31 C
Phnom Penh

នាយករដ្ឋមន្ត្រី​ឥណ្ឌា ទៅ​ដល់​ទីក្រុង​គៀវ នៅ​ចំពោះ​មុខ​អ៊ុយក្រែន​ទាមទារ​ឱ្យ​គាប​រុស្ស៊ី ទៅ​កាន់​តុ​ចរចា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិនឌ្រា មូឌី បាន​មក​ដល់​ទីក្រុង​គៀវ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៣ ខែ​សីហា នេះ ដើម្បី​ពិភាក្សា​ជាមួយ​ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី អំពី​សង្គ្រាម​រុស្ស៊ី នៅ​អ៊ុយក្រែន និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី។

លោក មូឌី បាន​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ដើម្បី​បញ្ចប់​សង្គ្រាម​ជាមួយ​រុស្ស៊ី ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​ជា​លើកដំបូង​នៅ​ក្នុង​ប្រទេស​មួយ​ដែល​ហែកហួរ​ដោយ​សង្គ្រាម​ឈ្លានពាន​ពី​ប្រទេស​សម្ពន្ធភាព​នឹង​ឥណ្ឌា។

តាម​សារព័ត៌មាន Kyiv Post លោក មូឌី ដែល​តាំង​ខ្លួន​ជា​អ្នក​បង្កើត​សន្តិភាព​ទើប​បាន​ជាន់​ដី​ទីក្រុង​គៀវ ខណៈ​សង្គ្រាម​ឈ្លានពាន​ពី​រុស្ស៊ី បាន​អូស​បន្លាយ​ជាង ២​ឆ្នាំ ៦​ខែ ហើយ​ក៏​ចំ​ពេល​ដែល​ទ័ព​អ៊ុយក្រែន បើក​ការ​វាយលុក​បំបែក​ព្រំដែន​រុស្ស៊ី ចូល​ទៅ​ខាង​ក្នុង​ទឹកដី​មហាអំណាច​មួយ​នេះ។

លោក មូឌី បាន​និយាយ​ថា គ្មាន​បញ្ហា​ណា​មួយ​អាច​ត្រូវ​បាន​ដោះស្រាយ​តាមរយៈ​សមរភូមិ​នោះ​ទេ ដែល​លោក​ថា ឥណ្ឌា​គាំទ្រ​កិច្ច​សន្ទនា និង​ការទូត​ក្នុង​ការ​ស្វែងរក​ការ​ស្ដារ​សន្តិភាព និង​ស្ថិរភាព​ឲ្យ​បាន​ឆាប់​នៅ​អ៊ុយក្រែន។

ចាប់តាំងពី​សង្គ្រាម​របស់​រុស្ស៊ី ផ្ទុះ​នៅ​លើ​ទឹកដី​អ៊ុយក្រែន គេ​សង្កេត​ឃើញ​ទំនាក់ទំនង​ការទូត​រវាង​ទីក្រុង​ញូវដេលី និង​ទីក្រុង​គៀវ បាន​ដើរ​លើ​វិថី​មួយ​ដែល​លំបាក​ចាប់​ដៃ​គ្នា ព្រោះតែ​ឥណ្ឌា មិន​ព្រម​ថ្កោលទោស​រុស្ស៊ី ហើយ​មិន​ចូលរួម​ដាក់​ទណ្ឌកម្ម​លើ​ក្រុង​មូស្គូ។

នៅ​ពេល​ដែល​ពិភពលោក​បង្កើន​ការ​ដាក់​សម្ពាធ​លើ​រុស្ស៊ី ឱ្យ​បន្ថយ​សង្គ្រាម​នៅ​អ៊ុយក្រែន បែរ​ជា​លោក មូឌី ទៅ​ជួប​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន នៅ​ក្រុង​មូស្គូ កាលពី​ខែ​កក្កដា ដែល​នាំ​ឱ្យ​ពួក​បស្ចិម​ប្រទេស រួម​នឹង​អ៊ុយក្រែន ថ្កោលទោស​នាយករដ្ឋមន្ត្រី​ឥណ្ឌា រូប​នេះ​យ៉ាង​ខ្លាំង។

តែ​រដ្ឋាភិបាល​ក្រុង​ញូវដេលី នៅតែ​អះអាង​ថា ខ្លួន​មិន​ចង់​ឱ្យ​សង្គ្រាម​ឆេះ​កាន់តែ​ខ្លាំង​នៅ​អ៊ុយក្រែន នោះ​ទេ។ ក្រោយ​ប៉ុន្មាន​សប្ដាហ៍ ក្រុង​ញូវដេលី បាន​បញ្ជូន​រដ្ឋមន្ត្រី​ការបរទេស​របស់​ខ្លួន​ទៅ​កាន់​ទីក្រុង​គៀវ ដើម្បី​បង្ហាញ​ភាព​ស្មោះត្រង់ ដែល​ថា​ក្រុង​ញូវដេលី មិន​បាន​លម្អៀង​ទោល​ទៅ​រក​ក្រុង​មូស្គូ ឡើយ។

តែ​យ៉ាងណា វត្តមាន​របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិនឌ្រា មូឌី មិន​ច្បាស់​ថា​ក្រុង​ញូវដេលី អាច​ធ្វើ​សកម្មភាព​មាន​ប្រសិទ្ធភាព​រុញ​ឱ្យ​រុស្ស៊ី ទៅ​រក​តុ​ចរចា​ជាមួយ​នឹង​អ៊ុយក្រែន បាន​នោះ​ទេ ដែល​អ្នក​សង្កេតការណ៍​នៅតែ​មើល​លោក មូឌី នៅតែ​ជា​សម្ពន្ធភាព​ស្និទ្ធស្នាល​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី។

នៅ​ទីក្រុង​គៀវ លោក មូឌី និយាយ​ថា វត្តមាន​របស់​លោក​គឺជា​ការ​ចែករំលែក​ទស្សនៈ​ស្ដីពី​ដំណោះស្រាយ​ដោយ​សន្តិវិធី​នៃ​ជម្លោះ​អ៊ុយក្រែន និង​រុស្ស៊ី ហើយ​ជា​ទស្សនកិច្ច​មួយ​ពិភាក្សា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​មិត្តភាព​ឥណ្ឌា-អ៊ុយក្រែន។

មុន​ដំណើរ​ទៅ​ដល់​ក្រុង​គៀវ និង​មុន​ជួប​លោក ហ្សេឡេនស្គី លោក មូឌី បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ថា ទស្សនកិច្ច​របស់​លោក​ក្នុង​នាម​ជា​មិត្ត និង​ដៃគូ ដែល​សង្ឃឹម​ថា​នឹង​មាន​សន្តិភាព​ស្ថិរភាព​សម្រាប់​អ៊ុយក្រែន វិល​មក​វិញ​ឆាប់ៗ​នេះ។

ការ​ធ្វើ​ដំណើរ​របស់​លោក មូឌី ទៅ​ក្រុង​គៀវ ត្រូវ​បាន​ប្រកាស​ដោយ​មន្ត្រី​ផ្លូវដែក​របស់​ប្រទេស​អ៊ុយក្រែន ដែល​បាន​ផ្សាយ​វីដេអូ​នៅ​លើ Facebook ថា​មេដឹកនាំ​ឥណ្ឌា កំពុង​ជិះ​លើ​រថភ្លើង​សំដៅ​ទៅ​ទីក្រុង Kyiv ដោយ​ចេញ​ដំណើរ​ពី​ព្រំដែន​នៃ​ប្រទេស​ប៉ូឡូញ។

ជាច្រើន​ម៉ោង​ក្រោយ​មក លោក មូឌី បាន​និយាយ​នៅ​លើ​បណ្ដាញ X ថា​លោក​បាន​ទៅ​ដល់​ទីក្រុង​គៀវ ហើយ​នៅ​ពេល​នោះ​សហគមន៍​ឥណ្ឌា​នៅ​អ៊ុយក្រែន បាន​មក​ស្វាគមន៍​លោក​យ៉ាង​កក់ក្តៅ។

តម្លៃ​ការទូត​របស់​ឥណ្ឌា ហាក់​ចុះ​ខ្សោយ​ដោយសារ​នៅ​បន្ត​មាន​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី

ក្រុង​ញូវដេលី បាន​ជៀសវាង​ការ​ថ្កោលទោស​ចំពោះ​ការ​ឈ្លានពាន​របស់​រុស្ស៊ី ដោយ​បាន​បដិសេធ​ចំពោះ​ដំណោះស្រាយ​របស់​អង្គការ​សហប្រជាជាតិ ដែល​ដាក់​សម្ពាធ​ខ្លាំង​លើ​វិមាន​ក្រឹមឡាំង។

ខណៈ​ពេល​ដែល​ឥណ្ឌា មាន​ទំនាក់ទំនង​ដ៏​កក់ក្តៅ​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​រុស្ស៊ី ទីក្រុង​ញូវដេលី ក៏​នៅ​បន្ត​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​បណ្តា​ប្រទេស​លោក​ខាងលិច​ដែរ តែ​ក្នុង​នាម​ជា​អ្នក​ទប់ទល់​ឥទ្ធិពល​គូប្រជែង​ក្នុង​តំបន់​របស់​ខ្លួន គឺ​ប្រទេស​ចិន។

ចំពោះ​កិច្ច​សហប្រតិបត្តិការ​របស់​លោក​ខាងលិច ដូចជា​ថមថយ​បន្តិច​ជាមួយ​នឹង​ឥណ្ឌា ដែល​ប្រទេស​ខ្លះ​ខកចិត្ត​នឹង​ក្រុង​ញូវដេលី ព្រោះតែ​មិន​ចូលរួម​ដាក់​ទណ្ឌកម្ម​លើ​ក្រុង​មូស្គូ។

មក​ដល់​ពេលនេះ ឥណ្ឌា​នាំចូល​ប្រេង​ដ៏​ច្រើន​ពី​រុស្ស៊ី តែ​គេ​ថា​ក្រុង​ញូវដេលី ធ្វើ​ដូចនេះ ព្រោះ​មិន​ចង់​ឱ្យ​ចិន ក្លាយ​ជា​ប្រទេស​ផ្ដាច់មុខ​ក្នុង​ការ​នាំ​ប្រេង​ពី​រុស្ស៊ី នោះ​ទេ។ ទាំង​ចិន និង​ឥណ្ឌា សុទ្ធតែ​ជា​ប្រទេស​មាន​ឥទ្ធិពល​លើ​ប្រទេស​រុស្ស៊ី។

អ៊ុយក្រែន ចង់​ទាញ​ឱ្យ​ប្រទេស​ធំៗ​នាំ​រុស្ស៊ី ទៅ​កាន់​តុ​ចរចា​នៅ​ខែ​វិច្ឆិកា

ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិនឌ្រា មូឌី នៅ​ក្រុង​គៀវ ក៏​ចំ​ពេល​អ៊ុយក្រែន បញ្ជូន​ទ័ព​ច្រើន​ពាន់​នាក់​វាយ​បំបែក​ព្រំដែន​រុស្ស៊ី ហើយ​ចូល​កាន់កាប់​ដែនដី​រុស្ស៊ី នៅ​តំបន់ Kursk ដោយ​វាយ​រុល​បាន​ជាង ១២៦០​គីឡូម៉ែត្រ​ដែល​ជា​លើកដំបូង​ហើយ​ក្រុង​មូស្គូ អាម៉ាស់​ខ្លាំង ព្រោះ​មាន​ទ័ព​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន​ចាប់តាំងពី​សង្គ្រាម​លោក​លើក​ទី​២។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ សីហា លោក ហ្សេឡេនស្គី បាន​ទៅ​ត្រួតពិនិត្យ​កងទ័ព​របស់​លោក​ដែល​ទើប​វាយ​រំដោះ​បាន​វិញ​ទីក្រុង Sumy ជា​ដែនដី​អ៊ុយក្រែន នៅ​ជាប់​ព្រំដែន​រុស្ស៊ី។ លោក​បាន​ថ្លែង​ថា ប្រទេស​របស់​លោក​មិន​មាន​ផែនការ​ចាប់​យក​ដែនដី​ប្រទេស​ជិតខាង​ឡើយ។

លោក​បញ្ជាក់​ថា ការ​ចាប់​យក​ទឹកដី​នៅ​តំបន់ Kursk ខាង​ក្នុង​នៃ​ប្រទេស​រុស្ស៊ី គ្រាន់តែ​ទុក​ជា​តំបន់​ទ្រនាប់​ដើម្បី​ជួយ​ការពារ​ករណី​វាយប្រហារ​គ្រាប់​មីស៊ីល និង​ដ្រូន​ពី​រុស្ស៊ី វាយ​ចូល​ទឹកដី​អ៊ុយក្រែន នៅ​ជាប់​ព្រំដែន​រុស្ស៊ី។

តែ​ជាមួយ​គ្នា​នេះ លោក ហ្សេឡេនស្គី បាន​ទាមទារ​ថា វា​ដល់​ពេល​ហើយ​ដែល​រុស្ស៊ី ត្រូវ​ទៅ​កាន់​តុ​ចរចា​ជាមួយ​នឹង​អ៊ុយក្រែន ដែល​នឹង​ធ្វើឡើង​នៅ​ខែ​វិច្ឆិកា ខាងមុខ​នេះ។ លោក ហ្សេឡេនស្គី សង្ឃឹម​ថា វេទិកា​កំពូល​លើក​ទី​២ ដើម្បី​សន្តិភាព​នៅ​អ៊ុយក្រែន នឹង​មាន​វត្តមាន​ប្រទេស​ចិន រួម​នឹង​ប្រទេស​ឥណ្ឌា ហើយ​នឹង​មាន​ការ​ចូលរួម​ពី​តំណាង​ប្រទេស​រុស្ស៊ី ផង​ដែរ។

វេទិកា​លើក​ទី​២ នេះ ក៏​នឹង​ធ្វើឡើង​នៅ​លើ​ទឹកដី​នៃ​ប្រទេស​ស្វីស ដដែល។ វេទិកា​លើក​ទី​១ មាន​វត្តមាន​តំណាង​ប្រទេស​ឥណ្ឌា តែ​ឥណ្ឌា​មិន​បាន​ចូលរួម​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ទាមទារ​ឱ្យ​រុស្ស៊ី គោរព​អធិបតេយ្យភាព​បូរណភាព​ទឹកដី​ប្រទេស​អ៊ុយក្រែន នោះ​ទេ។ ចំណែក​ចិន មិន​បាន​បញ្ជូន​តំណាង​របស់​ខ្លួន​ទៅ​ចូលរួម​នោះ​ទេ ដែល​ក្រុង​ប៉េកាំង ថា​ព្រោះតែ​វេទិកា​នេះ​មិន​បាន​ស្នើ​តំណាង​រុស្ស៊ី ចូលរួម។

ចំពោះ​វត្តមាន​របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិនឌ្រា មូឌី នៅ​ក្រុង​គៀវ លោក Mykhailo Podolyak ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយក្រែន បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ថា ក្រុង​គៀវ ចាត់ទុក​ទស្សនកិច្ច​របស់​លោក មូឌី ពិត​ជា​មាន​សារសំខាន់ ព្រោះ​ឥណ្ឌា មាន​ឥទ្ធិពល​លើ​រុស្ស៊ី។

លោក Mykhailo Podolyak សង្ឃឹម​ថា វេទិកា​កំពូល​លើក​ទី​២ នឹង​មាន​វត្តមាន​ទាំង​ឥណ្ឌា ហើយ​ក៏​មាន​វត្តមាន​តំណាង​ចិន និង​រុស្ស៊ី ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស