30 C
Phnom Penh

លោក សម រង្ស៊ី ថា​ពលរដ្ឋ​ខ្មែរ​រស់នៅ​ជាមួយ​បំណុល​វ័ណ្ឌក​ក្រោម​របប​ដឹកនាំ​របស់​ត្រកូល​ហ៊ុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​ថា ពលរដ្ឋ​ខ្មែរ ១៧​លាន​នាក់​រស់នៅ​ជាមួយ​បំណុល​ធនាគារ​វ័ណ្ឌក ខណៈ​កម្ពុជា​ក៏​ជំពាក់​បំណុល​ចិន​វ័ណ្ឌក​ដែរ ទើប​កម្ពុជា​គ្មាន​លទ្ធភាព​អភិវឌ្ឍ​ខេត្ត​ក្នុង​ប្រទេស​របស់​ខ្លួន ទើប​ប្រគល់​ដី​ឱ្យ​ប្រទេស​ជិតខាង​អភិវឌ្ឍ​ជំនួស។

លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ សីហា នេះ​ថា រដ្ឋាភិបាល​ក្រោម​ការ​គ្រប់គ្រង​របស់​ត្រកូល​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​កម្ពុជា​ជាង ៤០​ឆ្នាំ ប៉ុន្តែ​គ្មាន​សមត្ថភាព និង​លទ្ធភាព​អភិវឌ្ឍ​ប្រទេស​ដោយ​ខ្លួនឯង ព្រោះ​សមិទ្ធផល​ធំៗ​ដែល​ពួកគេ​អួត ដូចជា ព្រែកជីក​ហ្វូណន និង​ការ​អភិវឌ្ឍ​ខេត្ត​ទាំង​៤ នៅ​ភូមិភាគ​ឥសាន គឺ​គ្រាន់តែ​ខ្ចី​ដង្ហើម​វៀតណាម និង​ចិន ដើម្បី​រស់​ប៉ុណ្ណោះ។

លោក សម រង្ស៊ី លើកឡើង​ថា ដោយសារតែ​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​ពឹង​លើ​បរទេស​បែប​នេះ​ហើយ បាន​ជា​ពលរដ្ឋ​ខ្មែរ​ចេះ​តែ​បាត់បង់​ទឹកដី និង​ចេះ​តែ​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក​ដូច​ពេលនេះ។

លោក​បន្ត​ថា ប្រជាជន​ខ្មែរ​ត្រូវ​បាន​រដ្ឋាភិបាល​បក្ស​កាន់​អំណាច​បោកប្រាស់​ជា​ប្រព័ន្ធ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ដែល​ភាគច្រើន​គ្រប់គ្រង​ដោយ​ឈ្មួញ​ខិលខូច​ដែល​ជា​បណ្ដាញ​របស់​គ្រួសារ​ត្រកូល​ហ៊ុន។

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ពួកគេ​បាន​បោក​បញ្ឆោត​អតិថិជន​ឱ្យ​ចុះ​កុងត្រា​ជាមួយ​នឹង​អត្រា​ការប្រាក់​ខ្ពស់ រហូត​ដល់​មិន​អាច​សង​បំណុល​វិញ​បាន។

លោក សម រង្ស៊ី បញ្ជាក់​ទៀត​ថា បើ​ពលរដ្ឋ​ខ្មែរ​គ្មាន​លទ្ធភាព​សង​បំណុល ធនាគារ​ច្បាស់​ជា​នឹង​ដួល​រលំ ហើយ​ពេល​ដែល​ប្រព័ន្ធ​សេដ្ឋកិច្ច​ដួល​រលំ របប​លោក ហ៊ុន សែន ក៏​នឹង​ដួល​រលំ​ដូច​គ្នា​ដែរ។

ការ​អះអាង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​បំណុល​របស់​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ តាំងពី​ជំនាន់​ដឹកនាំ​ដោយ​លោក ហ៊ុន សែន និង​បន្ត​ដល់​ជំនាន់​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត នៅ​ពេលនេះ។

កាលពី​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២៤ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​ពី​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​ថា បំណុល​របស់​កម្ពុជា​បាន​កើន​ឡើង​ដល់​ជាង ១​ម៉ឺន​លាន​ដុល្លារ​អាមេរិក (១១,២៤​ពាន់​លាន​ដុល្លារ) គិត​ត្រឹម​ចុង​ឆ្នាំ​២០២៣ កន្លង​ទៅ។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បង្ហាញ​ថា ៩៩,៥% ឬ ១១,១៩​ពាន់​លាន​ដុល្លារ​អាមេរិក គឺជា​បំណុល​បរទេស ហើយ​ក្នុង​ចំណោម​បំណុល​បរទេស​នេះ សាធារណរដ្ឋ​ប្រជាមានិត​ចិន គឺជា​ម្ចាស់​បំណុល​របស់​កម្ពុជា​ធំ​ជាងគេ​ដែល​មាន​ទំហំ​ទឹកប្រាក់ ៤​ពាន់​លាន​ដុល្លារ​អាមេរិក ឬ​ស្មើ​នឹង ៣៧%។

ជាក់ស្តែង ទិន្នន័យ​សង្គម​ស៊ីវិល​បាន​បង្ហាញ​កាលពី​ពេល​កន្លង​ទៅ​ថា ក្នុង​ឆ្នាំ​២០២៣ កម្ចី​មីក្រូហិរញ្ញវត្ថុ​របស់​ពលរដ្ឋ​ខ្មែរ​បាន​ហក់​ឡើង​ទៅ​ដល់​ប្រមាណ ១៦​ពាន់​លាន​ដុល្លារ​អាមេរិក។

ទំហំ​បំណុល ១៦​ពាន់​លាន​ដុល្លារ​អាមេរិក​នេះ ត្រូវ​គេ​ដឹង​ថា​ជា​ទំហំ​បំណុល​ដែល​លើស​ពី​ពាក់កណ្តាល​ផលិតផល​ក្នុង​ស្រុក (GDP) របស់​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ ដែល​នេះ​គឺជា​សញ្ញា​នៃ​ការ​បំផ្លាញ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ទាំងមូល​នៅ​ថ្ងៃ​មុខ។

តួលេខ​នេះ​បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ លើ​ពិភពលោក​ដែល​បាន​ជំពាក់​បំណុល​ច្រើន​ជាងគេ​ក្នុង​ចំណោម​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ជាង ៨០​ស្ថាប័ន (៨៦​ស្ថាប័ន) ដែល​កំពុង​រក​ប្រាក់​ចំណេញ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស