មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ដែលកំពុងប្រើតួនាទីគ្រប់គ្រងលើនាយករដ្ឋមន្ត្រី អះអាងថា ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួម និងគាំទ្រយ៉ាងផុលផុស ក្រោយបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ខណៈអ្នកឃ្លាំមើលសង្គមថា រដ្ឋាភិបាលអាចកំពុងជួបវិបត្តិថវិកាធ្ងន់ធ្ងរ ដែលតម្រូវឱ្យធ្វើការរៃអង្គាសពីពលរដ្ឋក្នុងពេលដែលពលរដ្ឋកំពុងជួបការលំបាកជាប់ជំពាក់បំណុលធនាគាររុំសួត។
លោក ហ៊ុន សែន ដែលត្រូវជាឪពុកលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តពូជថ្មី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីយប់ថ្ងៃទី២៧ សីហា នេះថា ត្រឹមរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ ការបង្ហោះសាររបស់លោកលើបណ្ដាញសង្គមដែលលើកឡើងពាក់ព័ន្ធនឹង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលផ្ដួចផ្ដើមដោយលោក ហ៊ុន ម៉ាណែត មានអ្នកចូលទៅសរសេរគាំទ្រក្នុងប្រអប់បញ្ចេញមតិ (Comment) រហូតដល់ទៅជាង ១លាននាក់។
លោក ហ៊ុន សែន បញ្ជាក់ថា ការកើនឡើងយ៉ាងឆាប់រហ័សនេះ អាចដោយសារតែរូបលោក និងអ្នកគាំទ្រមូលនិធិនេះបានចូលទៅសរសេរក្នុងប្រអប់បញ្ចេញមតិ Comment ពន្យល់អំពីមូលនិធិនេះ ក្រោមហេតុផលថា ជាការផ្តល់ឱកាសដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមជាកម្លាំងមហាសាមគ្គីជាតិខ្មែរសម្រាប់អភិវឌ្ឍតំបន់ព្រំដែនតាមរយៈមូលនិធិនេះ។
កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយអំពាវនាវឱ្យពលរដ្ឋតាមដានអ្នកចោទប្រកាន់ថារដ្ឋាភិបាលថាបានកាត់ទឹកដីខ្មែរឱ្យប្រទេសវៀតណាម ដើម្បីចង់ដឹងថា តើពួកគេបានចូលរួមក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដែរឬក៏អត់ ប្រសិនបើពួកគេខ្លាចបាត់បង់ទឹកដីទៅប្រទេសវៀតណាម មែននោះ។
ជុំវិញបញ្ហានេះ សកម្មជនខ្មែរក្នុងទីក្រុងឡងប៊ិច លោក មួង ណារ៉េត សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីយប់ថ្ងៃទី២៧ សីហា ដែរថា ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន គឺជារឿងប្រពៃបំផុតមួយដែលតាមពិតត្រូវធ្វើតាំងពីច្រើនអាណត្តិមកហើយ ព្រោះកិច្ចការការពារព្រំដែន និងការគ្រប់គ្រងលំហូរជនអន្តោប្រវេសន៍ គឺជាកាតព្វកិច្ច និងការទទួលខុសត្រូវរបស់រដ្ឋាភិបាល។
លោក មួង ណារ៉េត ត្អូញត្អែរថា តាមភាពសមហេតុផល ថវិកាកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនត្រូវជាថវិកាជាតិដែលពលរដ្ឋបានបង់ពន្ធជូនរដ្ឋរៀងរាល់ឆ្នាំ មិនគួររដ្ឋាភិបាលរៃអង្គាសថវិកាពីពលរដ្ឋដែលកំពុងខ្វះខាត និងមានបញ្ហាជីវភាព រួមទាំងជំពាក់បំណុលស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគាររុំសួតបែបនេះទេ។
លោកបន្តថា ការកៀរគររៃអង្គាសប្រាក់ពលរដ្ឋឱ្យជួយកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននៅពេលនេះ បានបង្កើតនូវរូបភាពជានយោបាយប្រជាភិថុតិ ច្រើនជាងភាពស្មោះត្រង់ក្នុងកិច្ចការការពារជាតិពិតប្រាកដ។
លោកថា ទង្វើនេះបានបង្កប់នូវចេតនាបន្សាបកំហឹងរបស់ពលរដ្ឋ ដែលតវ៉ារឿងគម្រោង CLV ព្រោះរដ្ឋាភិបាលមានចេតនាបង្វែរសាច់រឿងថា រដ្ឋាភិបាលបានគិតគូររឿងការពារព្រំដែន ទើបកៀរគររៃអង្គាសប្រាក់ពីពលរដ្ឋបែបនេះ ខណៈពេលអ្នកដែលរិះគន់រឿងព្រំដែន ហើយមិនចូលរួមក្នុងមូលនិធិ ក៏ជាមូលហេតុឱ្យរដ្ឋាភិបាលមានលេសចោទប្រកាន់អ្នកទាំងនោះវិញផងដែរ។
ជាងនេះទៀត មូលនិធិនេះក៏អាចជាសេណារីយ៉ូមួយដើម្បីទប់កំហឹងពលរដ្ឋ ដែលចោទរដ្ឋាភិបាលថាមានកម្សោយក្នុងការគ្រប់គ្រងជនអន្តោប្រវេសន៍ដែរ ជាពិសេសជនជាតិវៀតណាម ដែលហូរចូលស្រុកខ្មែរជាប្រចាំ និងគ្មានតួលេខពិតប្រាកដដែរនោះ។
លោក មួង ណារ៉េត អះអាងថា មូលនិធិនេះក៏បង្ហាញឱ្យឃើញដែរថា រដ្ឋាភិបាលអាចកំពុងជួបវិបត្តិថវិកាធ្ងន់ធ្ងរ រហូតពុំមានប្រាក់កសាងហេដ្ឋារចនាសម្ព័ន្ធទាំងនេះដែលតម្រូវឱ្យរៃអង្គាសពីពលរដ្ឋក្នុងពេលពលរដ្ឋកំពុងជួបការលំបាក។
លោកបញ្ជាក់ថា លោកគាំទ្រអស់ពីដួងចិត្តចំពោះស្មារតីស្មោះត្រង់ពិតប្រាកដ ក្នុងកិច្ចការពារព្រំដែន ការគ្រប់គ្រងជនអន្តោប្រវេសន៍ និងការរក្សាអធិបតេយ្យជាតិខ្មែរ ប៉ុន្តែលោកនឹងមិនគាំទ្រដាច់ខាតនូវទង្វើប្រជាភិថុតិក្នុងរឿងនេះ៕
© 2024, . All rights reserved.