នៅថ្ងៃអង្គារ ទី២៧ ខែសីហា នេះ រុស្ស៊ីបានបន្តវាយប្រហារទ្រង់ទ្រាយធំមកលើតំបន់មួយចំនួននៃប្រទេសអ៊ុយក្រែន ដោយបាញ់មីស៊ីល និងយន្តហោះដ្រូន បណ្តាលឱ្យមនុស្ស ៤នាក់ស្លាប់។ នេះជាការវាយប្រហារលើកទី២ រយៈពេលពីរថ្ងៃជាប់គ្នា។
មន្ត្រីក្នុងតំបន់និយាយថា មនុស្ស ២នាក់ត្រូវបានសម្លាប់ នៅពេលដែលការវាយប្រហារវាយចំសណ្ឋាគារមួយនៅកណ្តាលទីក្រុង Kryvyi Rih។ ចំណែក ២នាក់ទៀតបានស្លាប់ក្នុងការវាយប្រហារដោយដ្រូន នៅក្នុងតំបន់ Zaporizhzhia ភាគខាងត្បូងប្រទេសអ៊ុយក្រែន។
ប្រធានរដ្ឋបាលយោធាក្រុងគៀវ បានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់ទីក្រុងគៀវ ត្រូវបានដាក់ពង្រាយដើម្បីទប់ស្កាត់ការវាយប្រហារពេញមួយយប់ដោយមីស៊ីល និងដ្រូនដែលកំណត់គោលដៅឆ្ពោះទៅកាន់រដ្ឋធានីគៀវ ជាថ្មីទៀត។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍អំពីការផ្ទុះ ៣លើកនៅក្នុងទីក្រុងគៀវ កាលពីថ្ងៃទី២៦ ខែសីហា។ ការវាយប្រហារនៅថ្ងៃអង្គារ ជាថ្ងៃទី២ នេះ កងទ័ពអាកាសរបស់អ៊ុយក្រែន បានកត់ត្រាពីការវាយប្រហារដោយបាញ់ដ្រូនជាច្រើនក្រុម និងការវាយប្រហារដោយបាញ់មីស៊ីលចេញពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-85 និងយន្តហោះ MiG-31។
កាលពីថ្ងៃចន្ទ ទី២៦ សីហា រុស្ស៊ីបានបាញ់មីស៊ីល ១០០គ្រាប់ និងដ្រូន ១០០គ្រឿងបណ្តាលឱ្យមនុស្ស ៧នាក់ស្លាប់ និងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលយ៉ាងធ្ងន់ធ្ងរ។
វិមានក្រឹមឡាំង អះអាងថា គឺជាការឆ្លើយតបចំពោះសកម្មភាពយោធាអ៊ុយក្រែន ដែលវាយលុកចូលនៅតំបន់ Kursk ខាងក្នុងទឹកដីរុស្ស៊ី។
តើការវាយប្រហារដ៏ខ្លាំង ២ថ្ងៃជាប់គ្នានេះ រុស្ស៊ីបង្ខំឱ្យអ៊ុយក្រែន ដកទ័ពចេញពីខេត្ត Kursk ខាងក្នុងទឹកដីរុស្ស៊ី ឬយ៉ាងណា?
នៅពេលនេះ ទ័ពអ៊ុយក្រែន នៅតែបន្តវាយពង្រីកទីតាំងឈរជើងនៅក្នុងខេត្ត Kursk ខាងក្នុងទឹកដីរុស្ស៊ី បន្ទាប់ពីវាយពង្រីកបានលើទំហំផ្ទៃដីជាង ១២៧០គីឡូម៉ែត្រក្រឡា។ ជាមួយគ្នានេះ អ៊ុយក្រែន បានបន្ថែមទ័ពស្រួចថែមទៀត គឺទ័ពដ្រូនទៅអន្តរាគមន៍វាយសន្ធប់ទ័ពរុស្ស៊ី ដែលចាប់ផ្ដើមវាយបកវិញ តែមិនទាន់ឃើញរុញច្រានទ័ពរុស្ស៊ី បានឡើយ។
នៅក្នុងទិវាឯករាជ្យជាតិពីសូវៀត ក្នុងខួបទី៣៣ កាលពីថ្ងៃទី២៤ សីហា លោកប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី បានថ្លែងថា តុល្យភាពនៃសង្គ្រាមជាមួយអ្នកឈ្លានពាននៅពេលនេះ គឺបានឃើញជាក់ស្ដែងហើយ ដែលក្រុងមូស្គូ ពិតជាបានដឹងពីកម្លាំង និងភាពរឹងមាំរបស់កងទ័ពអ៊ុយក្រែន។
លោកបញ្ជាក់ថា ការពិត អ៊ុយក្រែនមិនចង់លើកទ័ពចូលខាងក្នុងប្រទេសរុស្ស៊ី ទេ តែធ្វើដូច្នេះដើម្បីប្រាប់ទៅក្រុងមូស្គូ ថា ពេលវេលាទៅរកតុចរចាអាចចាប់ផ្ដើមបានហើយ។
ការថ្លែងបែបចំអករបស់មេដឹកនាំអ៊ុយក្រែន កាន់តែធ្វើឱ្យក្រុងមូស្គូ ចាត់ទុកថាជាការប្រមាថពេកហើយ។ ក្រោយមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃចន្ទ ទី២៦ សីហា រុស្ស៊ីបានបាញ់ស្រោចមីស៊ីល និងដ្រូនលើទីក្រុងគៀវ និងក្រុងសំខាន់ៗនៅទូទាំងប្រទេសអ៊ុយក្រែន ហើយនៅថ្ងៃអង្គារ ទី២៧ ខែសីហា រុស្ស៊ីបន្តវាយប្រហារយ៉ាងខ្លាំងថែមទៀត។
ការវាយសន្ធប់របស់រុស្ស៊ី នេះ ទំនងជាការគាបសង្កត់អ៊ុយក្រែន ឱ្យសម្រេចឡើងវិញពីបោះទីតាំងទ័ពនៅខាងក្នុងទឹកដីរុស្ស៊ី។
អ្នកសង្កេតការណ៍ថាទីក្រុងមូស្គូ អាចនឹងវាយប្រហារខ្លាំងដូចនេះច្រើនថ្ងៃទៀត រហូតដល់មានសកម្មភាពណាមួយរុញឱ្យរុស្ស៊ី បន្ថយការវាយសងសឹកនេះ ដូចជា អ៊ុយក្រែនបន្ថយការវាយពង្រីកទីតាំងឈរជើងរបស់កងទ័ពអ៊ុយក្រែន នៅខាងក្នុងខេត្ត Kursk នៃទឹកដីរុស្ស៊ី ឬក៏ត្រូវដកទ័ពចេញពីទឹកដីរុស្ស៊ី។
ប៉ុន្តែគេសួរថា តើអ៊ុយក្រែន អាចរងសម្ពាធ ហើយបង្ខំចិត្តដកទ័ព ឬយ៉ាងណា។ ទំនងអ៊ុយក្រែន មិនតក់ស្លុតទេ គឺមិនដកទ័ពដាច់ខាតចេញពីខាងក្នុងទឹកដីរុស្ស៊ី លើកលែងតែរុស្ស៊ី លើកទ័ពវាយបក ហើយទ័ពអ៊ុយក្រែន ទប់លែងជាប់។
អ៊ុយក្រែន មិនតក់ស្លុតទេ ព្រោះអ៊ុយក្រែន មានសមត្ថភាពទប់ទល់ហើយ ថែមទាំងវាយលុកចូលក្នុងទឹកដីរុស្ស៊ី បានទៀតនោះ។ គេថាទោះបីរុស្ស៊ី ទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ក៏អ៊ុយក្រែនមិនលើកទង់សចុះចាញ់សង្គ្រាមរបស់រុស្ស៊ី ឡើយ។
រុស្ស៊ី ប្រកាសថា ក្រុងមូស្គូ មិនចរចាឡើយ បើទ័ពអ៊ុយក្រែន នៅតែបន្តវាយពង្រីកទីតាំងឈរជើងខាងក្នុងទឹកដីរុស្ស៊ី។ នេះជាសម្ដីរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមេទ្រី ប៉េស្កូវ។
លោក ឌីមេទ្រី ប៉េស្កូវ ព្រមានថាគ្មានផ្លូវណាដែលរុស្ស៊ី បង្ខំចិត្តទៅចរចាជាមួយអ៊ុយក្រែន នោះទេ។ លោកថា មានតែអ៊ុយក្រែន ទេដែលត្រូវការចរចាឡើងវិញ តែសម្រាប់រុស្ស៊ី ពុំមានអារម្មណ៍ចង់ចរចាបន្តិចឡើយ។
បើទាំងរុស្ស៊ី និងអ៊ុយក្រែន មិនអាចបន្ថយការប្រយុទ្ធគ្នា មិនអាចបន្ថយកំហឹង វាមានតែពង្រីកទីលានប្រយុទ្ធគ្នាថែមទៀត។
រុស្ស៊ី កំពុងបង្កើនការវាយលុកនៅតំបន់ដុនបាស ភាគខាងកើតអ៊ុយក្រែន ហើយអ៊ុយក្រែន កំពុងរិះរកសមរភូមិមួយទៀតវាយលើរុស្ស៊ី ដែលគេថាដំណាក់កាលចុងក្រោយប្រហែលការវាយកម្ទេចស្ពានគ្រីមៀរ ហើយពង្រីកសមរភូមិថ្មីនៅជ្រោយឧបទ្វីបមួយនេះទេមើលទៅ ដែលអាចជាការទៅរកការបិទបញ្ចប់សង្គ្រាមបាន។
តែជាមួយគ្នា បើក្រុងមូស្គូ វាយរុលកាន់តែខ្លាំងដើម្បីចាប់យកតំបន់ដុនបាស ហើយអ៊ុយក្រែន លើកទ័ពជើងគោកចូលដែនដីគ្រីមៀរ គេថាតុល្យភាពនៃសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន កាន់តែស័ក្ដិសម ហើយចង់មិនចង់ ការតថ្លៃទៅរកការបិទបញ្ចប់សង្គ្រាមក៏អាចចាប់ផ្ដើមឡើងវិញក៏ថាបាន៕