្ច សង្គម និង​នយោបាយ?

អ្នក​តាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​រូប​នេះ​បញ្ជាក់​ថា ពាក្យ «បដិវត្តន៍» នៅ​កម្ពុជា​ច្រើន​តែ​សំដៅ​ដល់​ការ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា និង​ការ​បង្ក​ចលាចល​ក្នុង​សង្គម ដែល​នាំ​ឱ្យ​មាន​ភាព​វឹកវរ ការ​បំផ្លិចបំផ្លាញ និង​ឈាន​ដល់​ការ​បាត់បង់​ជីវិត ដែល​គេ​ប្រើ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ និង​បង្ក​អសន្តិសុខ​ក្នុង​សង្គម និង​រឹតត្បិត​សិទ្ធិ និង​សេរីភាព​របស់​បុគ្គល​ដទៃ​ទៀត។

លោក សេង វណ្ណលី គូស​បញ្ជាក់​ថា ពាក្យ​ថា «បដិវត្តន៍» ក៏​មាន​អត្ថន័យ​វិជ្ជមាន​ដែរ ព្រោះ​វា​អាច​តំណាង​ឱ្យ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​ក្នុង​សង្គម នយោបាយ ឬ​វប្បធម៌ ហើយ​វា​ក៏​ផ្សារភ្ជាប់​ជាមួយ​នឹង​ការ​រីកចម្រើន និង​ជា​និមិត្តរូប​នៃ​អំណាច​របស់​ប្រជាជន​ដើម្បី​ជះ​ឥទ្ធិពល​ដល់​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ដែល​នាំ​មក​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ដ៏​ប្រសើរ​មួយ​ដែល​ផ្តល់​នូវ​សេរីភាព យុត្តិធម៌ និង​សមភាព​ក្នុង​សង្គម​ដែរ។

ការ​អះអាង​របស់​លោក ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ចោទ​អ្នក​ចូលរួម​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ ថា​ជា​ក្រុម​ជ្រុល​និយម​ផ្តួល​រំលំ​រដ្ឋាភិបាល​ក្រោម​ផែនការ​បដិវត្តន៍​ពណ៌ ដែល​ត្រូវ​កម្ចាត់​ចោល​ដោយ​គ្មាន​ករណី​លើកលែង។

កាលពី​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០២៤ ក្រសួង​យុត្តិធម៌ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​ចាត់ទុក​ការ​ធ្វើ​បាតុកម្ម​តវ៉ា​បញ្ហា​តំបន់​ត្រីកោណ​កម្ពុជា ឡាវ និង​វៀតណាម ជា​ផែនការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។

ក្រសួង​យុត្តិធម៌ បញ្ជាក់​ថា ផែនការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​បែប​នេះ គឺជា​បទឧក្រិដ្ឋ​នឹង​ត្រូវ​ផ្ដន្ទាទោស​ក្រោម​បទល្មើស​ឧបឃាត ព្រោះ​ពួកគេ​បាន​ប្រើប្រាស់​នូវ​វិធី​ញុះញង់ អុជអាល បំផុស​បំផុល ហើយ​អ្នក​ដែល​ចូលរួម​បាតុកម្ម​តវ៉ា​នេះ នឹង​ត្រូវ​ចោទ​ពី​បទល្មើស​រួម​គំនិត​ក្បត់ ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ទៅ ១០​ឆ្នាំ និង​ពី ១០​ឆ្នាំ​ទៅ ២០​ឆ្នាំ​ផង​ដែរ។

យ៉ាងណា​ក៏ដោយ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចូលរួម​បាតុកម្ម ដូចជា​នៅ​ប្រទេស​ជប៉ុន កូរ៉េខាងត្បូង បារាំង កាណាដា និង​អូស្ត្រាលី អះអាង​ថា​ការ​ធ្វើ​បាតុកម្ម​នេះ​មិនមែន​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ទេ ប៉ុន្តែ​គឺ​ដើម្បី​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច និង​ប្រជាពលរដ្ឋ​ខ្មែរ​មកពី​បណ្តា​រដ្ឋ​ជាច្រើន​ទៀត ក៏​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ (CLV) នៅ​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២៤ ខាងមុខ​នេះ​បន្ត​ទៀត​ដែរ ដើម្បី​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញពី​គម្រោង​ដែល​អាច​ឱ្យ​ខ្មែរ​បាត់បង់​ទឹកដី​មួយ​នេះ មិនមែន​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស