ក្រសួងការពារជាតិ ព្រមានសាជាថ្មីថា មិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់យានយន្តពាក់ផ្លាកលេខសម្គាល់ខេមរភូមិន្ទ ឬ ខ.ម ជាដាច់ខាត គឺមានតែនាយទាហានដែលមានសិទ្ធិពេញលេញប៉ុណ្ណោះ អាចប្រើប្រាស់បាន។
យោងតាមសេចក្ដីជូនដំណឹងពីអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ដែលទើបតែចេញផ្សាយជាសាធារណៈនៅថ្ងៃទី២ កញ្ញា នេះបានឱ្យដឹងថា ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងសង្កេតឃើញកើតមាននូវបាតុភាពមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សង្គមសាធារណៈ ដូចជា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជាដើម។
ក្រសួងការពារជាតិ បានកត់សម្គាល់ថា កន្លងមក បុគ្គលអ្នកប្រើប្រាស់មួយចំនួនមានភាពក្រអឺតក្រទមមិនសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល។
ក្រសួងការពារជាតិ បានបញ្ជាក់ថា អ្នកប្រើប្រាស់ត្រូវតែជានាយទាហានដែលមានសិទ្ធិពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់ឡើយ។
ប្រភពដដែលបានអះអាងថា ចំពោះក្រុមហ៊ុនសហការវិនិយោគវិស័យការពារជាតិនានា ការប្រើប្រាស់យានយន្តពាក់ផ្លាកលេខ ខេមរភូមិន្ទ ក៏ត្រូវអនុវត្តស្របតាមការកំណត់នេះដូចគ្នា។ បណ្តាស្ថាប័ន កងឯកភាពចំណុះក្រសួង អគ្គបញ្ជាការដ្ឋាន និងគ្រប់បណ្តាប្រភេទទ័ពជំនាញទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត។ ករណីដែលអនុវត្តការប្រើប្រាស់ផ្ទុយខុសពីនេះ ក្រសួងការពារជាតិ នឹងចាត់វិធានការច្បាប់។
យោងតាមអនុក្រឹត្យលេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ គឺអ្នកប្រើប្រាស់ត្រូវតែជានាយទាហានដែលមានសិទ្ធិពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ។
អតីតអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានលើកឡើងថា រថយន្តផ្លាកលេខ ខ.ម គឺប្រើប្រាស់បានតែមន្ត្រីកងយោធពលខេមរភូមិន្ទ និងស្ថាប័នពាក់ព័ន្ធដែលមានការអនុញ្ញាតពីក្រសួងការពារជាតិ សម្រាប់បំពេញបេសកកម្ម និងកិច្ចការងារក្រសួង និងស្ថាប័នពាក់ព័ន្ធតែប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា រថយន្តផ្លាកលេខប្រភេទនេះមិនត្រូវអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់នោះទេ ព្រោះបើជនទាំងនោះប្រើប្រាស់បង្កគ្រោះថ្នាក់ចរាចរណ៍ ឬប្រព្រឹត្តបទល្មើសអ្វីមួយ គឺប៉ះពាល់កិត្តិយសដល់កងយោធពលខេមរភូមិន្ទ ឬការប្រើប្រាស់ផ្លាករថយន្តប្រភេទនេះដោយសេរី ក៏បង្កការរិះគន់នាំឱ្យប៉ះពាល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទដែរ។
ប្រភពដដែលបានឲ្យដឹងបន្ថែមទៀតថា ក្រសួងការពារជាតិគួរចាត់វិធានការលើការប្រើប្រាស់ផ្លាករថយន្តខេមរភូមិន្ទឱ្យបានត្រឹមត្រូវ ចៀសវាងការប្រើប្រាស់ និងការរិះគន់ធ្វើឱ្យប៉ះពាល់ដល់កងយោធពលខេមរភូមិន្ទ៕