29 C
Phnom Penh

ស្ថានទូត​ខ្មែរ​នៅ​កូរ៉េខាងត្បូង​ប្រកាស​បិទ​សេវា​ផ្តល់​លិខិត​ឆ្លងដែន​ធម្មតា​ជូន​ពលរដ្ឋ​និង​ពលករ​ចាប់​ពី​ចុង​ខែ​សីហា តទៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ប្រកាស​បិទ​បញ្ចប់​ពី​ការ​ផ្តល់​លិខិត​ឆ្លងដែន​ធម្មតា​ជូន​ពលរដ្ឋ និង​ពលករ​កម្ពុជា​ដែល​កំពុង​រស់នៅ​សាធារណរដ្ឋ​កូរ៉េ ចាប់ពី​ចុង​ខែ​សីហា ឆ្នាំ​២០២៤ នេះ​តទៅ។

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ការ​បិទ​បញ្ចប់​ការ​ផ្តល់​សេវា​លិខិត​ឆ្លងដែន​ធម្មតា កាលពី​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០២៤ នេះ​ថា ស្ថានទូត​ខ្មែរ​នឹង​មិន​ផ្តល់​សេវា​លិខិត​ឆ្លងដែន​ធម្មតា​ជូន​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា​នៅ​ប្រទេស​កូរ៉េខាងត្បូង បន្ត​ទៀត​ទេ​ចាប់ពី​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២៤ នេះ​តទៅ។

ស្ថានទូត​ខ្មែរ​បញ្ជាក់​ថា សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា​នៅ​ប្រទេស​កូរ៉េខាងត្បូង សព្វថ្ងៃ​នេះ ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​រួច​ហើយ​នោះ អាច​ទៅ​ទទួល​យក​លិខិត​ឆ្លងដែន​នៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង តាម​ទំព័រ​ហ្វេសប៊ុក​រហូត​ទាល់​តែ​អស់។

ដោយឡែក​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​មាន​បំណង​ស្នើសុំ​លិខិត​ឆ្លងដែន បន្ទាប់ពី​ការ​បិទ​បញ្ចប់​នេះ នឹង​តម្រូវ​ឱ្យ​សាមី​ខ្លួន​ទៅ​ស្នើសុំ​ដោយ​ខ្លួនឯង​ផ្ទាល់​នៅ​ប្រទេស​កម្ពុជា វិញ។

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​មាន​បំណង​ស្នើសុំ​លិខិត​ឆ្លងដែន​ធម្មតា​ថ្មី សូម​ប្រញាប់​រួសរាន់​ទៅ​ដាក់​ពាក្យ​ស្នើសុំ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូត​ដល់​ថ្ងៃទី​២៥ ខែ​សីហា ខាងមុខ​នេះ។

ប្រធាន​គណៈកម្មការ​បាតុកម្ម​ក្នុង​ប្រទេស​កូរ៉េខាងត្បូង លោក យ៉ង់ ស៊ីណេត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ សីហា នេះ​ថា ការ​ចេញ​សេចក្តី​ជូនដំណឹង​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ កំពុង​បង្ហាញ​ពី​ការ​រឹតត្បិត​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា​នៅ​ប្រទេស​កូរ៉េខាងត្បូង ធ្ងន់ធ្ងរ។

លោក យ៉ង់ ស៊ីណេត បញ្ជាក់​ថា លោក​បាន​ទទួល​ដំណឹង​ពី​ពលករ​មួយ​ចំនួន​ជុំវិញ​ការ​សុំ​បន្ត​លិខិត​ឆ្លងដែន​ពី​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ថា ពួកគេ​រង​នូវ​ការ​គំរាមកំហែង​ជាច្រើន​ដូចជា​ការ​យក​ទូរសព្ទ​របស់​ពលករ​ទាំងនោះ​ឆែកឆេរ​មើល​ដើម្បី​ចង់​ដឹង​ថា​ពួកគេ​បាន​ចូលរួម​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​ឬ​ក៏​អត់ ជាដើម។

ជាង​នេះ​ទៀត លោក​បាន​ទទួល​ដំណឹង​បន្ថែម​ទៀត​ថា បើ​គេ​រក​ឃើញ​ថា​លិខិត​ឆ្លងដែន​របស់​ពលករ​ខ្មែរ​ណា​ផុត​សុពលភាព ហើយ​បាន​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ មន្ត្រី​ស្ថានទូត​ខ្មែរ​ទាក់ទង​ទៅ​មន្ត្រី​អន្តោប្រវេសន៍​កូរ៉េ ឱ្យ​ទៅ​ចាប់​ខ្លួន​ពលករ​នោះ​តែម្តង។

ប្រធាន​គណៈកម្មការ​បាតុកម្ម​រូប​នេះ អំពាវនាវ​ឱ្យ​ពលករ​ដែល​រង​នូវ​ការ​គំរាមកំហែង ផ្តល់​ដំណឹង​ឱ្យ​រូបលោក​ជាបន្ទាន់ ដើម្បី​ឱ្យ​លោក​អាច​ប្រមូល​ភស្តុតាង​ប្តឹង​ទៅ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ និង​ស្នើ​ជួប​តំណាងរាស្ត្រ​នៃ​រដ្ឋាភិបាល​កូរ៉េ ដើម្បី​រាយការណ៍​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​ពី​របប​ដឹកនាំ​របស់​ត្រកូល​ហ៊ុន។

ជាង​នេះ​ទៀត ក៏​ដើម្បី​ស្នើ​ឱ្យ​រដ្ឋាភិបាល​កូរ៉េ ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​ផ្ដាច់ការ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​ផង​ដែរ ក្នុង​បំណង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បើក​លំហ​សេរីភាព​នៅ​កម្ពុជា​ឡើង​វិញ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​លោក ម៉ែន ណាត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២២ សីហា នេះ​ថា ពលករ​ខ្មែរ​នៅ​កូរ៉េខាងត្បូង គួរតែ​ធ្វើ​ញត្តិ​ទាមទារ​រក​យុត្តិធម៌​ពី​រដ្ឋាភិបាល​កម្ពុជា ដែល​ប្រើ​លេស​ទុច្ចរិត «បញ្ចប់​ការ​ផ្តល់​សេវា​លិខិត​ឆ្លងដែន​នៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង» នៅ​ពេលនេះ។

លោក ម៉ែន ណាត អះអាង​ថា ពលករ​រងគ្រោះ​ទាំងនេះ​ត្រូវតែ​ទាមទារ​ឲ្យ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ ពិចារណា​ឡើងវិញ និង​ត្រូវ​ដាក់​ញត្តិ​ទៅ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ប្រទេស​កូរ៉េ រួម​ទាំង​មាន​តំណាង​បំភ្លឺ​ពី​មូលហេតុ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ប្រទេស​កូរ៉េខាងត្បូង ជួយ​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដើម្បី​បញ្ឈប់​ការ​ប្រើ​មធ្យោបាយ​ទុច្ចរិត​ធ្វើបាប​ពលករ​បែប​នេះ​បន្ត​ទៀត។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ​លើកឡើង​ថា ទង្វើ​ទុច្ចរិត​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​បិទ​បញ្ចប់​ការ​ផ្តល់​សេវា​លិខិត​ឆ្លងដែន​នៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង នៅ​ពេលនេះ គឺ​បង្ហាញ​ច្បាស់​ណាស់​ពី​ការ​គំរាមកំហែង​លើ​សេរីភាព​បញ្ចេញមតិ​ស្រប​ច្បាប់​របស់​ពលរដ្ឋ។

ជាង​នេះ​ទៀត ក៏​ជា​ការ​ដាក់​សម្ពាធ​ធ្ងន់ធ្ងរ​ដល់​ពលករ​ខ្មែរ​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ចេញពី​គម្រោង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) ថ្មីៗ​នេះ​ផង​ដែរ។

លោក ម៉ែន ណាត អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង រៀបចំ​ញត្តិ​តវ៉ា​រក​យុត្តិធម៌​រួម​គ្នា​ទៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ជុំវិញ​ការ​បញ្ចប់​ការ​ផ្តល់​សេវា​លិខិត​ឆ្លងដែន​នៅ​ពេលនេះ និង​ត្រូវ​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​កូរ៉េ ឱ្យ​ជួយ​រក​យុត្តិធម៌​ជុំវិញ​ការ​រំលោភ​សិទ្ធិមនុស្ស​នេះ។

ចំណែក​ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ លោក មាស ពិសាល បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្រោយ​ការ​ធ្វើ​បាតុកម្ម​នៅ​សាធារណរដ្ឋ​កូរ៉េ កាលពី​ថ្ងៃទី​១១ សីហា កន្លង​ទៅ ពលករ​ខ្មែរ ឬ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ធ្វើការ និង​រស់នៅ​លើ​ទឹកដី​នៃ​ប្រទេស​កូរ៉េ ដែល​ត្រូវ​បន្ត​លិខិត​ឆ្លងដែន ត្រូវ​មន្ត្រី​ស្ថានទូត​ខ្មែរ​សួរនាំ និង​ស្រាវជ្រាវ​គណនី​ហ្វេសប៊ុក​របស់​ពួកគេ ដើម្បី​ចង់​ដឹង​ថា​អ្នក​ទាំងនោះ​បាន​ចូលរួម​បាតុកម្ម ឬ​បាន​ចែកចាយ​នូវ​សារ​ដែល​ប្រឆាំង​នឹង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​ដែរ​ឬ​ក៏​អត់។

លោក មាស ពិសាល បញ្ជាក់​ថា ទង្វើ​បែប​នេះ​គឺ​បង្ហាញ​ពី​ការ​គាបសង្កត់ និង​គំរាមកំហែង​លើ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស