29 C
Phnom Penh

ក្រុម​អ្នក​តស៊ូ​មតិ​ថា​ការ​សម្រេច​ដាក់​ខេត្ត​ខ្មែរ​ក្នុង​គម្រោង CLV ជា​អំពើ​ក្បត់​ជាតិ​ដែល​ត្រូវ​ដាក់​គុក​មួយ​ជីវិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា លើកឡើង​ថា ការ​សម្រេច​ដាក់​ខេត្ត​ខ្មែរ​ទាំង​៤ ចូល​ក្នុង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា ឡាវ និង​វៀតណាម របស់​លោក ហ៊ុន សែន គឺជា​អំពើ​ក្បត់​ជាតិ​ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​គុក​មួយ​ជីវិត ព្រោះ​រដ្ឋាភិបាល​គ្មាន​សិទ្ធិ​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​អន្តរជាតិ​ដាច់ខាត។

ក្រុម​អ្នក​អ្នក​តស៊ូ​មតិ​កម្ពុជា ដែល​ហៅ​កាត់​ថា CAT ចេញ​សេចក្តី​ថ្លែងការណ៍​វិភាគ​ជុំវិញ​កិច្ចព្រមព្រៀង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នៅ​ថ្ងៃទី​២៦ សីហា នេះ​ថា ក្រោយ​ការ​ពិនិត្យ​លើ​ឯកសារ​ស្ដីពី​កិច្ចព្រមព្រៀង​គម្រោង CLV ដែល​រដ្ឋាភិបាល​បាន​ផ្សព្វផ្សាយ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​រក​ឃើញ​ថា កិច្ចព្រមព្រៀង​នេះ​គឺជា​សន្ធិសញ្ញា​អន្តរជាតិ​ដែល​ត្រូវ​ផ្តល់​សច្ចាប័ន ឬ​ចុះហត្ថលេខា​ដោយ​ព្រះមហាក្សត្រ​ផ្ទាល់ ព្រោះ​ព្រះអង្គ​ជា​ព្រះ​ប្រមុខ​រដ្ឋ។

ប្រភព​ដដែល​ថា យោង​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាល​គ្មាន​សិទ្ធិ​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​អន្តរជាតិ​ដាច់ខាត ព្រោះ​រដ្ឋាភិបាល​គ្រាន់តែ​ជា​អង្គការ​នីតិប្បញ្ញត្តិ​ដែល​ត្រូវ​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ផ្សេងៗ​របស់​កម្ពុជា​ប៉ុណ្ណោះ។

ចំណែក​ឯកសារ​ទាំង​១១ នៃ​កិច្ចព្រមព្រៀង​គម្រោង CLV មិន​មាន​ឯកសារ​ណា​មួយ​ដែល​បាន​ផ្តល់​សច្ចាប័ន ឬ​ការ​ចុះហត្ថលេខា​ទទួលស្គាល់​ពី​ព្រះមហាក្សត្រ​ឡើយ ជាពិសេស​កិច្ចព្រមព្រៀង​ទាំងនេះ​ក៏​មិន​មាន​ការ​អនុញ្ញាត​ដោយ​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ដែរ។

ក្រុម​អ្នក​តស៊ូ​មតិ CAT លើកឡើង​ថា ក្នុង​ករណី​រដ្ឋសភា​បាន​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ ក្រុមប្រឹក្សាធម្មនុញ្ញ​អាច​ធ្វើ​មោឃភាព​បាន ប្រសិនបើ​មាន​បណ្តឹង ឬ​ការ​តវ៉ា ឬ​ការ​បែកបាក់​ជាតិ ឬ​ប៉ះពាល់​ដល់​បូរណភាព​ដែនដី​របស់​កម្ពុជា ប៉ុន្តែ​ជា​អកុសល ក្រុមប្រឹក្សាធម្មនុញ្ញ គឺជា​ស្ថាប័ន​ដែល​បម្រើ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ។

ប្រភព​ដដែល​អះអាង​ថា ខ្លឹមសារ​ទាំង​១១ នៃ​កិច្ចព្រមព្រៀង​គម្រោង CLV បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ដាក់​ប្រទេស​កម្ពុជា​ទាំងមូល​ចូល​ទៅ​ក្នុង​រណ្តៅ​មរណៈ​ក្នុង​ទម្រង់​អាណានិគម​បែប​ថ្មី គឺ​កម្ពុជា​នឹង​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​សេដ្ឋកិច្ច សង្គម វប្បធម៌ និង​នយោបាយ​របស់​ពលរដ្ឋ និង​បក្ស​កុម្មុយនីស្ត​វៀតណាម នៅ​ថ្ងៃ​អនាគត​យ៉ាង​ពិតប្រាកដ។

ក្រុម​អ្នក​តស៊ូ​មតិ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នេះ​ឱ្យខាងតែ​បាន ព្រោះ​គម្រោង​នេះ​មាន​ឋានៈ​ជា​សន្ធិសញ្ញា​រវាង​ប្រទេស​ទាំង​៣ ដែល​មិនមែន​ជា​កិច្ចព្រមព្រៀង​ក្នុង​អង្គការ​សេដ្ឋកិច្ច ឬ​ពាណិជ្ជកម្ម​ដែល​មាន​ស្រាប់​នោះ​ទេ។

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ដដែល​នេះ បញ្ជាក់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ កម្ពុជា​មាន​ជម្រើស​មួយ​ចំនួន​សម្រាប់​អនុវត្ត ដូចជា​ត្រូវ​ជ្រើសរើស​បក្ស​នយោបាយ​ថ្មី​ឱ្យ​បញ្ចប់​កិច្ចព្រមព្រៀង​គម្រោង CLV នេះ យ៉ាង​យូរ​ត្រឹម​ឆ្នាំ​២០៣០ និង​ប្តឹង​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ឱ្យ​មោឃភាព​កិច្ចព្រមព្រៀង​ទាំងនេះ​ផង​ដែរ។

ជាង​នេះ​ទៀត រដ្ឋាភិបាល​ត្រូវ​ដក​ខ្លួន​តាម​ការ​កំណត់​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​នេះ។ បន្ថែម​ពី​នេះ រដ្ឋាភិបាល​ត្រូវ​បើក​សមាជ​ជាតិ​ដើម្បី​ឱ្យ​អង្គ​សមាជ​សម្រេច​លើ​គម្រោង​នេះ។

ចំណែក​តំណាង​ពលរដ្ឋ និង​បក្ស​នយោបាយ ត្រូវ​ប្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពី​អំពើ​ក្បត់​ជាតិ​ចំពោះ​ការ​សម្រេច​ដាក់​ទឹកដី​ខ្មែរ​ក្នុង​គម្រោង​នេះ​ផង​ដែរ។ ដោយឡែក​រដ្ឋសភា ក៏​ត្រូវ​កោះហៅ​រាជរដ្ឋាភិបាល​ឱ្យ​ទៅ​ចូល​ឆ្លើយ​បំភ្លឺ​ប្រាប់​ប្រជារាស្ត្រ​ខ្មែរ​ពី​កិច្ចព្រមព្រៀង​លើ​គម្រោង​នេះ​ឱ្យខាងតែ​បាន។

កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៤ មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន អះអាង​ថា មិន​មាន​កិច្ចព្រមព្រៀង​ណា​មួយ​នៃ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ នាំ​ឱ្យ​បាត់បង់​អធិបតេយ្យភាព​ជាតិ​កម្ពុជា​នោះ​ទេ។

លោក ហ៊ុន សែន អះអាង​ថា លោក​នឹង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ដាក់​ខេត្ត​ព្រះវិហារ មួយ​ទៀត​ចូល​ទៅ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ ព្រោះ​ខេត្ត​ខ្មែរ​ក្នុង​តំបន់​ត្រីកោណ​នេះ​កំពុង​ត្រៀម​ខ្លួន​ក្លាយ​ជា​ប៉ូល​សេដ្ឋកិច្ច​ទី​៥។

ទោះជា​បែប​នេះ​ក្តី សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ដាក់​បញ្ចូល​ខេត្ត​ទាំង​៤ របស់​ខ្មែរ​ទៅ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ កម្ពុជា​នឹង​ប្រឈម​ការ​បាត់បង់​ទឹកដី​ទៅ​ប្រទេស​វៀតណាម ជា​ជំហានៗ​រហូត​បាត់បង់​ប្រទេស​ទាំងមូល​តែម្តង។

លោក ស្រ៊ុន ស្រ៊ន បញ្ជាក់​ថា ការ​បង្កើត​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​រួម​គ្នា​រវាង​កម្ពុជា ឡាវ និង​វៀតណាម គឺ​ស្រប​តាម​បំណង​របស់​វៀតណាម ដែល​មាន​ផែនការ​បង្កើត​តំបន់​កន្ទុយ​នាគ​នេះ​ឱ្យ​ក្លាយ​ទៅ​ជា​ប្រទេស​ឥណ្ឌូចិន នៅ​ថ្ងៃ​មុខ ហើយ​វៀតណាម ក៏​នឹង​ក្លាយ​ជា​រដ្ឋាភិបាល​តែ​មួយ​គត់​ដែល​នឹង​ត្រូវ​ដឹកនាំ​ប្រទេស​ឥណ្ឌូចិន នេះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស