សង្គ្រាមនៅអ៊ុយក្រែន មានកាវិវឌ្ឍដល់ដំណាក់កាលចុងក្រោយមួយ ដោយសារអ៊ុយក្រែន បានលើកទ័ពវាយបំបែកព្រំដែន ហើយរុលចូលទៅខាងក្នុងទឹកដីរុស្ស៊ី ជាលើកដំបូង ដែលទឹកដីមហាអំណាចយោធាមួយនេះត្រូវបានទ័ពបរទេសចូលលុកលុយចាប់តាំងពីសង្គ្រាមលោកលើកទី២។
នៅក្នុងពិធីរំលឹកខួបឯករាជ្យជាតិ ៣៣ឆ្នាំពីសហភាពសូវៀត កាលពីថ្ងៃទី២៤ ខែសីហា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បានថ្លែងសរសើរពីវីរភាពកងទ័ពរបស់លោកដែលមានភាពក្លាហានក្នុងការប្រយុទ្ធ ដោយវាយលុក និងកាន់កាប់ទីតាំងឈរជើងខាងក្នុងទឹកដីរុស្ស៊ី។
លោក ហ្សេឡេនស្គី ថ្លែងដោយចំអកថា ការវាយលុកចូលក្នុងទឹកដីរុស្ស៊ី គឺជាមេរៀនមួយប្រាប់ទៅវិមានក្រឹមឡាំង ថា អ្នកឈ្លានពានគេ ប្រទេសអ្នកក៏គេវាយចូលបានដែរ។ លោកអះអាងថា ទ័ពអ៊ុយក្រែន វាយកាន់កាប់បានជាង ១២៧០គីឡូម៉ែត្រក្រឡា ហើយកំពុងវាយលុកថែមទៀត។
តែលោកថា អ៊ុយក្រែនគ្មានផែនការវាយកាន់កាប់ទឹកដីរុស្ស៊ី នោះទេ គឺវាយកាន់កាប់ដើម្បីគ្រប់គ្រងបណ្ដោះអាសន្នធ្វើជាតំបន់ទ្រនាប់សម្រាប់កងទ័ពតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា នេះជាតុល្យភាពនៃសង្គ្រាមរបស់រុស្ស៊ី ឈ្លានពានអ៊ុយក្រែន។
ក្នុងឱកាសនោះ លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា កិច្ចចរចាកំពុងធ្វើឡើងជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រទេសកាតា តួកគី និងប្រទេសស្វីស ទាក់ទងនឹងការរៀបចំកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែន លើកទី២ ដែលលោកថាលោកបានស្នើឱ្យឥណ្ឌា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ។
បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters លោក ហ្សេឡេនស្គី ក៏បានអះអាងផងដែរថា លោកផ្ទាល់បានប្រាប់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនឌ្រា មូឌី ថា លោកគាំទ្រឱ្យឥណ្ឌា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែន លើកទី២។
កាលពីថ្ងៃទី២៣ ខែសីហា នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនឌ្រា មូឌី បានទៅធ្វើទស្សនកិច្ចនៅក្រុងគៀវ។ នៅក្នុងជំនួបជាមួយលោក ហ្សេឡេនស្គី មេដឹកនាំឥណ្ឌារូបនេះបានទទូចឱ្យអ៊ុយក្រែន ទទួលយកសំណើរបស់ក្រុងញូវដេលី ឱ្យមានការចរចាឡើងវិញជាមួយរុស្ស៊ី។ លោក ណារិនឌ្រា ក៏បានប្រាប់លោក ហ្សេឡេនស្គី ថា កាលលោកធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ កាលពីខែកក្កដា លោកក៏បានស្នើឲ្យប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បន្ថយការប្រយុទ្ធនៅលើសមរភូមិ ហើយចាប់ផ្ដើមចរចាដែរ។
តែនាយករដ្ឋមន្ត្រីឥណ្ឌារូបនេះចាកចេញពីអ៊ុយក្រែន វិញ មិនដល់មួយសប្ដាហ៍ផង រុស្ស៊ីបើកការវាយប្រហារទ្រង់ទ្រាយធំ ដោយបាញ់មីស៊ីល និងដ្រូនស្រោចចូលទឹកដីអ៊ុយក្រែន និងរដ្ឋធានីគៀវ កាលពីយប់ និងចូលព្រឹកព្រលឹមថ្ងៃចន្ទ ទី២៦ សីហា នេះ។
រុស្ស៊ី បើកការវាយប្រហារលើកនេះ ដោយបានបំផ្លាញទីតាំងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងប្រទេសអ៊ុយក្រែន។ យោងតាមរដ្ឋាភិបាលអ៊ុយក្រែន តំបន់ចំនួន១៥ ក្នុងទឹកដីអ៊ុយក្រែន រងការវាយប្រហារដោយសម្លាប់ជនស៊ីវិល ៤នាក់ និងជាង ១០នាក់ទៀតរងរបួស។
នៅរដ្ឋធានីគៀវ ផ្សែងខ្មៅនៅលើអាកាស បន្ទាប់ពីប្រព័ន្ធការពារដែនអាកាសស្ទាក់បាញ់កម្ទេចមីស៊ីលរបស់រុស្ស៊ី។ អាជ្ញាធរអ៊ុយក្រែន បានអំពាវនាវឲ្យប្រជាជនលាក់ខ្លួន ត្រូវចុះទៅលាក់ខ្លួនក្នុងរូងក្រោមដី ឬតាមមេត្រូរទេះភ្លើងក្រោមដី។ កងទ័ពអាកាសរបស់អ៊ុយក្រែន ប្រកាសព្រមានដល់ពលរដ្ឋថា រុស្ស៊ីហោះហើរយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ TU-95 ចំនួន ១១គ្រឿងនៅលើអាកាស និងបានបាញ់មីស៊ីលមួយចំនួនឆ្ពោះទៅរដ្ឋធានីគៀវ។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters ឲ្យដឹងថា អាជ្ញាធរក្នុងតំបន់បានរាយការណ៍អំពីការផ្ទុះនៅក្នុងទីក្រុង Lutsk ភាគពាយ័ព្យនៃប្រទេសអ៊ុយក្រែន ហើយថាអគារមួយកន្លែងបានរងការវាយប្រហារ ខណៈពួកគេកំពុងពិនិត្យករណីស្លាប់ ឬរងរបួស។
តាមលោក Serhiy Popko ប្រធានរដ្ឋបាលយោធាក្រុងគៀវ ដ្រូន ១០គ្រឿងត្រូវបានបំផ្លាញនៅពេលហោះសំដៅចូលលំហអាកាសនៃតំបន់ជុំវិញទីក្រុងគៀវ។
ស្របពេលដែលអ៊ុយក្រែន កំពុងវាយកាន់កាប់ទីតាំងខាងក្នុងទឹកដីរុស្ស៊ី ប្រទេសបេឡារុស សម្ពន្ធភាពរុស្ស៊ី កំពុងបង្កើនវត្តមានយ៉ាងច្រើននៅក្បែរព្រំដែនអ៊ុយក្រែន ដែលក្រុងគៀវ ថាជាសកម្មភាពត្រៀមវាយចូលទឹកដីអ៊ុយក្រែន។
ក្រសួងការបរទេសអ៊ុយក្រែន បានព្រមានប្រឆាំងរាល់ការធ្វើសកម្មភាពអមិត្ត។ ប្រតិកម្មរបស់ក្រសួងការបរទេសអ៊ុយក្រែន ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ទី២៥ ខែសីហា និងកើតឡើងចំពេលអ៊ុយក្រែន កំពុងបើកប្រតិបត្តិការវាយលុកចូលតំបន់ Kursk របស់រុស្ស៊ី។ ប្រទេសបេឡារុស បានអនុញ្ញាតឱ្យកងទ័ពរុស្ស៊ី ប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីបើកការឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។
ក្រសួងការបរទេសអ៊ុយក្រែន បានអះអាងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន ប្រមូលបានព័ត៌មានថា បេឡារុសកំពុងប្រមូលផ្ដុំកងទ័ពក្នុងចំនួនដ៏ច្រើនក្នុងតំបន់ Gomel ក្បែរព្រំដែនភាគខាងជើងរបស់អ៊ុយក្រែន ដោយបន្លំធ្វើជាការធ្វើសមយុទ្ធ។
ក្រសួងការបរទេសអ៊ុយក្រែន ក៏បានអំពាវនាវឱ្យបេឡារុស ដកកងកម្លាំងចេញពីតំបន់ក្បែរព្រំដែន និងព្រមានបេឡារុស កុំធ្វើឱ្យខ្លួនមានកំហុសព្រោះតែនៅក្រោមសម្ពាធរបស់ទីក្រុងមូស្គូ។ នៅខាងក្នុងទឹកដីបេឡារុស មានកងទ័ពរុស្ស៊ី យ៉ាងតិច ១ម៉ឺននាក់ ដែលរុស្ស៊ីបញ្ជូនមកដាក់ពង្រាយភ្លាម ខណៈប្រទេសមហាអំណាចនេះលើកទ័ពជាង ២៥ម៉ឺននាក់វគ្គដំបូងវាយចូលប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
បើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាននៃប្រទេសអ៊ុយក្រែន បេឡារុស បានពង្រាយកងទ័ពប្រមាណ ៦ម៉ឺននាក់ ដោយមានរថក្រោះ រថពាសដែក និងកាំភ្លើងធំនៅតាមព្រំដែនជាប់នឹងព្រំដែនប្រទេសអ៊ុយក្រែន។ វត្តមានទ័ពបេឡារុស ដ៏ច្រើនសន្ធឹកសន្ធាប់នេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីទ័ពអ៊ុយក្រែន វាយបំបែកព្រំដែនរុស្ស៊ី កាលពីថ្ងៃទី៦ សីហា។
តែយ៉ាងណា ប្រធានាធិបតីបេឡារុស អាឡិចហ្សង់ឌឺ លូកាឈិនកូ ដែលពួកបស្ចិមប្រទេសហៅថាជាអាយ៉ងលោក ពូទីន ក៏បានអំពាវនាវឱ្យអ៊ុយក្រែន និងរុស្ស៊ី ធ្វើដំណើរទៅរកតុចរចាឡើងវិញ៕