25 C
Phnom Penh

តើ​ហេតុ​អ្វី​គ្រាន់តែ​បាតុកម្ម​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ពី CLV ត្រូវ​រង​នូវ​ការ​ចោទ​ប្រកាន់​ថា​ជា​អំពើ​ផ្តួល​រំលំ​រដ្ឋាភិបាល?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នកវិភាគ​លើកឡើង​ថា បើ​គ្រាន់តែ​បាតុកម្ម​ដើម្បី​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) ហើយ​ត្រូវ​រដ្ឋាភិបាល​ចោទ​ថា​ជា​អំពើ​ផ្តួល​រំលំ​រដ្ឋាភិបាល នោះ​គឺ​មាន​ន័យ​ថា គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នេះ​គឺជា​គម្រោង​បង្កើត​រដ្ឋាភិបាល​ឥណ្ឌូចិន ដែល​នឹង​ត្រូវ​គ្រប់គ្រង​ដោយ​វៀតណាម នៅ​ថ្ងៃ​មុខ​យ៉ាង​ពិតប្រាកដ​មែន។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ សីហា នេះ​ថា គម្រោង​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា ឡាវ និង​វៀតណាម (CLV-DTA) គឺជា​គម្រោង​មួយ​ដែល​នឹង​ត្រៀម​បង្កើត​ជា​រដ្ឋាភិបាល​ឥណ្ឌូចិន ដោយ​ការ​ដាក់​ទឹកដី​កម្ពុជា ឡាវ និង​វៀតណាម ទាំងមូល​រួម​គ្នា​ដើម្បី​បង្កើត​ទៅ​ជា​រដ្ឋាភិបាល​តែ​មួយ។

លោក គឹម សុខ លើកឡើង​ថា គ្មាន​ហេតុផល​សមរម្យ​ណា​សម្រាប់​លើក​យក​មក​ចោទ​ពលរដ្ឋ​ដែល​ចូលរួម​បាតុកម្ម​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ ថា​ជា​អំពើ​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ។ លោក​ថា លុះណាតែ​រដ្ឋាភិបាល​កម្ពុជា ឡាវ និង​វៀតណាម បាន​ចាត់ទុក​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នេះ​ជា​រដ្ឋាភិបាល​រួច​ទៅ​ហើយ ទើប​ជា​ហេតុផល​សមរម្យ​សម្រាប់​ចោទ​ពលរដ្ឋ​ដែល​ចូលរួម​បាតុកម្ម​ប្រឆាំង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នេះ​ថា​ជា​អំពើ​ផ្តួល​រំលំ​រដ្ឋាភិបាល។

អ្នកវិភាគ​នយោបាយ​រូប​នេះ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​មិន​ចង់​បាន​រដ្ឋាភិបាល​ឥណ្ឌូចិន ដែល​គ្រប់គ្រង​ដោយ​វៀតណាម ទេ ព្រោះ​ការ​បង្កើត​ឱ្យ​មាន​រដ្ឋាភិបាល​បែប​នេះ គឺ​នឹង​នាំ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី ដូច្នេះ​ការ​បាតុកម្ម​តវ៉ា​ទាមទារ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ជុំវិញ​ពិភពលោក​នៅ​ពេលនេះ គឺ​គ្រាន់តែ​ចង់​ឱ្យ​ប្រទេស​កម្ពុជា​មាន​រដ្ឋាភិបាល​ស្រប​ច្បាប់​ជា​របស់​ខ្លួន និង​ជា​រដ្ឋាភិបាល​តំណាង​ឱ្យ​ឆន្ទៈ​ខ្មែរ​តែ​មួយ​គត់​ប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ចោទ​អ្នក​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ គឺជា​អំពើ​ផ្តួល​រំលំ​រដ្ឋាភិបាល​នៅ​ពេលនេះ។

កាលពី​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២៤ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​បញ្ចេញ​ខ្សែអាត់​សំឡេង​ប្រវែង​ជិត ៦០​នាទី ដោយ​បញ្ជាក់​ច្បាស់ៗ​ថា អ្នក​ចូលរួម​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​មាន​គោលដៅ​ផ្តួល​រំលំ​រាជរដ្ឋាភិបាល។

លោក ហ៊ុន សែន ព្រមាន​ថា បើ​ពលរដ្ឋ​ខ្មែរ​ដើរ​លើស​បន្ទាត់​ក្រហម នោះ​ការ​បង្ហូរ​ឈាម​ច្បាស់​ជា​នឹង​កើត​មាន​ឡើង ព្រោះ​រដ្ឋាភិបាល​កម្ពុជា​គ្មាន​ជម្រើស​ផ្សេង​ទេ។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​គំរាម​ថា អ្នក​ដែល​ចង់​ធ្វើ​បាតុកម្ម ជាពិសេស​អ្នក​ដែល​ចូលរួម​ជាមួយ​ក្រុម​មួយ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម​ដែល​មាន​ឈ្មោះ​ថា «រួបរួម​គ្នា​ដើម្បី​ជាតិ» ត្រូវ​បញ្ឈប់​គំនិត​នេះ និង​ត្រូវ​ដក​ខ្លួន​ជាបន្ទាន់ បើ​មិន​ចង់​ជាប់​គុក​ទេ​នោះ។

ជុំវិញ​បញ្ហា​នេះ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ផែនការ​របស់​មេដឹកនាំ​វៀតណាម លោក ហូ ជី មិញ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច គឺ​ដើម្បី​លេប​ត្របាក់​យក​កម្ពុជា និង​ឡាវ ក្នុង​បំណង​បង្កើត​សហព័ន្ធ​ឥណ្ឌូចិន ដែល​គ្រប់គ្រង​ដោយ​វៀតណាម។ លោក​ថា ផែនការ​នេះ​នឹង​បាន​សម្រេច​ជា​ស្ថាពរ ឱ្យ​តែ​ប្រទេស​ទាំង​បី​នេះ​ដាក់​បញ្ចូល​គ្នា​ជា​សហព័ន្ធ​តែ​មួយ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា វៀតណាម​កំពុង​ជំរុញ​ឱ្យ​មេដឹកនាំ​ខ្មែរ​ធ្វើ​កិច្ចសហការ​នានា​ជាមួយ​វៀតណាម ឱ្យ​កាន់តែ​ឆាប់ មុន​ពេល​ដែល​លោក ហ៊ុន សែន លែង​មាន​ជីវិត​រស់នៅ ដើម្បី​ឱ្យ​ពួកគេ​អាច​កាត់​យក​ដី​ខ្មែរ​ទាំង ៤​ខេត្ត​នេះ និង​ប្រែ​ក្លាយ​តំបន់​នេះ​ទៅ​ជា​សហព័ន្ធ​ឥណ្ឌូចិន ឱ្យ​បាន​កាន់តែ​ឆាប់។

ចំណែក​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន បាន​លើកឡើង​មុន​ពេល​សមត្ថកិច្ច​របស់​លោក ហ៊ុន សែន ចាប់​ខ្លួន​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា កន្លង​ទៅ​ថា ការ​បង្កើត​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​រួម​គ្នា​រវាង​កម្ពុជា ឡាវ និង​វៀតណាម គឺ​ស្រប​តាម​បំណង​របស់​វៀតណាម ដែល​មាន​ផែនការ​បង្កើត​តំបន់​កន្ទុយ​នាគ​នេះ​ឱ្យ​ក្លាយ​ទៅ​ជា​ប្រទេស​ឥណ្ឌូចិន នៅ​ថ្ងៃ​មុខ។

លោក ស្រ៊ុន ស្រ៊ន បញ្ជាក់​ថា នៅ​ពេល​ដែល​កម្ពុជា វៀតណាម និង​ឡាវ ត្រូវ​ដាក់​បញ្ចូល​គ្នា​ទៅ​ជា​ឥណ្ឌូចិន នោះ គឺ​មាន​តែ​រដ្ឋាភិបាល​វៀតណាម តែ​មួយ​គត់​ដែល​ធ្វើ​ជា​អ្នក​គ្រប់គ្រង​លើ​រដ្ឋាភិបាល​ឥណ្ឌូចិន​ថ្មី​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស