ចលនាខ្មែរនៅក្រៅស្រុក សហការគ្នាប្រកាសធ្វើកម្មវិធី The Voices Unleashed ដើម្បីជជែកដេញដោលជុំវិញគម្រោងអភិវឌ្ឍន៍ត្រីកោណ (CLV-DTA) នៅសាកលវិទ្យាល័យ ម៉ាសាឈូសេត នៅដើមខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។
បណ្ដាញយុវជនសកល ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ និងគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក ចេញសេចក្តីប្រកាសរួមគ្នាមួយកាលពីពេលថ្មីៗនេះស្ដីពីកម្មវិធី The Voices Unleashed ដើម្បីបើកការជជែកដេញដោលគ្នាមួយក្រោមប្រធានបទ «កិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម»។
ប្រភពដដែលបញ្ជាក់ថា កម្មវិធីជជែកដេញដោលនេះ នឹងធ្វើឡើងនៅសាកលវិទ្យាល័យ ម៉ាសាឈូសេត ក្នុងទីក្រុងឡូវែល នៃរដ្ឋម៉ាសាឈូសេត ចាប់ពីម៉ោង ១០ព្រឹករហូតដល់ម៉ោង ១២ថ្ងៃត្រង់នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។
ប្រភពដដែលលើកអះអាងថា គម្រោង The Voices Unleashed គឺជាការផ្តល់សិទ្ធិអំណាចដល់យុវជនតាមរយៈការជជែកដេញដោល ការផ្តល់អំណាចដល់យុវជនកម្ពុជាក្នុងការនិយាយការពិត។ គម្រោងនេះនឹងវែកញែកឱ្យដឹងថា តើតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) មានសារសំខាន់បែបណាសម្រាប់ប្រទេសកម្ពុជា។
ប្រភពដដែលលើកឡើងថា គម្រោង The Voices Unleashed កំពុងធ្វើឱ្យចាប់អារម្មណ៍ក្នុងចំណោមយុវជនភៀសខ្លួនកម្ពុជា តាមរយៈការពង្រីកសំឡេងយុវជន ជំរុញការចូលរួម និងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ រួមទាំងសិទ្ធិអំណាចក្នុងការនិយាយការពិតអំពីបញ្ហាសង្គមផងដែរ។
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ អះអាងថា នៅក្នុងប្រទេសកម្ពុជា លំហសម្រាប់ការជជែកសួរដេញដោលបើកចំហលើបញ្ហានយោបាយ សង្គម និងបរិស្ថាន បានថយចុះដល់សូន្យ ដូច្នេះគម្រោង The Voices Unleashed កំពុងឈានជើងចូលទៅក្នុងការផ្តល់ជំនាញ ចំណេះដឹង និងទំនុកចិត្តដល់យុវជនក្នុងការចូលរួមជជែកសួរដេញដោលជាសាធារណៈស្ដីពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ជុំវិញបញ្ហានេះ ប្រធានបណ្ដាញយុវជនកម្ពុជាសកល (GCYN) ដែលមានមូលដ្ឋាននៅទីក្រុងឡូវែល រដ្ឋ Massachusetts លោក សោភ័ណ្ឌ ឡារី អះអាងថា គម្រោង The Voices Unleashed មានគោលបំណងធ្វើឱ្យស្មារតីនៃការជជែកពិភាក្សាក្នុងចំណោមយុវជនកម្ពុជាកាន់តែយល់ដឹងពីបញ្ហាសង្គមដែលកំពុងកើតមាន។
លោក សោភ័ណ្ឌ ឡារី លើកឡើងថា តាមរយៈការជជែកដេញដោលជាសាធារណៈ ដែលមានរចនាសម្ព័ន្ធលើបញ្ហាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យគម្រោង The Voices Unleashed ក៏នឹងចូលរួមជាមួយអ្នកចូលរួមដើម្បីផ្តល់ការហ្វឹកហាត់ ការបណ្តុះបណ្តាល និងការរៀបចំដើម្បីបង្កើនជំនាញជជែកពិភាក្សា និងទំនុកចិត្តសម្រាប់យុវជនវ័យក្មេងផងដែរ។
គម្រោង The Voices Unleashed គឺជាគម្រោងស្វែងរកការបំផុសគំនិតអ្នកដឹកនាំជំនាន់ថ្មីដែលមានចំណេះដឹង ច្បាស់លាស់ និងប្ដេជ្ញាចិត្តចំពោះវឌ្ឍនភាពសង្គម និងតម្លៃប្រជាធិបតេយ្យ តាមរយៈការផ្តល់សិទ្ធិអំណាចដល់យុវជនក្នុងការបញ្ចេញមតិ និងជជែកដេញដោលដោយបើកចំហ ព្រមទាំងមានគោលបំណងរួមចំណែកជួយឱ្យយុវជនមានការយល់ដឹង និងសកម្មជាងមុនទាំងក្នុង និងក្រៅប្រទេសផងដែរ។
ជុំវិញបញ្ហានេះ គេសង្កេតឃើញថា យុវជនខ្មែរ រួមទាំងពលរដ្ឋខ្មែរ និងមន្ត្រីរាជការទាំងអស់ ត្រូវបានហាមឃាត់ និងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើសុវត្ថិភាពរបស់ពួកគេពីរដ្ឋាភិបាលកម្ពុជា រាល់ពេលដែលមានការលើកឡើងពីបញ្ហាសង្គម និងនយោបាយរបស់ប្រទេសជាតិខ្លួន៕